គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

កិច្ចការ 15:1-13 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. មាន​មនុស្ស​ខ្លះ​ចុះ​ពី​ស្រុក​យូដា មក​បង្រៀន​ដល់​ពួក​ជំនុំ​ថា បើ​មិន​បាន​កាត់​ស្បែក តាម​ទំលាប់​របស់​លោក​ម៉ូសេ នោះ​ពុំ​អាច​នឹង​បាន​សង្គ្រោះ​ឡើយ

2. ដូច្នេះ កាល​ប៉ុល និង​បា‌ណា‌បាស​បាន​ជជែក​នឹង​គេ ហើយ​មាន​សេចក្ដី​ដេញ​ដោល​គ្នា​ជា​ខ្លាំង​រួច​ហើយ នោះ​ពួក​ជំនុំ​បាន​ដំរូវ​ឲ្យ​ប៉ុល និង​បា‌ណា‌បាស ព្រម​ទាំង​អ្នក​ខ្លះ​ទៀត​ក្នុង​ពួក​គេ ឡើង​ទៅ​ឯ​ពួក​សាវក និង​ពួក​ចាស់‌ទុំ នៅ​ក្រុង​យេរូ‌សាឡិម ដើម្បី​នឹង​សួរ​បញ្ជាក់​ពី​ដំណើរ​នោះ

3. ដូច្នេះ ពួក​ជំនុំ​ក៏​ចេញ ជូន​ដំណើរ​អ្នក​ទាំង​នោះ​ទៅ រួច​គេ​ដើរ​កាត់​ស្រុក​ភេនីស និង​ស្រុក​សាម៉ារី ទាំង​ថ្លែង​ប្រាប់​ពី​រឿង​ដែល​សាសន៍​ដទៃ​បាន​ប្រែ​ចិត្ត​ជឿ គេ​ក៏​នាំ​ឲ្យ​ពួក​ជំនុំ​ទាំង​អស់​មាន​សេចក្ដី​អំណរ​ជា​ខ្លាំង

4. លុះ​ដល់​ក្រុង​យេរូ‌សាឡិម​ហើយ នោះ​ពួក​ជំនុំ ពួក​សាវក និង​ពួក​ចាស់‌ទុំ​ក៏​រាក់​ទាក់​ទទួល​គេ រួច​គេ​ថ្លែង​ប្រាប់​ពី​គ្រប់​ការ​ទាំង​អស់ ដែល​ព្រះ​បាន​ធ្វើ​ដោយ‌សារ​ខ្លួន

5. នោះ​មាន​អ្នក​ខ្លះ​ក្នុង​ពួក​ផារិ‌ស៊ី​ដែល​ជឿ គេ​ឈរ​ឡើង​និយាយ​ថា ត្រូវ​តែ​កាត់​ស្បែក​ឲ្យ​ពួក​សាសន៍​ដទៃ​នោះ ហើយ​បង្គាប់​ឲ្យ​កាន់​តាម​ក្រឹត្យ‌វិន័យ​របស់​លោក​ម៉ូសេ​ដែរ។

6. ពួក​សាវក និង​ពួក​ចាស់‌ទុំ ក៏​ប្រជុំ​គ្នា​ប្រឹក្សា​ពី​ដំណើរ​នោះ

7. លុះ​បាន​ជជែក​គ្នា​ជា​យូរ​ទៅ នោះ​ពេត្រុស​ក្រោក​ឡើង​និយាយ​ថា បង​ប្អូន​អើយ អ្នក​រាល់​គ្នា​ដឹង​ហើយ​ថា កាល​ពី​ដើម ព្រះ​បាន​រើស​ក្នុង​ពួក​យើង​រាល់​គ្នា ដើម្បី​ឲ្យ​ពួក​សាសន៍​ដទៃ​បាន​ឮ​ព្រះ‌បន្ទូល​នៃ​ដំណឹង​ល្អ ហើយ​ឲ្យ​បាន​ជឿ​ដោយ‌សារ​មាត់​ខ្ញុំ

8. នោះ​ព្រះ​ដ៏​ជ្រាប​នូវ​ចិត្ត​មនុស្ស​ទាំង‌ឡាយ ទ្រង់​បាន​ធ្វើ​បន្ទាល់​ពី​គេ ដោយ​ទ្រង់ ប្រទាន​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​ដល់​គេ ដូច​ជា​ដល់​យើង​រាល់​គ្នា​ដែរ

9. ទ្រង់​មិន​បាន​រាប់​ពួក​យើង និង​ពួក​គេ ខុស​ពី​គ្នា​ទេ គឺ​បាន​សំអាត​ចិត្ត​គេ ដោយ‌សារ​សេចក្ដី​ជំនឿ​ជឿ​ដែរ

10. ចុះ​ហេតុ​អ្វី​បាន​ជា​ល្បង​ព្រះនៅ​ក​ពួក​សិស្ស​ដូច្នេះ ដែល​ទោះ​ទាំង​ពួក​ឰយុកោ​យើង ឬ​យើង​រាល់​គ្នា​ក៏​ពុំ​អាច​នឹង​ទ្រ‌ទ្រាំ​បាន​ផង

11. យើង​ជឿ​ថា បាន​សង្គ្រោះ​ដោយ​ព្រះ‌គុណ​នៃ​ព្រះ‌អម្ចាស់​យេស៊ូវ ដូច​ជា​គេ​ដែរ

12. ឯ​ពួក​ជំនុំ​ទាំង​អស់​គ្នា ក៏​នៅ​ស្ងៀម​ស្តាប់​បា‌ណា‌បាស និង​ប៉ុល ដែល​គេ​រ៉ាយ​រឿង​ប្រាប់​ពី​ទី​សំគាល់ និង​ការ​អស្ចារ្យ​ទាំង​ប៉ុន្មាន ដែល​ព្រះ​បាន​ធ្វើ​ក្នុង​ពួក​សាសន៍​ដទៃ ដោយ‌សារ​ខ្លួន

13. កាល​ឈប់​អធិប្បាយ​ហើយ នោះ​យ៉ាកុប​ឆ្លើយ​ឡើង​ថា អ្នក​រាល់​គ្នា​ជា​បង​ប្អូន​អើយ សូម​ស្តាប់​ខ្ញុំ​សិន

សូមអានជំពូកពេញលេញ កិច្ចការ 15