គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

កិច្ចការ 14:16-28 ព្រះគម្ពីរបរិសុទ្ធ (KHOV)

16. ក្នុង​កាល​ជំនាន់​មនុស្ស​ពី​បុរាណ នោះ​ទ្រង់​បាន​អនុញ្ញាត​ឲ្យ​គ្រប់​ទាំង​សាសន៍ ដើរ​តាម​ផ្លូវ​របស់​គេ​រៀង​ខ្លួន

17. ប៉ុន្តែ ទ្រង់​មិន​ដែល​លែង​មាន​ទី​បន្ទាល់ ពី​ព្រះ‌អង្គ​ទ្រង់​ទេ ដោយ​ទ្រង់​តែង​តែ​ផ្សាយ​ព្រះ‌គុណ​មក គឺ​ទ្រង់​ប្រោស​ប្រទាន​ឲ្យ​ភ្លៀង​ធ្លាក់​ចុះ​ពី​លើ​មេឃ ឲ្យ​មាន​រដូវ​ដ៏​សំបូរ ដើម្បី​នឹង​បំពេញ​ចិត្ត​យើង ដោយ​អាហារ និង​សេចក្ដី​អំណរ

18. តែ​ដែល​គាត់​អធិប្បាយ​សេចក្ដី​ទាំង​នោះ​ដល់​គេ នោះ​ឃាត់​គេ មិន​ឲ្យ​ថ្វាយ​យញ្ញ‌បូជា​ដល់​ខ្លួន​សឹង​តែ​មិន​បាន​ផង។

19. មាន​ពួក​សាសន៍​យូដា​ខ្លះ មក​ពី​អាន់‌ទី‌យ៉ូក និង​អ៊ីកូនាម គេ​បញ្ចុះ​បញ្ចូល​ហ្វូង​មនុស្ស ឲ្យ​ចោល​ប៉ុល​នឹង​ថ្ម រួច​គេ​អូស​គាត់​ចេញ​ទៅ​ក្រៅ​ទុក​ចោល ដោយ​ស្មាន​ថា បាន​ស្លាប់​ហើយ

20. ប៉ុន្តែ ពួក​សិស្ស​មក​ចោម​ព័ទ្ធ​គាត់ រួច​គាត់​ក្រោក​ឡើង​ចូល​ទៅ​ក្នុង​ទី​ក្រុង​វិញ ហើយ​ដល់​ថ្ងៃ​ស្អែក គាត់​នឹង​បា‌ណា‌បាស ក៏​ចេញ​ទៅ​ឯ​ឌើបេ។

21. ក្រោយ​ដែល​ប្រកាស​ប្រាប់​ដំណឹង​ល្អ ហើយ​បាន​សិស្ស​ជា​ច្រើន​នៅ​ក្រុង​នោះ នោះ​ក៏​ត្រឡប់​ទៅ​ឯ​លីស្ត្រា អ៊ីកូនាម និង​អាន់‌ទី‌យ៉ូក​វិញ

22. ព្រម​ទាំង​ចំរើន​កំឡាំង​ដល់​ពួក​សិស្ស ឲ្យ​មាន​ចិត្ត​រឹង‌ប៉ឹង​ឡើង ហើយ​ទូន្មាន​ឲ្យ​នៅ​ស្ថិត‌ស្ថេរ​ក្នុង​សេចក្ដី​ជំនឿ ដោយ​ពាក្យ​ថា ត្រូវ​តែ​ទ្រាំ​រង​ទុក្ខ​វេទនា​ជា​ច្រើន ទើប​នឹង​ចូល​ទៅ​ក្នុង​នគរ​ព្រះ​បាន

23. កាល​បាន​រើស​ពួក​ចាស់‌ទុំ​តាំង​ឡើង​ក្នុង​គ្រប់​ទាំង​ពួក​ជំនុំ ហើយ​អធិស្ឋាន​ទាំង​តម នោះ​ក៏​ប្រគល់​គេ​ទុក​នឹង​ព្រះ‌អម្ចាស់ ដែល​គេ​បាន​ជឿ​ដល់​ទ្រង់​ហើយ

24. រួច​នាំ​គ្នា​ដើរ​កាត់​ស្រុក​ពីស៊ីឌា​ទៅ រហូត​ដល់​ស្រុក​ប៉ាម‌ភីលា

25. ក្រោយ​ដែល​អធិប្បាយ​តាម​ព្រះ‌បន្ទូល នៅ​ក្រុង​ពើកា​រួច​ហើយ នោះ​ក៏​ចុះ​ទៅ​ឯ​អាតាលា

26. ក៏​ចុះ​សំពៅ​ពី​ទី​នោះ ត្រឡប់​ទៅ​ឯ​អាន់‌ទី‌យ៉ូក​វិញ ជា​កន្លែង​ដែល​គេ​បាន​ទុក​ដាក់​អ្នក​ទាំង​២ ក្នុង​ព្រះ‌គុណ​នៃ​ព្រះ សំរាប់​ការ​ដែល​ទើប​នឹង​ធ្វើ​សំរេច

27. លុះ​ដល់​ហើយ ក៏​ប្រមូល​ពួក​ជំនុំ​មក ថ្លែង​ប្រាប់​ពី​ការ​ដែល​ព្រះ​បាន​ធ្វើ​ដោយ‌សារ​ខ្លួន ហើយ​ពី​ទ្រង់​បាន​បើក​ទ្វារ​នៃ​សេចក្ដី​ជំនឿ​ដល់​សាសន៍​ដទៃ​ដែរ

28. រួច​ក៏​នៅ​ទី​នោះ​ជា​មួយ​នឹង​ពួក​សិស្ស​ជា​យូរ​ក្រែល។

សូមអានជំពូកពេញលេញ កិច្ចការ 14