គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

កិច្ចការ 13:38-48 ព្រះគម្ពីរបរិសុទ្ធ (KHOV)

38. ដូច្នេះ អ្នក​រាល់​គ្នា ជា​បង​ប្អូន​អើយ សូម​ជ្រាប​ថា ដែល​មាន​សេចក្ដី​ប្រោស​ឲ្យ​រួច​ពី​បាប បាន​ប្រកាស​ប្រាប់​ដល់​អ្នក​រាល់​គ្នា នោះ​គឺ​ដោយ‌សារ​ព្រះ‌អង្គ​នោះ​ឯង

39. មួយ​ទៀត ដោយ‌សារ​ទ្រង់ អស់​អ្នក​ណា​ដែល​ជឿ បាន​រាប់​ជា​សុចរិត រួច​ពី​គ្រប់​ការ​ទាំង​អស់ ដែល​ពុំ​អាច​នឹង​បាន​រាប់​ជា​សុចរិត ដោយ‌សារ​ក្រឹត្យ‌វិន័យ​លោក​ម៉ូសេ​បាន​ឡើយ

40. ដូច្នេះ ត្រូវ​ប្រយ័ត្ន ក្រែង​អ្នក​រាល់​គ្នា​កើត​មាន​សេចក្ដី ដែល​ពួក​ហោរា​បាន​ទាយ​ទុក​ថា

41. «នែ អស់​អ្នក​ដែល​មើល‌ងាយ​អើយ ចូរ​ភាំង​ឆ្ងល់ ហើយ​វិនាស​ទៅ​ចុះ ដ្បិត​អញ​ធ្វើ​ការ​១​នៅ​ជំនាន់​ឯង​រាល់​គ្នា គឺ​ជា​ការ​ដែល​ឯង​រាល់​គ្នា​មិន​ព្រម​ជឿ​ឡើយ ទោះ​បើ​មាន​គេ​ប្រាប់​មក​ឯង​រាល់​គ្នា​ក៏​ដោយ»។

42. កាល​ពួក​សាសន៍​យូដា បាន​ចេញ​ពី​សាលា​ប្រជុំ​ទៅ​ហើយ នោះ​ពួក​សាសន៍​ដទៃ ក៏​សូម​ឲ្យ​ប៉ុល​អធិប្បាយ តាម​សេចក្ដី​ទាំង​នោះ នៅ​ថ្ងៃ​ឈប់​សំរាក​មួយ​ក្រោយ​ទៀត

43. កាល​ពួក​អ្នក​ប្រជុំ​នោះ​បាន​បែក​ចេញ​ពី​គ្នា​ទៅ នោះ​មាន​ពួក​សាសន៍​យូដា និង​ពួក​ចូល​សាសន៍​ជា​ច្រើន ដែល​មក​ថ្វាយ‌បង្គំ គេ​ដើរ​តាម​ប៉ុល និង​បា‌ណា‌បាស ដែល​ទូន្មាន​ឲ្យ​គេ​កាន់​ខ្ជាប់​ក្នុង​ព្រះ‌គុណ​នៃ​ព្រះ។

44. ដល់​ថ្ងៃ​ឈប់​សំរាក​ក្រោយ នោះ​ពួក​អ្នក​ក្រុង​ស្ទើរ​តែ​ទាំង​អស់ ក៏​មក​ប្រជុំ​គ្នា ដើម្បី​នឹង​ស្តាប់​ព្រះ‌បន្ទូល

45. តែ​កាល​ពួក​សាសន៍​យូដា​បាន​ឃើញ​មនុស្ស​ទាំង​ហ្វូង​ដូច្នេះ នោះ​កើត​មាន​ចិត្ត​ពេញ​ដោយ​សេចក្ដី​ច្រណែន ហើយ​ក៏​ឆ្លើយ​ទទឹង​ទាស់​នឹង​សេចក្ដី ដែល​ប៉ុល​អធិប្បាយ​នោះ ទាំង​ជំនះ ហើយ​ប្រមាថ​ផង

46. ប៉ុន្តែ ប៉ុល និង​បា‌ណា‌បាស​និយាយ​ដោយ​ក្លាហាន​ថា មុខ​គួរ​ឲ្យ​យើង​ខ្ញុំ​ថ្លែង​ប្រាប់​ព្រះ‌បន្ទូល ដល់​អ្នក​រាល់​គ្នា​ជា​មុន​ដំបូង ប៉ុន្តែ ដោយ​ព្រោះ​អ្នក​រាល់​គ្នា​បោះ​បង់​ចោល​ព្រះ‌បន្ទូល​នោះ ហើយ​ជំនុំ‌ជំរះ​កាត់​ទោស​ដល់​ខ្លួន​ឯង​ថា មិន​គួរ​នឹង​ទទួល​បាន​ជីវិត​ដ៏​នៅ​អស់​កល្ប‌ជានិច្ច​នោះ​ទេ ហេតុ​ដូច្នេះ​បាន​ជា​យើង​ខ្ញុំ​បែរ​ទៅ​ឯ​ពួក​សាសន៍​ដទៃ​វិញ

47. ដ្បិត​ព្រះ‌អម្ចាស់ ទ្រង់​បាន​បង្គាប់​មក​យើង​ខ្ញុំ​ដូច្នេះ​ថា «អញ​បាន​តាំង​ឯង​សំរាប់​ជា​ពន្លឺ​ដល់​សាសន៍​ដទៃ ដើម្បី​ឲ្យ​ឯង​បាន​សំរាប់​ជា​សេចក្ដី​សង្គ្រោះ​ដល់​ចុង​ផែនដី​បំផុត»។

48. កាល​ពួក​សាសន៍​ដទៃ​បាន​ឮ​ដូច្នេះ នោះ​គេ​មាន​សេចក្ដី​អំណរ ហើយ​ក៏​សរសើរ​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់ ចំណែក​អស់​អ្នក​ដែល​ត្រូវ​បាន​ជីវិត​អស់​កល្ប‌ជានិច្ច នោះ​ក៏​បាន​ជឿ

សូមអានជំពូកពេញលេញ កិច្ចការ 13