គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

កិច្ចការ 12:12-23 ព្រះគម្ពីរបរិសុទ្ធ (KHOV)

12. លុះ​គាត់​ពិចារណា​ហើយ នោះ​ក៏​ទៅ​ឯ​ផ្ទះ​ម៉ារា ជា​ម្តាយ​យ៉ូហាន-ម៉ាកុស ជា​កន្លែង​ដែល​មនុស្ស​ជា​ច្រើន​បាន​ប្រជុំ​គ្នា​អធិស្ឋាន

13. គាត់​ក៏​គោះ​ទ្វារ​មុខ នោះ​មាន​ស្រី​បំរើ​ម្នាក់ ឈ្មោះ​រ៉ូដា មក​ផ្ទៀង​ស្តាប់

14. លុះ​ស្គាល់​សំឡេង​ពេត្រុស​ហើយ នោះ​នាង​មាន​សេចក្ដី​អំណរ​ដ៏​ពន្លឹក ដល់​ម៉្លេះ​បាន​ជា​ភ្លេច​ទាំង​បើក​ទ្វារ រត់​ចូល​ទៅ​ប្រាប់​គេ​វិញ​ថា លោក​ពេត្រុស​ឈរ​នៅ​មាត់​ទ្វារ

15. តែ​គេ​ស្តី​ថា ឯង​វង្វេង​ហើយ តែ​នាង​នៅ​តែ​ថា ប្រាកដ​មែនៗ រួច​គេ​ថា​ជា​ទេវតា​របស់​គាត់​ទេ

16. ឯ​ពេត្រុស គាត់​ចេះ​តែ​គោះ​ទ្វារ​ថែម កាល​គេ​បាន​បើក​ទ្វារ​ឃើញ នោះ​គេ​មាន​សេចក្ដី​ស្រឡាំង​កាំង

17. តែ​គាត់​ធ្វើ​គ្រឿង​សំគាល់​នឹង​ដៃ ឲ្យ​គេ​ស្ងៀម​ទៅ រួច​ក៏​រ៉ាយ​រឿង​ប្រាប់​គេ ពី​ដំណើរ​ដែល​ព្រះ‌អម្ចាស់​បាន​នាំ​គាត់​ចេញ​ពី​គុក​ជា​យ៉ាង​ណា ហើយ​គាត់​ផ្តាំ​គេ​ថា សូម​ប្រាប់​រឿង​នេះ​ដល់​យ៉ាកុប និង​ពួក​បង​ប្អូន​ឲ្យ​ដឹង​ផង នោះ​គាត់​ចេញ​ទៅ​ឯ​កន្លែង​១​ទៀត​ទៅ។

18. លុះ​ភ្លឺ​ឡើង ក៏​កើត​មាន​វឹកវរ​ជា​ធំ នៅ​ក្នុង​ពួក​កង​ទាហាន ពី​ដំណើរ​ពេត្រុស ដែល​ទៅ​ឯ​ណា​បាត់

19. កាល​ស្តេច​ហេរ៉ូឌ​បាន​រក​គាត់​មិន​ឃើញ នោះ​ក៏​ពិចារណា​សួរ​ពួក​អ្នក​យាម​ល្បាត ហើយ​បង្គាប់​ឲ្យ​នាំ​គេ​ទៅ​សំឡាប់​បង់ រួច​ស្តេច​ក៏​យាង​ចុះ​ពី​ស្រុក​យូដា ទៅ​ឯ​សេសារា គង់​នៅ​ទី​នោះ។

20. រីឯ​ស្តេច​ហេរ៉ូឌ ទ្រង់​មាន​ព្រះ‌ទ័យ​ចង​គំនុំ​នឹង​ពួក​អ្នក​នៅ​ស្រុក​ទីរ៉ុស និង​ស៊ីដូន​ជា​ខ្លាំង តែ​គេ​ស្រុះ​ចិត្ត​គ្នា​នឹង​មក​គាល់​ស្តេច លុះ​បាន​បញ្ចុះ​បញ្ចូល​ប្លាសតុស ជា​មន្ត្រី​សេវកាមាត្យ​របស់​ស្តេច​ហើយ នោះ​ក៏​សូម​ចង​ជា​ស្ពាន​មេត្រី​វិញ ពី​ព្រោះ​គេ​តែង​តែ​បាន​ស្បៀង​អាហារ ពី​ស្រុក​ស្តេច​មក

21. លុះ​ដល់​ថ្ងៃ​កំណត់ ស្តេច​ហេរ៉ូឌ​ទ្រង់​ព្រះ‌ពស្ត្រា‌រាជ្យ កំពុង​តែ​គង់​នៅ​លើ​បល្ល័ង្ក អធិប្បាយ​ឲ្យ​គេ​ស្តាប់

22. ហើយ​រាស្ត្រ​គ្រប់​គ្នា​ចេះ​តែ​បន្លឺ​វាចា​ថា នេះ​ជា​សំឡេង​ព្រះ​ទេ​វ៉ឺយ មិន​មែន​ជា​សំឡេង​មនុស្ស​ទេ

23. នោះ​ស្រាប់​តែ​ទេវតា​នៃ​ព្រះ‌អម្ចាស់​ប្រហារ​ស្តេច ឲ្យ​សុគត​ទៅ​ដោយ​ដង្កូវ​ចុះ ពី​ព្រោះ​ស្តេច​មិន​បាន​ផ្ទេរ​សេចក្ដី​សរសើរ​នោះ ថ្វាយ​ដល់​ព្រះ​វិញ។

សូមអានជំពូកពេញលេញ កិច្ចការ 12