គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

កិច្ចការ 10:7-25 ព្រះគម្ពីរបរិសុទ្ធ (KHOV)

7. កាល​ទេវតា ដែល​និយាយ​មក​លោក បាន​ចេញ​ទៅ​បាត់​ហើយ នោះ​លោក​ហៅ​អ្នក​បំរើ​២​នាក់ និង​ទាហាន​ម្នាក់ ដែល​កោត‌ខ្លាច​ដល់​ព្រះ ពី​ពួក​មនុស្ស​ដែល​តែង​តែ​បំរើ​លោក​ឲ្យ​មក

8. រួច​ប្រាប់​រឿង‌រ៉ាវ​សព្វ​គ្រប់ ហើយ​ប្រើ​ឲ្យ​ទៅ​ឯ​យ៉ុបប៉េ។

9. ដល់​ស្អែក​ឡើង​កំពុង​ដែល​ពួក​អ្នក​ទាំង​នោះ​ដើរ​ទៅ​ជិត​ដល់​ទី​ក្រុង​ហើយ នោះ​ពេត្រុស​ក៏​ឡើង​ទៅ​លើ​ដំបូល​ផ្ទះ ដើម្បី​នឹង​អធិស្ឋាន ក្នុង​ពេល​ប្រហែល​ជា​ថ្ងៃ​ត្រង់​ហើយ

10. គាត់​នឹក​ឃ្លាន​ជា​ខ្លាំង ចង់​បរិភោគ តែ​កំពុង​ដែល​គេ​ចាត់‌ចែង​ឲ្យ នោះ​គាត់​លង់​ស្មារតី​ទៅ

11. គាត់​ឃើញ​មេឃ​ចំហ ហើយ​មាន​ប្រដាប់ ដូច​ជា​សំពត់​កំរាល​យ៉ាង​ធំ បាន​ចុះ​មក ចង​ទាំង​៤​ជ្រុង សំរូត​មក​ដល់​ដី

12. នៅ​ក្នុង​សំពត់​នោះ មាន​សត្វ​ជើង​៤ សត្វ​ព្រៃ សត្វ​លូន​វារ​គ្រប់​មុខ ដែល​នៅ​លើ​ដី និង​សត្វ​ហើរ​លើ​អាកាស​ដែរ

13. ក៏​ឮ​សំឡេង​មាន​ព្រះ‌បន្ទូល​មក​ថា ពេត្រុស​អើយ ចូរ​ក្រោក​ឡើង​សំឡាប់ ហើយ​បរិភោគ​ទៅ

14. តែ​ពេត្រុស​ប្រកែក​ថា ទេ ព្រះ‌អម្ចាស់ ដ្បិត​ទូល‌បង្គំ​មិន​ដែល​ទទួល​ទាន​អ្វី ដែល​មិន​ស្អាត​មិន​បរិសុទ្ធ​នោះ​សោះ

15. រួច​ឮ​សំឡេង​នោះ​មក​ម្តង​ទៀត​ថា របស់​អ្វី​ដែល​ព្រះ​បាន​សំអាត​ហើយ នោះ​កុំ​ឲ្យ​អ្នក​រាប់​ថា​ជា​មិន​ស្អាត​ឡើយ

16. ការ​នោះ​មាន​មក​គ្រប់​៣​ដង រួច​បាន​លើក​ប្រដាប់​នោះ ឡើង​ទៅ​លើ​មេឃ​វិញ។

17. កំពុង​ដែល​ពេត្រុស​នៅ​ងោង​ក្នុង​ខ្លួន ពី​ន័យ​ការ​ជាក់​ស្តែង ដែល​បាន​ឃើញ​នោះ​នៅ​ឡើយ នោះ​មនុស្ស​៣​នាក់ ដែល​កូនេ‌លាស​ចាត់​ឲ្យ​មក បាន​សួរ​រក​ផ្ទះ​ស៊ីម៉ូន ក៏​ឈរ​នៅ​មាត់​ទ្វារ​ហើយ

18. គេ​កំពុង​តែ​ហៅ​សួរ បើ​មាន​ឈ្មោះ​ស៊ីម៉ូន ដែល​ហៅ​ថា ពេត្រុស នៅ​ផ្ទះ​នោះ​ឬ​ទេ

19. ដូច្នេះ កំពុង​ដែល​ពេត្រុស​គិត​រំពឹង​ពី​ការ​ជាក់​ស្តែង នោះ​ព្រះ‌វិញ្ញាណ​មាន​ព្រះ‌បន្ទូល​មក​គាត់​ថា មើល មាន​មនុស្ស​៣​នាក់​មក​រក​អ្នក

20. ចូរ​ក្រោក​ឡើង​ចុះ​ទៅ ហើយ​ទៅ​ជា​មួយ​នឹង​គេ​ចុះ កុំ​ប្រកាន់​ឡើយ ពី​ព្រោះ​គឺ​ខ្ញុំ​ហើយ ដែល​ចាត់​ឲ្យ​គេ​មក

21. ដូច្នេះ ពេត្រុស​ក៏​ចុះ​ទៅ​ទទួល​គេ ដោយ​ពាក្យ​ថា គឺ​ខ្ញុំ​នេះ​ហើយ ដែល​អ្នក​រាល់​គ្នា​រក តើ​មាន​ការ​អ្វី

22. គេ​ឆ្លើយ​ឡើង​ថា លោក​មេ​ទ័ព​កូនេ‌លាស ដែល​ជា​មនុស្ស​សុចរិត ហើយ​កោត‌ខ្លាច​ដល់​ព្រះ មាន​សាសន៍​យូដា​ទាំង​អស់​ធ្វើ​បន្ទាល់​ល្អ​ឲ្យ លោក​បាន​ទទួល​បង្គាប់​នៃ​ព្រះ ដោយ‌សារ​ទេវតា​បរិសុទ្ធ ឲ្យ​ចាត់​មក​អញ្ជើញ​លោក​គ្រូ​ទៅ​ឯ​ផ្ទះ​លោក ដើម្បី​នឹង​បាន​ស្តាប់​លោក​គ្រូ​អធិប្បាយ​ខ្លះ

23. ដូច្នេះ ពេត្រុស​ក៏​អញ្ជើញ​គេ​ចូល​មក​ស្នាក់​នៅ​សិន លុះ​ដល់​ស្អែក គាត់​ក្រោក​ឡើង ទៅ​ជា​មួយ​នឹង​គេ ហើយ​មាន​ពួក​បង​ប្អូន​ខ្លះ ដែល​នៅ​យ៉ុបប៉េ ក៏​ទៅ​ជា​មួយ​ដែរ

24. ដល់​ស្អែក​ឡើង គេ​ចូល​ទៅ​ក្នុង​សេសារា ឯ​កូនេ‌លាស​ក៏​ទន្ទឹង​មើល​ផ្លូវ​គេ បាន​ទាំង​ប្រមូល​ញាតិ​សន្តាន និង​សំឡាញ់​ស្និទ្ធ‌ស្នាល​របស់​លោក​មក​ផង។

25. កាល​ពេត្រុស​កំពុង​តែ​ចូល​ទៅ កូនេ‌លាស​ក៏​មក​រាក់​ទាក់​ទទួល ដោយ​ក្រាប​ថ្វាយ‌បង្គំ​នៅ​ទៀប​ជើង​គាត់

សូមអានជំពូកពេញលេញ កិច្ចការ 10