គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

កិច្ចការ 10:33-42 ព្រះគម្ពីរបរិសុទ្ធ (KHOV)

33. ដូច្នេះ ខ្ញុំ​បាន​ចាត់​គេ​ឲ្យ​ទៅ​ឯ​លោក​ភ្លាម ដែល​លោក​អញ្ជើញ​មក​នេះ​ក៏​ល្អ​ហើយ ឥឡូវ​នេះ យើង​ទាំង​អស់​នៅ​ចំពោះ​ព្រះ ដើម្បី​នឹង​ស្តាប់​គ្រប់​ទាំង​សេចក្ដី ដែល​ព្រះ​បាន​បង្គាប់​មក​លោក។

34. ពេត្រុស​ក៏​បើក​មាត់​និយាយ​ថា ប្រាកដ​មែន ខ្ញុំ​យល់​ឃើញ​ថា ព្រះ​មិន​រើស​មុខ​អ្នក​ណា​ទេ

35. គឺ​នៅ​ក្នុង​គ្រប់​ទាំង​សាសន៍ អស់​អ្នក​ណា​ដែល​កោត‌ខ្លាច​ដល់​ទ្រង់ ព្រម​ទាំង​ប្រព្រឹត្ត​សេចក្ដី​សុចរិត នោះ​គាប់​ដល់​ព្រះ‌ហឫ‌ទ័យ​ទ្រង់​ដែរ

36. ឯ​ព្រះ‌បន្ទូល ដែល​ទ្រង់​បាន​ផ្សាយ​មក​ដល់​ពួក​ជន‌ជាតិ​អ៊ីស្រា‌អែល ដោយ​ប្រកាស​ប្រាប់​ដំណឹង​ល្អ ជា​សេចក្ដី​មេត្រី ដែល​មក​ដោយ‌សារ​ព្រះ‌យេស៊ូវ​គ្រីស្ទ ដ៏​ជា​ព្រះ‌អម្ចាស់​លើ​ទាំង​អស់

37. នោះ​អ្នក​រាល់​គ្នា​ដឹង​ស្រាប់​ហើយ គឺ​ជា​រឿង​ដែល​បាន​ថ្លែង​ប្រាប់ ចាប់​តាំង​ពី​ស្រុក​កាលី‌ឡេ ក្នុង​គ្រា​ក្រោយ​ដែល​លោក​យ៉ូហាន​បាន​ប្រកាស​ប្រាប់​ពី​បុណ្យ​ជ្រមុជ‌ទឹក ក៏​ផ្សាយ​មក​គ្រប់​ក្នុង​ស្រុក​យូដា​ផង

38. គឺ​ពី​ព្រះ‌យេស៊ូវ ពី​ស្រុក​ណា‌សារ៉ែត ដែល​ព្រះ​បាន​ចាក់​ព្រះ‌វិញ្ញាណ​បរិសុទ្ធ និង​ព្រះ‌ចេស្តា​ឲ្យ​មក​សណ្ឋិត​លើ​ទ្រង់ ហើយ​ទ្រង់​បាន​យាង​ចុះ​ឡើង​ធ្វើ​ការ​ល្អ ព្រម​ទាំង​ប្រោស​ឲ្យ​អស់​អ្នក ដែល​ត្រូវ​អារក្ស​សង្កត់‌សង្កិន​បាន​ជា​ផង ដ្បិត​ព្រះ​បាន​គង់​ជា​មួយ​នឹង​ទ្រង់

39. ឯ​យើង​រាល់​គ្នា ជា​ទី​បន្ទាល់​ពី​អស់​ទាំង​ការ​ដែល​ទ្រង់​ធ្វើ នៅ​ក្នុង​ស្រុក​របស់​ពួក​សាសន៍​យូដា ហើយ​នៅ​ក្រុង​យេរូ‌សាឡិម

40. គេ​បាន​ធ្វើ​គុត​ទ្រង់ ដោយ​ព្យួរ​នៅ​លើ​ឈើ តែ​ព្រះ​បាន​ប្រោស​ឲ្យ​ទ្រង់​រស់​ឡើង​វិញ​នៅ​ថ្ងៃ​ទី​៣ ព្រម​ទាំង​អនុញ្ញាត​ឲ្យ​ទ្រង់​សំដែង​មក​ឲ្យ​ឃើញ​ផង

41. មិន​មែន​ឲ្យ​ប្រជា‌ជន​ទាំង​អស់​ឃើញ​ទេ គឺ​ឲ្យ​ពួក​ស្មរ​បន្ទាល់​ដែល​ព្រះ​បាន​រើស​អំពី​មុន​មក​វិញ គឺ​ជា​ពួក​យើង​រាល់​គ្នា ដែល​បាន​ទទួល​ទាន​ជា​មួយ​នឹង​ទ្រង់ ក្នុង​ពេល​ក្រោយ ដែល​ទ្រង់​មាន​ព្រះ‌ជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ

42. ទ្រង់​ក៏​ផ្តាំ​មក​យើង​រាល់​គ្នា ឲ្យ​ប្រកាស​ប្រាប់​ដល់​បណ្តា‌ជន​ទាំង‌ឡាយ ហើយ​ឲ្យ​ធ្វើ​បន្ទាល់​សព្វ​គ្រប់​ថា គឺ​ព្រះ‌អង្គ​នេះ​ហើយ ដែល​ព្រះ​បាន​តាំង​ឡើង ឲ្យ​ជំនុំ‌ជំរះ​ដល់​ទាំង​មនុស្ស​រស់ និង​មនុស្ស​ស្លាប់​ផង

សូមអានជំពូកពេញលេញ កិច្ចការ 10