គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

កិច្ចការ 10:1-17 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. រីឯ​នៅ​ក្រុង​សេសារា មាន​មនុស្ស​ម្នាក់​ឈ្មោះ​កូនេ‌លាស ជា​មេ​លើ​កង‌ទ័ព ដែល​ហៅ​ថា កង‌ទ័ព​អ៊ីតាលី

2. ជា​អ្នក​គោរព ហើយ​កោត‌ខ្លាច​ដល់​ព្រះ ព្រម​ទាំង​ពួក​គ្រួសារ​របស់​លោក​ទាំង​អស់​ផង លោក​ក៏​ដាក់​ទាន​ជា​ច្រើន​ដល់​ពួក​ជន ហើយ​អំពាវ‌នាវ​ដល់​ព្រះ​ជានិច្ច

3. លោក​បាន​ឃើញ​ការ​ជាក់​ស្តែង​យ៉ាង​ច្បាស់ ប្រហែល​ជា​ម៉ោង​៣​រសៀល គឺ​បាន​ឃើញ​ទេវតា​នៃ​ព្រះ​មក​ឯ​លោក ពោល​ថា កូនេ‌លាស​អើយ

4. លោក​ក៏​សំឡឹង​មើល​ទៅ​ទេវតា​ទាំង​ភ័យ ហើយ​ឆ្លើយ​ថា ព្រះ‌អម្ចាស់​អើយ តើ​មាន​ការ​អ្វី ទេវតា​ប្រាប់​ថា សេចក្ដី​អធិស្ឋាន និង​ការ​ដាក់​ទាន​របស់​អ្នក បាន​ឡើង​ទៅ​ទុក​ជា​សេចក្ដី​រំឭក នៅ​ចំពោះ​ព្រះ​ហើយ

5. ដូច្នេះ ចូរ​អ្នក​ប្រើ​គេ​ឲ្យ​ទៅ​យ៉ុបប៉េ ហៅ​ស៊ីម៉ូន ដែល​មាន​ឈ្មោះ​ថា ពេត្រុស ឲ្យ​មក​ឥឡូវ

6. គាត់​ស្នាក់​នៅ​ផ្ទះ​របស់​ជាង​សំឡាប់​ស្បែក​ម្នាក់ ឈ្មោះ​ស៊ីម៉ូន នៅ​ក្បែរ​មាត់​សមុទ្រ អ្នក​នោះ​នឹង​ប្រាប់​ឲ្យ​អ្នក​ដឹង ពី​ការ​ដែល​អ្នក​ត្រូវ​ធ្វើ​ជា​យ៉ាង​ណា

7. កាល​ទេវតា ដែល​និយាយ​មក​លោក បាន​ចេញ​ទៅ​បាត់​ហើយ នោះ​លោក​ហៅ​អ្នក​បំរើ​២​នាក់ និង​ទាហាន​ម្នាក់ ដែល​កោត‌ខ្លាច​ដល់​ព្រះ ពី​ពួក​មនុស្ស​ដែល​តែង​តែ​បំរើ​លោក​ឲ្យ​មក

8. រួច​ប្រាប់​រឿង‌រ៉ាវ​សព្វ​គ្រប់ ហើយ​ប្រើ​ឲ្យ​ទៅ​ឯ​យ៉ុបប៉េ។

9. ដល់​ស្អែក​ឡើង​កំពុង​ដែល​ពួក​អ្នក​ទាំង​នោះ​ដើរ​ទៅ​ជិត​ដល់​ទី​ក្រុង​ហើយ នោះ​ពេត្រុស​ក៏​ឡើង​ទៅ​លើ​ដំបូល​ផ្ទះ ដើម្បី​នឹង​អធិស្ឋាន ក្នុង​ពេល​ប្រហែល​ជា​ថ្ងៃ​ត្រង់​ហើយ

10. គាត់​នឹក​ឃ្លាន​ជា​ខ្លាំង ចង់​បរិភោគ តែ​កំពុង​ដែល​គេ​ចាត់‌ចែង​ឲ្យ នោះ​គាត់​លង់​ស្មារតី​ទៅ

11. គាត់​ឃើញ​មេឃ​ចំហ ហើយ​មាន​ប្រដាប់ ដូច​ជា​សំពត់​កំរាល​យ៉ាង​ធំ បាន​ចុះ​មក ចង​ទាំង​៤​ជ្រុង សំរូត​មក​ដល់​ដី

12. នៅ​ក្នុង​សំពត់​នោះ មាន​សត្វ​ជើង​៤ សត្វ​ព្រៃ សត្វ​លូន​វារ​គ្រប់​មុខ ដែល​នៅ​លើ​ដី និង​សត្វ​ហើរ​លើ​អាកាស​ដែរ

13. ក៏​ឮ​សំឡេង​មាន​ព្រះ‌បន្ទូល​មក​ថា ពេត្រុស​អើយ ចូរ​ក្រោក​ឡើង​សំឡាប់ ហើយ​បរិភោគ​ទៅ

14. តែ​ពេត្រុស​ប្រកែក​ថា ទេ ព្រះ‌អម្ចាស់ ដ្បិត​ទូល‌បង្គំ​មិន​ដែល​ទទួល​ទាន​អ្វី ដែល​មិន​ស្អាត​មិន​បរិសុទ្ធ​នោះ​សោះ

15. រួច​ឮ​សំឡេង​នោះ​មក​ម្តង​ទៀត​ថា របស់​អ្វី​ដែល​ព្រះ​បាន​សំអាត​ហើយ នោះ​កុំ​ឲ្យ​អ្នក​រាប់​ថា​ជា​មិន​ស្អាត​ឡើយ

16. ការ​នោះ​មាន​មក​គ្រប់​៣​ដង រួច​បាន​លើក​ប្រដាប់​នោះ ឡើង​ទៅ​លើ​មេឃ​វិញ។

17. កំពុង​ដែល​ពេត្រុស​នៅ​ងោង​ក្នុង​ខ្លួន ពី​ន័យ​ការ​ជាក់​ស្តែង ដែល​បាន​ឃើញ​នោះ​នៅ​ឡើយ នោះ​មនុស្ស​៣​នាក់ ដែល​កូនេ‌លាស​ចាត់​ឲ្យ​មក បាន​សួរ​រក​ផ្ទះ​ស៊ីម៉ូន ក៏​ឈរ​នៅ​មាត់​ទ្វារ​ហើយ

សូមអានជំពូកពេញលេញ កិច្ចការ 10