គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

កិច្ចការ 1:14-26 ព្រះគម្ពីរបរិសុទ្ធ (KHOV)

14. ពួក​អ្នក​ទាំង​នេះ​មាន​ចិត្ត​ព្រម​ព្រៀង​គ្នា ដោយ​ព្យាយាម​ក្នុង​សេចក្ដី​អធិស្ឋាន ជា​មួយ​នឹង​ពួក​ស្រីៗ ព្រម​ទាំង​ម៉ារា ជា​មាតា​ព្រះ‌យេស៊ូវ និង​បង​ប្អូន​ទ្រង់​ដែរ។

15. នៅ​គ្រា​នោះ ពេត្រុស​ឈរ​ឡើង​កណ្តាល​ពួក​បង​ប្អូន ដែល​មាន​ឈ្មោះ​ប្រហែល​ជា​១២០​នាក់ ប្រកាស​ថា

16. បង​ប្អូន​រាល់​គ្នា​អើយ បទ​គម្ពីរ​ដែល​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​បាន​ទាយ​ដោយ‌សារ​ព្រះ‌ឱស្ឋ​ហ្លួង​ដាវីឌ ពី​ដំណើរ​យូដាស ជា​អ្នក​ដែល​នាំ​គេ​ទៅ​ចាប់​ព្រះ‌យេស៊ូវ បទ​នោះ​ត្រូវ​តែ​បាន​សំរេច

17. ដ្បិត​វា​បាន​រាប់​ក្នុង​ពួក​យើង​រាល់​គ្នា ហើយ​បាន​ទទួល​១​ចំណែក​ក្នុង​ការ‌ងារ​នេះ​ដែរ

18. (រីឯ​មនុស្ស​នេះ​បាន​ទិញ​ដី​វាល ដោយ‌សារ​រង្វាន់​នៃ​ការ​ទុច្ចរិត​របស់​ខ្លួន​វា ប៉ុន្តែ វា​ដួល​ទៅ​មុខ​ធ្លាយ​ពោះ ហើយ​ពោះ​វៀន​ក៏​ចេញ​ទ្រេល

19. រឿង​នោះ​បាន​ឮ ទៅ​ដល់​មនុស្ស​ទាំង‌ឡាយ ដែល​នៅ​ក្រុង​យេរូ‌សាឡិម បាន​ជា​គេ​ហៅ​វាល​នោះ​តាម​ភាសា​គេ​ថា អាកិល‌ដាម៉ា គឺ​ប្រែ​ថា វាល​ឈាម)

20. ព្រោះ​មាន​សេចក្ដី​ចែង​ទុក​មក ក្នុង​គម្ពីរ​ទំនុក​ដំកើង​ថា «ចូរ​ឲ្យ​ទី​លំនៅ​វា​ត្រូវ​ចោល​ស្ងាត់​ចុះ កុំ​ឲ្យ​មាន​អ្នក​ណា​នៅ​ទី​នោះ​ឡើយ»

21. ដូច្នេះ ក្នុង​ពួក​អ្នក​ដែល​ដើរ​ជា​មួយ​នឹង​យើង គ្រប់​វេលា​ដែល​ព្រះ‌អម្ចាស់​យេស៊ូវ​យាង​ចេញ​ចូល​ក្នុង​ពួក​យើង

22. ចាប់​តាំង​ពី​គ្រា​លោក​យ៉ូហាន​ធ្វើ​បុណ្យ​ជ្រមុជ‌ទឹក​ដរាប​មក​ដល់​ថ្ងៃ ដែល​ព្រះ​បាន​លើក​ទ្រង់​ឡើង ពី​យើង​រាល់​គ្នា​ទៅ នោះ​ត្រូវ​ឲ្យ​មាន​ម្នាក់​ទៀត​ធ្វើ​ជា​ទី​បន្ទាល់ ជា​មួយ​នឹង​យើង ពី​ដំណើរ​ដែល​ទ្រង់​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ

23. ដូច្នេះ គេ​ក៏​ដំរូវ​លើ​រូប​២​នាក់ គឺ​យ៉ូសែប ដែល​ហៅ​ថា បារសាបាស ដែល​មាន​ឈ្មោះ​យូស្ទុស​ផង​នោះ​១ និង​ម៉ាត់ធាស​១

24. រួច​គេ​អធិស្ឋាន​ទូល​ថា ឱ​ព្រះ‌អម្ចាស់ ជា​ព្រះ​ដ៏​ជ្រាប​នូវ​ចិត្ត​មនុស្ស​ទាំង‌ឡាយ​អើយ សូម​បង្ហាញ​ឲ្យ​យើង​ខ្ញុំ​ដឹង​ថា ទ្រង់​រើស​អ្នក​ណា​ក្នុង​បណ្តា​អ្នក​ទាំង​២​នេះ

25. ឲ្យ​បាន​ទទួល​ចំណែក ក្នុង​កិច្ច‌ការ និង​ងារ​ជា​សាវក​នេះ ជំនួស​យូដាស ដែល​បាន​ធ្លាក់​ចេញ​ពី​ងារ​នេះ​ហើយ ដើម្បី​នឹង​ទៅ​ឯ​កន្លែង​របស់​វា

26. នោះ​គេ​ចាប់​ឆ្នោត​ត្រូវ​លើ​រូប​ម៉ាត់ធាស រួច​គេ​ក៏​រាប់​គាត់​បញ្ចូល​ជា​មួយ​នឹង​ពួក​សាវក​ទាំង​១១​នាក់។

សូមអានជំពូកពេញលេញ កិច្ចការ 1