គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

កាឡាទី 5:5-17 ព្រះគម្ពីរបរិសុទ្ធ (KHOV)

5. ដ្បិត​យើង​រាល់​គ្នា​អាង​សេចក្តី​ជំនឿ ដើម្បី​នឹង​រង់‌ចាំ​ដោយ​នូវ​ព្រះ‌វិញ្ញាណ ឲ្យ​បាន​សេចក្តី​សុចរិត​ដែល​យើង​សង្ឃឹម​ចង់​បាន​នោះ

6. ពី​ព្រោះ​ក្នុង​ព្រះ‌គ្រីស្ទ​យេស៊ូវ ដែល​កាត់​ស្បែក​ឬ​មិន​កាត់ នោះ​មិន​ជា​ប្រយោជន៍​អ្វី​ទេ មាន​ប្រយោជន៍​តែ​សេចក្តី​ជំនឿ ដែល​ប្រព្រឹត្ត​ដោយ​សេចក្តី​ស្រឡាញ់​ប៉ុណ្ណោះ

7. អ្នក​រាល់​គ្នា​បាន​រត់​យ៉ាង​ល្អហើយ តើ​អ្នក​ណា​បាន​ឃាត់​មិន​ឲ្យ​ស្តាប់​តាម​សេចក្តី​ពិត​វិញ

8. ការ​បញ្ចុះ‌បញ្ចូល​នេះ​មិន​មែន​មក​ពី​ព្រះ ដែល​ទ្រង់​ហៅ​អ្នក​រាល់​គ្នា​ទេ

9. ដំបែ​តែ​បន្តិច អាច​ធ្វើ​ឲ្យ​ម្សៅ​ទាំង​អស់​ដោរ​ឡើង​បាន

10. ខ្ញុំ​ទុក​ចិត្ត​នឹង​អ្នក​រាល់​គ្នា ដោយ​នូវ​ព្រះ‌អម្ចាស់​ថា អ្នក​រាល់​គ្នា​នឹង​គ្មាន​គំនិត​ណា​ផ្សេង​ទៀត​ឡើយ តែ​អ្នក​ដែល​បំភាន់​អ្នក​រាល់​គ្នា នោះ​នឹង​ត្រូវ​ទោស​វិញ ទោះ​បើ​ជា​អ្នក​ណា​ក៏​ដោយ

11. ប៉ុន្តែ បង​ប្អូន​អើយ បើ​សិន​ជា​ខ្ញុំ​នៅ​តែ​ប្រដៅ​ឲ្យ​គេ​កាត់​ស្បែក នោះ​តើ​ហេតុ​អ្វី​បាន​ជា​គេ​នៅ​តែ​បៀត​បៀន​ដល់​ខ្ញុំ​ទៀត បើ​ប្រដៅ​ដូច្នោះ នោះ​សេចក្តី​បង្អាក់‌បង្អន់ ពី​រឿង​ឈើ​ឆ្កាង ត្រូវ​បាត់​ហើយ

12. បើ​ពួក​អ្នក​ដែល​បំភាន់​អ្នក​រាល់​គ្នា​បាន​កាត់​ខ្លួន​គេ​ចោល​ចេញ នោះ​ខ្ញុំ​ចូល​ចិត្ត​ណាស់។

13. បង​ប្អូន​អើយ ព្រះ​ទ្រង់​បាន​ហៅ​អ្នក​រាល់​គ្នា​មក ឲ្យ​មាន​សេរី‌ភាព តែ​កុំ​ឲ្យ​ប្រើ​សេរី​នោះ ទុក​ជា​ឱកាស​ដល់​សាច់​ឈាម​ឡើយ គឺ​ត្រូវ​បំរើ​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​សេចក្តី​ស្រឡាញ់​វិញ

14. ដ្បិត​ក្រឹត្យ‌វិន័យ​ទាំង​មូល បាន​សំរេច​មក​ក្នុង​ពាក្យ​តែ​១​ម៉ាត់​នេះ​ថា «ចូរ​ឯង​ស្រឡាញ់​អ្នក​ជិត​ខាង ដូច​ខ្លួន​ឯង»

15. បើ​អ្នក​រាល់​គ្នា​ចេះ​តែ​ប្រខាំ ហើយ​ហែក​គ្នា​ស៊ី​ទៅ​វិញ​ទៅ​មក នោះ​ត្រូវ​ប្រយ័ត្ន​ចុះ ក្រែង​លោ​វិនាស​អស់​រលីង​ទៅ។

16. តែ​ខ្ញុំ​ប្រាប់​ថា ចូរ​ដើរ​ក្នុង​ព្រះ‌វិញ្ញាណ នោះ​អ្នក​រាល់​គ្នា​នឹង​មិន​បំពេញ​សេចក្តី​ប៉ង‌ប្រាថ្នា​ខាង​សាច់​ឈាម​ទេ

17. ដ្បិត​សាច់​ឈាម​តែង​តែ​ប៉ង‌ប្រាថ្នា​ទាស់​នឹង​ព្រះ‌វិញ្ញាណ ឯ​ព្រះ‌វិញ្ញាណ ទ្រង់​ក៏​ទាស់​នឹង​សាច់​ឈាម​ដែរ សេចក្តី​ទាំង​២​នេះ​ប្រឆាំង​នឹង​គ្នា ដល់​ម៉្លេះ​បាន​ជា​អ្នក​រាល់​គ្នា​រក​ធ្វើ​ការ ដែល​ចង់​ធ្វើ​ទៅ​មិន​កើត

សូមអានជំពូកពេញលេញ កាឡាទី 5