14. ដ្បិតក្រឹត្យវិន័យទាំងមូល បានសំរេចមកក្នុងពាក្យតែ១ម៉ាត់នេះថា «ចូរឯងស្រឡាញ់អ្នកជិតខាង ដូចខ្លួនឯង»
15. បើអ្នករាល់គ្នាចេះតែប្រខាំ ហើយហែកគ្នាស៊ីទៅវិញទៅមក នោះត្រូវប្រយ័ត្នចុះ ក្រែងលោវិនាសអស់រលីងទៅ។
16. តែខ្ញុំប្រាប់ថា ចូរដើរក្នុងព្រះវិញ្ញាណ នោះអ្នករាល់គ្នានឹងមិនបំពេញសេចក្តីប៉ងប្រាថ្នាខាងសាច់ឈាមទេ
17. ដ្បិតសាច់ឈាមតែងតែប៉ងប្រាថ្នាទាស់នឹងព្រះវិញ្ញាណ ឯព្រះវិញ្ញាណ ទ្រង់ក៏ទាស់នឹងសាច់ឈាមដែរ សេចក្តីទាំង២នេះប្រឆាំងនឹងគ្នា ដល់ម៉្លេះបានជាអ្នករាល់គ្នារកធ្វើការ ដែលចង់ធ្វើទៅមិនកើត
18. បើព្រះវិញ្ញាណទ្រង់នាំអ្នករាល់គ្នាវិញ នោះអ្នករាល់គ្នាមិននៅក្រោមបន្ទុកក្រឹត្យវិន័យទៀតទេ
19. រីឯកិច្ចការខាងសាច់ឈាម នោះប្រាកដច្បាស់ហើយ គឺជាសេចក្តី កំផិត សហាយស្មន់ ស្មោកគ្រោក អាសអាភាស
20. ថ្វាយបង្គំរូបព្រះ មន្តអាគម សំអប់គ្នា ឈ្លោះប្រកែក ឈ្នានីស កំហឹង ទាស់ទែងគ្នា បាក់បែក បក្សពួក
21. ច្រណែន កាប់សំឡាប់ ប្រមឹក ស៊ីផឹកជ្រុល និងការអ្វីទៀត ដែលស្រដៀងនឹងសេចក្តីទាំងនេះផង ហើយខ្ញុំប្រាប់អ្នករាល់គ្នាទុកជាមុន ដូចជាបានប្រាប់រួចមកហើយថា អស់អ្នកដែលប្រព្រឹត្តដូច្នេះ នោះមិនបានគ្រងនគរព្រះ ទុកជាមរដកឡើយ
22. តែឯផលផ្លែនៃព្រះវិញ្ញាណវិញ នោះគឺសេចក្តីស្រឡាញ់ អំណរអរ មេត្រីភាព អត់ធ្មត់ សុភាព សប្បុរស ស្មោះត្រង់
23. ស្លូតបូត ហើយដឹងខ្នាត គ្មានក្រឹត្យវិន័យណាទាស់នឹងសេចក្តីយ៉ាងនោះទេ
24. ហើយអស់អ្នកដែលជារបស់ផងព្រះគ្រីស្ទ នោះបានឆ្កាងសាច់ឈាមហើយ ព្រមទាំងសេចក្តីរំជួល និងសេចក្តីប៉ងប្រាថ្នាទាំងប៉ុន្មានផង
25. បើសិនជាយើងរស់ដោយនូវព្រះវិញ្ញាណ នោះត្រូវដើរដោយព្រះវិញ្ញាណដែរ
26. កុំឲ្យយើងរាល់គ្នារកកេរ្តិ៍ឈ្មោះ ដែលឥតប្រយោជន៍ ទាំងចាក់រុក ហើយឈ្នានីសគ្នាទៅវិញទៅមកឡើយ។