គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

កាឡាទី 2:13-21 ព្រះគម្ពីរបរិសុទ្ធ (KHOV)

13. ឯ​ពួក​សាសន៍​យូដា​ឯ​ទៀត ក៏​ធ្វើ​ជា​ពើ​ជា​មួយ​នឹង​លោក​ដែរ ដល់​ម៉្លេះ​បាន​ជា​បាណា‌បាស ត្រូវ​បណ្តោយ​តាម​អំពើ​កំពុត​របស់​គេ​ទៀត

14. កាល​ខ្ញុំ​ឃើញ​ថា គេ​មិន​ដើរ​ត្រង់​តាម​សេចក្តី​ពិត​នៃ​ដំណឹង​ល្អ​ទេ នោះ​ខ្ញុំ​ក៏​សួរ​លោក​ពេត្រុស នៅ​មុខ​មនុស្ស​ទាំង​អស់​ថា បើ​លោក ដែល​ជា​សាសន៍​យូដា មិន​ប្រព្រឹត្ត​តាម​ទំនៀម‌ទំលាប់​របស់​សាសន៍​យូដា​ទេ គឺ​ប្រព្រឹត្ត​តាម​ទំនៀម‌ទំលាប់​សាសន៍​ដទៃ​វិញ នោះ​ហេតុ​អ្វី​បាន​ជា​បង្ខំ​ឲ្យ​សាសន៍​ដទៃ ប្រព្រឹត្ត​ដូច​ជា​សាសន៍​យូដា​ដូច្នេះ

15. ឯ​យើង​ដែល​ជា​សាសន៍​យូដា​ពី​កំណើត ហើយ​មិន​មែន​ជា​អ្នក​ដែល​មាន​បាប​ក្នុង​សាសន៍​ដទៃ

16. យើង​ដឹង​ថា មនុស្ស​មិន​បាន​រាប់​ជា​សុចរិត ដោយ​ប្រព្រឹត្ត​តាម​ក្រឹត្យ‌វិន័យ​នោះ​ឡើយ គឺ​ដោយ​សេចក្តី​ជំនឿ ជឿ​ដល់​ព្រះ‌យេស៊ូវ​គ្រីស្ទ​វិញ ហេតុ​នោះ​បាន​ជា​យើង​ជឿ​ដល់​ព្រះ‌គ្រីស្ទ​យេស៊ូវ ដើម្បី​ឲ្យ​បាន​រាប់​ជា​សុចរិត ដោយ‌សារ​សេចក្តី​ជំនឿ ជឿ​ដល់​ព្រះ‌គ្រីស្ទនោះ មិន​មែន​ដោយ​ប្រព្រឹត្ត​តាម​ក្រឹត្យ‌វិន័យ​ទេ ពី​ព្រោះ​គ្មាន​មនុស្ស​ណា​បាន​រាប់​ជា​សុចរិត​ដោយ​ប្រព្រឹត្ត​តាម​ក្រឹត្យ‌វិន័យ​ឡើយ

17. រីឯ កាល​យើង​ខ្ញុំ​កំពុង​តែ​ស្វែង‌រក​ឲ្យ​បាន​រាប់​ជា​សុចរិត​ក្នុង​ព្រះ‌គ្រីស្ទ នោះ​បើ​សិន​ជា​គេ​ឃើញ​យើង​មាន​បាប​វិញ ដូច្នេះ តើ​ព្រះ‌គ្រីស្ទ​ជា​អ្នក​ចែក​ចាយ​អំពើ​បាប​ឬ​អី ទេ មិន​មែន​ឡើយ

18. ដ្បិត​បើ​សិន​ជា​ខ្ញុំ​តាំង​ការ​ទាំង​នោះ​ឡើង​វិញ ដែល​ខ្ញុំ​បាន​រំលំ​ពី​ដើម នោះ​ឈ្មោះ​ថា ខ្ញុំ​តាំង​ខ្លួន​ខ្ញុំ​ជា​អ្នក​រំលង​ច្បាប់ហើយ

19. ពី​ព្រោះ​ខ្ញុំ​បាន​ស្លាប់​ខាង​ឯ​ក្រឹត្យ‌វិន័យ ដោយ‌សារ​ក្រឹត្យ‌វិន័យនោះ​ឯង ដើម្បី​ឲ្យ​ខ្ញុំ​បាន​រស់​ខាង​ឯ​ព្រះ​វិញ

20. ខ្ញុំ​បាន​ជាប់​ឆ្កាង​ជា​មួយ​នឹង​ព្រះ‌គ្រីស្ទ ប៉ុន្តែ​ខ្ញុំ​រស់​នៅ មិន​មែន​ជា​ខ្ញុំ​ទៀត គឺ​ជា​ព្រះ‌គ្រីស្ទ​ទ្រង់​រស់​ក្នុង​ខ្ញុំ​វិញ ហើយ​ដែល​ខ្ញុំ​រស់​ក្នុង​សាច់​ឈាម​ឥឡូវ​នេះ នោះ​គឺ​រស់​ដោយ​សេចក្តី​ជំនឿ ជឿ​ដល់​ព្រះ‌រាជ‌បុត្រា​នៃ​ព្រះ ដែល​ទ្រង់​ស្រឡាញ់​ខ្ញុំ ក៏​បាន​ប្រគល់​ព្រះ‌អង្គ​ទ្រង់​ជំនួស​ខ្ញុំ​ហើយ

21. ខ្ញុំ​មិន​លើក​ព្រះ‌គុណ​នៃ​ព្រះ​ចោល​ទេ ដ្បិត​បើ​សិន​ជា​សេចក្តី​សុចរិត​មក​ដោយ‌សារ​ក្រឹត្យ‌វិន័យ នោះ​ព្រះ‌គ្រីស្ទ​បាន​សុគត​ជា​ឥត​ប្រយោជន៍​សោះ។

សូមអានជំពូកពេញលេញ កាឡាទី 2