គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ សាំយូអែល 3:21-32 ព្រះគម្ពីរបរិសុទ្ធ (KHOV)

21. នោះ​អ័ប៊ី‌នើរ​ទូល​ទៅ​ដាវីឌ​ថា ទូល‌បង្គំ​នឹង​ឡើង​ចេញ​ទៅ​ប្រមូល​ពួក​អ៊ីស្រា‌អែល​ទាំង​អស់ ឲ្យ​មក​ឯ​ព្រះ‌ករុណា ជា​ម្ចាស់​នៃ​ទូល‌បង្គំ ដើម្បី​ឲ្យ​គេ​ចុះ​សញ្ញា​នឹង​ទ្រង់ ឲ្យ​ទ្រង់​បាន​សោយ‌រាជ្យ​លើ​គ្រប់​ទាំង​អស់ តាម​ព្រះ‌ហឫ‌ទ័យ រួច​ដាវីឌ​ទ្រង់​ឲ្យ​អ័ប៊ី‌នើរ​ទៅ​វិញ ហើយ​លោក​ក៏​ទៅ​ដោយ​សុខ‌សាន្ត។

22. ខណៈ​នោះ យ៉ូអាប់ និង​ពួក​ពល​របស់​ដាវីឌ ត្រឡប់​មក​ពី​លុក‌លុយ​ស្រុក​ក្រៅ​វិញ ក៏​នាំ​យក​របឹប​ជា​ច្រើន​មក​ជា​មួយ​ដែរ តែ​ចំណែក​អ័ប៊ី‌នើរ​មិន​នៅ​ជា​មួយ​នឹង​ដាវីឌ​ក្នុង​ក្រុង​ហេប្រុន​ទេ ដ្បិត​ទ្រង់​បាន​ឲ្យ​លោក​ទៅ​ផុត​ហើយ លោក​ក៏​បាន​ទៅ​ដោយ​សុខ‌សាន្ត

23. កាល​យ៉ូអាប់ និង​ពួក​ពល​ទាំង​ប៉ុន្មាន ដែល​នៅ​ជា​មួយ​នឹង​លោក បាន​មក​ដល់​ហើយ នោះ​គេ​ជំរាប​យ៉ូអាប់​ថា អ័ប៊ី‌នើរ ជា​កូន​នើរ​បាន​ឡើង​មក​គាល់​ស្តេច ហើយ​ទ្រង់​បាន​ឲ្យ​ទៅ​វិញ​ដោយ​សុខ‌សាន្ត

24. នោះ​យ៉ូអាប់​លោក​ចូល​ទៅ​ឯ​ស្តេច ទូល​សួរ​ថា តើ​ទ្រង់​បាន​ធ្វើ​អ្វី​ដូច្នេះ មើល អ័ប៊ី‌នើរ​បាន​មក​គាល់​ទ្រង់ តើ​ហេតុ​អ្វី​បាន​ជា​ទ្រង់​ឲ្យ​ចេញ​ទៅ ហើយ​វា​ទៅ​បាត់​ដូច្នេះ

25. ទ្រង់​ស្គាល់​អ័ប៊ី‌នើរ ជា​កូន​នើរ​ហើយ ថា​វា​បាន​មក​ដើម្បី​តែ​នឹង​បញ្ឆោត​ទ្រង់​ទេ ហើយ​ឲ្យ​បាន​ដឹង​ពី​ដំណើរ​ទ្រង់​យាង​ចេញ​ចូល និង​គ្រប់​ទាំង​កិច្ច‌ការ​ដែល​ទ្រង់​ធ្វើ​ផង

26. រួច​កាល​យ៉ូអាប់​បាន​ចេញ​ពី​ចំពោះ​ដាវីឌ​ទៅ នោះ​ក៏​ចាត់​គេ​ឲ្យ​ទៅ​តាម​ហៅ​អ័ប៊ី‌នើរ​មក គេ​នាំ​លោក​ពី​ត្រង់​អណ្តូង​ស៊ីរ៉ា មក​វិញ តែ​ដាវីឌ​មិន​ជ្រាប​ទេ។

27. កាល​អ័ប៊ី‌នើរ​បាន​មក​ដល់​ក្រុង​ហេប្រុន​វិញ នោះ​យ៉ូអាប់​ក៏​នាំ​លោក ទៅ​ឯ​ទី​កណ្តាល​ទ្វារ​កំផែង​ក្រុង​ដោយ‌ឡែក ដើម្បី​មាន​ប្រសាសន៍​នឹង​លោក​ដោយ​សំងាត់ រួច​ក៏​ចាក់​លោក​ត្រង់​ពោះ​នៅ​ទី​នោះ​ឲ្យ​ស្លាប់​ទៅ ដើម្បី​សង‌សឹក​ចំពោះ​ឈាម​អេសា‌អែល ជា​ប្អូន​ខ្លួន

28. កាល​ដាវីឌ​បាន​ជ្រាប នោះ​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ឯ​អញ​ហើយ​នឹង​រាជ្យ​អញ​ឥត​មាន​ទោស​ខាង​ឯ​ឈាម​អ័ប៊ី‌នើរ ជា​កូន​នើរ​នេះ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ជា​ដរាប​ទៅ

29. សូម​ឲ្យ​ទោស​នោះ​ធ្លាក់​ទៅ​លើ​ក្បាល​យ៉ូអាប់ និង​វង្សា‌ញាតិ​របស់​គេ​ទាំង​អស់​វិញ​ចុះ សូម​កុំ​ឲ្យ​ខាន​មាន​អ្នក​ណា ក្នុង​ពូជ‌ពង្ស​យ៉ូអាប់​ដែល​ហូរ​ខ្ទុះ ឬ​កើត​ឃ្លង់ ឬ​ដែល​ត្រូវ​ច្រត់​លើ​ឈើ​ច្រត់ ឬ​ដែល​ដួល​ស្លាប់​ដោយ​ដាវ ឬ​ដែល​ខ្វះ​អាហារ​នោះ​ឡើង

30. គឺ​យ៉ាង​នោះ ដែល​យ៉ូអាប់ និង​អ័ប៊ី‌សាយ ជា​ប្អូន​លោក​បាន​សំឡាប់​អ័ប៊ី‌នើរ​ទៅ ដោយ​ព្រោះ​សំឡាប់​អេសា‌អែល​ជា​ប្អូន នៅ​ក្នុង​ចំបាំង​ត្រង់​គីបៀន។

31. គ្រា​នោះ ដាវីឌ​ទ្រង់​ត្រាស់​បង្គាប់​ដល់​យ៉ូអាប់ និង​បណ្តា​ទ័ព​រាល់​គ្នា ដែល​នៅ​ជា​មួយ​នឹង​លោក​ថា ចូរ​ឯង​រាល់​គ្នា​ហែក​សំលៀក‌បំពាក់​ខ្លួន ហើយ​ស្លៀក​សំពត់​ធ្មៃ រួច​យំ​សោក​នៅ​ចំពោះ​សព​អ័ប៊ី‌នើរ​ទៅ ឯ​ដាវីឌ​ទ្រង់​ក៏​យាង​តាម​ក្តារ​មឈូស​ដែរ

32. គេ​បញ្ចុះ​សព​អ័ប៊ី‌នើរ នៅ​ត្រង់​ហេប្រុន ហើយ​ស្តេច​ទ្រង់​ព្រះ‌កន្សែង នៅ​ត្រង់​ផ្នូរ​លោក ឯ​ពួក​រាស្ត្រ​ទាំង​ប៉ុន្មាន​ក៏​យំ​សោក​ដែរ

សូមអានជំពូកពេញលេញ ២ សាំយូអែល 3