គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ សាំយូអែល 3:16-27 ព្រះគម្ពីរបរិសុទ្ធ (KHOV)

16. ឯ​ប្ដី​នាង គាត់​ដើរ​មក​តាម​នាង​ទាំង​យំ​បណ្តើរ រហូត​ដល់​ភូមិ​បាហ៊ូរីម ទើប​អ័ប៊ី‌នើរ​បង្គាប់​ទៅ​ថា ចូរ​វិល​ទៅ​វិញ​ចុះ នោះ​គាត់​ក៏​ត្រឡប់​ទៅ​វិញ។

17. គ្រា​នោះ អ័ប៊ី‌នើរ​មាន​ប្រសាសន៍​នឹង​ពួក​ចាស់‌ទុំ​នៃ​ពួក​អ៊ីស្រា‌អែល​ថា កាល​ពី​ដើម​អ្នក​រាល់​គ្នា​ចង់​បាន​ដាវីឌ​ឲ្យ​ធ្វើ​ជា​ស្តេច​លើ​អ្នក​រាល់​គ្នា

18. ឥឡូវ​នេះ ចូរ​តាំង​ឡើង​ចុះ ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​ពី​ដាវីឌ​ហើយ ថា​អញ និង​ជួយ​សង្គ្រោះ​ពួក​អ៊ីស្រា‌អែល ជា​រាស្ត្រ​ចេញ ឲ្យ​រួច​ពី​កណ្តាប់​ដៃ​នៃ​ពួក​ភីលីស្ទីន ហើយ​ពី​កណ្តាប់​ដៃ​នៃ​ពួក​ខ្មាំង​សត្រូវ​ទាំង​អស់ ដោយ‌សារ​ដៃ​ដាវីឌ ជា​អ្នក​បំរើ​របស់​អញ

19. អ័ប៊ី‌នើរ​ក៏​មាន​ប្រសាសន៍​ដល់​ពួក​បេន‌យ៉ា‌មីន​ដែរ រួច​លោក​ទៅ​ក្រាប​ទូល​ដាវីឌ នៅ​ត្រង់​ក្រុង​ហេប្រុន តាម​គ្រប់​ទាំង​សេចក្តី​ដែល​ពេញ​ចិត្ត​ដល់​ពួក​អ៊ីស្រា‌អែល និង​ពួក​គ្រួ​បេន‌យ៉ា‌មីន​ទាំង​អស់

20. ដូច្នេះ អ័ប៊ី‌នើរ​បាន​មក​ឯ​ដាវីឌ​នៅ​ក្រុង​ហេប្រុន មាន​ទាំង​មនុស្ស​២០​នាក់​មក​ជា​មួយ​ផង ឯ​ដាវីឌ ទ្រង់​រៀប​ជប់‌លៀង​អ័ប៊ី‌នើរ និង​ពួក​មនុស្ស​ដែល​មក​ជា​មួយ​ដែរ

21. នោះ​អ័ប៊ី‌នើរ​ទូល​ទៅ​ដាវីឌ​ថា ទូល‌បង្គំ​នឹង​ឡើង​ចេញ​ទៅ​ប្រមូល​ពួក​អ៊ីស្រា‌អែល​ទាំង​អស់ ឲ្យ​មក​ឯ​ព្រះ‌ករុណា ជា​ម្ចាស់​នៃ​ទូល‌បង្គំ ដើម្បី​ឲ្យ​គេ​ចុះ​សញ្ញា​នឹង​ទ្រង់ ឲ្យ​ទ្រង់​បាន​សោយ‌រាជ្យ​លើ​គ្រប់​ទាំង​អស់ តាម​ព្រះ‌ហឫ‌ទ័យ រួច​ដាវីឌ​ទ្រង់​ឲ្យ​អ័ប៊ី‌នើរ​ទៅ​វិញ ហើយ​លោក​ក៏​ទៅ​ដោយ​សុខ‌សាន្ត។

22. ខណៈ​នោះ យ៉ូអាប់ និង​ពួក​ពល​របស់​ដាវីឌ ត្រឡប់​មក​ពី​លុក‌លុយ​ស្រុក​ក្រៅ​វិញ ក៏​នាំ​យក​របឹប​ជា​ច្រើន​មក​ជា​មួយ​ដែរ តែ​ចំណែក​អ័ប៊ី‌នើរ​មិន​នៅ​ជា​មួយ​នឹង​ដាវីឌ​ក្នុង​ក្រុង​ហេប្រុន​ទេ ដ្បិត​ទ្រង់​បាន​ឲ្យ​លោក​ទៅ​ផុត​ហើយ លោក​ក៏​បាន​ទៅ​ដោយ​សុខ‌សាន្ត

23. កាល​យ៉ូអាប់ និង​ពួក​ពល​ទាំង​ប៉ុន្មាន ដែល​នៅ​ជា​មួយ​នឹង​លោក បាន​មក​ដល់​ហើយ នោះ​គេ​ជំរាប​យ៉ូអាប់​ថា អ័ប៊ី‌នើរ ជា​កូន​នើរ​បាន​ឡើង​មក​គាល់​ស្តេច ហើយ​ទ្រង់​បាន​ឲ្យ​ទៅ​វិញ​ដោយ​សុខ‌សាន្ត

24. នោះ​យ៉ូអាប់​លោក​ចូល​ទៅ​ឯ​ស្តេច ទូល​សួរ​ថា តើ​ទ្រង់​បាន​ធ្វើ​អ្វី​ដូច្នេះ មើល អ័ប៊ី‌នើរ​បាន​មក​គាល់​ទ្រង់ តើ​ហេតុ​អ្វី​បាន​ជា​ទ្រង់​ឲ្យ​ចេញ​ទៅ ហើយ​វា​ទៅ​បាត់​ដូច្នេះ

25. ទ្រង់​ស្គាល់​អ័ប៊ី‌នើរ ជា​កូន​នើរ​ហើយ ថា​វា​បាន​មក​ដើម្បី​តែ​នឹង​បញ្ឆោត​ទ្រង់​ទេ ហើយ​ឲ្យ​បាន​ដឹង​ពី​ដំណើរ​ទ្រង់​យាង​ចេញ​ចូល និង​គ្រប់​ទាំង​កិច្ច‌ការ​ដែល​ទ្រង់​ធ្វើ​ផង

26. រួច​កាល​យ៉ូអាប់​បាន​ចេញ​ពី​ចំពោះ​ដាវីឌ​ទៅ នោះ​ក៏​ចាត់​គេ​ឲ្យ​ទៅ​តាម​ហៅ​អ័ប៊ី‌នើរ​មក គេ​នាំ​លោក​ពី​ត្រង់​អណ្តូង​ស៊ីរ៉ា មក​វិញ តែ​ដាវីឌ​មិន​ជ្រាប​ទេ។

27. កាល​អ័ប៊ី‌នើរ​បាន​មក​ដល់​ក្រុង​ហេប្រុន​វិញ នោះ​យ៉ូអាប់​ក៏​នាំ​លោក ទៅ​ឯ​ទី​កណ្តាល​ទ្វារ​កំផែង​ក្រុង​ដោយ‌ឡែក ដើម្បី​មាន​ប្រសាសន៍​នឹង​លោក​ដោយ​សំងាត់ រួច​ក៏​ចាក់​លោក​ត្រង់​ពោះ​នៅ​ទី​នោះ​ឲ្យ​ស្លាប់​ទៅ ដើម្បី​សង‌សឹក​ចំពោះ​ឈាម​អេសា‌អែល ជា​ប្អូន​ខ្លួន

សូមអានជំពូកពេញលេញ ២ សាំយូអែល 3