គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ សាំយូអែល 3:1-13 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. នៅ​គ្រា​នោះ រាជ‌វង្ស​សូល និង​រាជ‌វង្ស​ដាវីឌ គេ​ច្បាំង​គ្នា​អស់​កាល​ជា​យូរ តែ​ដាវីឌ​ចេះ​តែ​មាន​កំឡាំង​ខ្លាំង​ឡើង ហើយ​រាជ‌វង្ស​សូល​ក៏​កាន់​តែ​ខ្សោយ​ទៅ។

2. រីឯ​នៅ​ក្រុង​ហេប្រុន ដាវីឌ​បង្កើត​បាន​បុត្រា​ខ្លះ បុត្រ​ច្បង​របស់​ទ្រង់ គឺ​អាំណូន ដែល​កើត​នឹង​នាង​អ័ហ៊ី‌ណោម​ជា​អ្នក​ស្រុក​យេស‌រាល

3. បុត្រ​បន្ទាប់ គឺ​គីលាប ដែល​កើត​នឹង​នាង​អ័ប៊ី‌កែល ជា​អ្នក​ស្រុក​កើមែល ប្រពន្ធ​របស់​ខ្មោច​ណាបាល បុត្រ​ទី​៣ គឺ​អាប់‌សា‌ឡំម ជា​បុត្រ​នាង​ម្អាកា ដែល​ជា​បុត្រី​របស់​តាល‌ម៉ាយ ស្តេច​ស្រុក​កេស៊ូរី

4. បុត្រ​ទី​៤ គឺ​អ័ដូ‌នីយ៉ា ជា​បុត្រ​របស់​នាង​ហាគីត បុត្រ​ទី​៥ គឺ​សេផាធា ជា​បុត្រ​នាង​អ័ប៊ី‌ថាល

5. បុត្រ​ទី​៦ គឺ​យីតរាម ដែល​កើត​នឹង​នាង​អេកឡា ភរិយា​របស់​ដាវីឌ បុត្រ​ទាំង​នេះ​បាន​កើត​ឡើង​ដល់​ដាវីឌ​នៅ​ក្រុង​ហេប្រុន។

6. នៅ​គ្រា​ដែល​រាជ‌វង្ស​សូល និង​រាជ‌វង្ស​ដាវីឌ​កំពុង​តែ​មាន​ចំបាំង​ដល់​គ្នា នោះ​អ័ប៊ី‌នើរ​ក៏​ចំរើន​កំឡាំង​ខ្លួន​ខាង​ឯ​រាជ‌វង្ស​សូល

7. រីឯ​សូល ទ្រង់​មាន​អ្នក‌ម្នាង​ម្នាក់​ឈ្មោះ​រីសប៉ា ជា​កូន​អ័យ៉ា គ្រា​នោះ អ៊ីស-បូសែត​មាន​ព្រះ‌បន្ទូល​ទៅ​អ័ប៊ី‌នើរ​ថា ហេតុ​អ្វី​បាន​ជា​អ្នក​ចូល​ទៅ​ឯ​ស្ត្រី​អ្នក‌ម្នាង​របស់​បិតា​យើង​ដូច្នេះ

8. នោះ​អ័ប៊ី‌នើរ​ក៏​មាន​សេចក្តី​កំហឹង​ឆួល​ឡើង ដោយ​ព្រោះ​ពាក្យ​របស់​អ៊ីស-បូសែត ហើយ​ទូល​ថា ទូល‌បង្គំ​ជា​ក្បាល​ឆ្កែ​របស់​ផង​ពួក​យូដា​ឬ​អី សព្វ​ថ្ងៃ​នេះ ទូល‌បង្គំ​កំពុង​តែ​សំដែង​គុណ ដល់​រាជ‌វង្ស​របស់​សូល ជា​បិតា​ទ្រង់ ព្រម​ទាំង​វង្សា‌នុវង្ស និង​មិត្រ​សំឡាញ់​ទ្រង់​ផង ដោយ​មិន​បាន​ប្រគល់​ទ្រង់ ទៅ​ក្នុង​កណ្តាប់​ដៃ​ដាវីឌ​ឡើយ តែ​នៅ​ថ្ងៃ​នេះ ទ្រង់​ហ៊ាន​បន្ទោស​ទូល‌បង្គំ ពី​រឿង​ស្រី​នោះ​ឬ

9. បើ​សិន​ជា​ទូល‌បង្គំ​មិន​លើក​ដាវីឌ​ឡើង តាម​ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​ស្បថ​នឹង​ទ្រង់​ហើយ នោះ​សូម​ឲ្យ​ព្រះ​ធ្វើ​ដល់​អ័ប៊ី‌នើរ​ខ្ញុំ​នេះ​យ៉ាង​ដូច្នោះ ហើយ​លើស​ទៅ​ទៀត​ផង

10. គឺ​ទូល‌បង្គំ​នឹង​ផ្ទេរ‌រាជ្យ ពី​រាជ‌វង្ស​សូល

11. នោះ​ទ្រង់​រក​ឆ្លើយ​តប​នឹង​អ័ប៊ី‌នើរ​សូម្បី​តែ​១​ម៉ាត់​ក៏​មិន​បាន​ផង ដោយ​ព្រោះ​ខ្លាច​លោក។

12. នោះ​អ័ប៊ី‌នើរ​ចាត់​សារ​ឲ្យ​ទៅ​ឯ​ដាវីឌ ដោយ​នូវ​ឈ្មោះ​ខ្លួន ដើម្បី​ទូល​ថា តើ​អ្នក​ណា​ជា​ស្តេច​ផែនដី សូម​តាំង​សញ្ញា​នឹង​ទូល‌បង្គំ​ចុះ នោះ​ទូល‌បង្គំ​នឹង​ចូល​ដៃ​ខាង​ទ្រង់ ដើម្បី​នឹង​នាំ​ពួក​អ៊ីស្រា‌អែល​ទាំង​អស់ ឲ្យ​វិល​មក​ខាង​ទ្រង់

13. ដាវីឌ​ក៏​តប​ថា អើ យើង​នឹង​ចុះ​សញ្ញា​នឹង​អ្នក ប៉ុន្តែ តោង​ឲ្យ​អ្នក​ធ្វើ​ការ​នេះ​សិន គឺ​អ្នក​មិន​ឃើញ​មុខ​យើង​ឡើយ ទាល់​តែ​បាន​នាំ​មីកាល ជា​បុត្រី​សូល​មក ក្នុង​កាល​ដែល​អ្នក​មក​សួរ​យើង

សូមអានជំពូកពេញលេញ ២ សាំយូអែល 3