គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ សាំយូអែល 24:20-25 ព្រះគម្ពីរបរិសុទ្ធ (KHOV)

20. ឯ​អ័រ៉ៅណា គាត់​ក្រឡេក​មើល​ទៅ​ឃើញ​ស្តេច និង​ពួក​មហា‌តលិក កំពុង​តែ​មក​ឯ​គាត់ នោះ​គាត់​ក៏​ចេញ​ទៅ​ក្រាប​ផ្កាប់​មុខ​ដល់​ដី​ថ្វាយ‌បង្គំ​នៅ​ចំពោះ​ស្តេច​ទូល​ថា

21. បពិត្រ​ព្រះ‌ករុណា ជា​ព្រះ‌អម្ចាស់​នៃ​ទូល‌បង្គំ តើ​ទ្រង់​យាង​មក​ឯ​ទូល‌បង្គំ​មាន​ការ​អ្វី ដាវីឌ​ឆ្លើយ​ថា មក​ទិញ​លាន​ស្រូវ​របស់​ឯង ដើម្បី​នឹង​ស្អាង​អាសនា​១​ថ្វាយ​ព្រះ‌យេហូវ៉ា ប្រយោជន៍​ឲ្យ​សេចក្តី​វេទនា​នេះ​បាន​ថយ​ចេញ​ពី​ពួក​ជន​ទៅ

22. អ័រ៉ៅណា​ទូល​ទ្រង់​ថា បពិត្រ​ព្រះ‌អម្ចាស់​នៃ​ទូល‌បង្គំ សូម​ឲ្យ​ព្រះ‌ករុណា​យក​ចុះ ហើយ​ថ្វាយ​អ្វី​តាម​បំណង​ព្រះ‌ទ័យ មើល មាន​គោ​នេះ​សំរាប់​ដង្វាយ​ដុត ហើយ​ប្រដាប់​បែន​ស្រូវ និង​នឹម​គោ ទុក​ជា​ឧស​ស្រាប់

23. អ័រ៉ៅណា​ក៏​ថ្វាយ​ទាំង​អស់​នោះ ដល់​ស្តេច ដោយ​ពាក្យ​ថា សូម​ឲ្យ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ទ្រង់​ទទួល​ទ្រង់​ផង

24. តែ​ស្តេច​មាន​ព្រះ‌បន្ទូល​ទៅ​អ័រ៉ៅណា​ថា កុំ​ឡើយ គឺ​យើង​ចង់​ទិញ​ពី​ឯង​តាម​ដំឡៃ​វិញ យើង​មិន​ព្រម​យក​របស់ ដែល​យើង​មិន​បាន​ចេញ​ថ្លៃ​ទិញ ទៅ​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា​នៃ​យើង​ឡើយ ដូច្នេះ ដាវីឌ​ក៏​ទិញ​លាន​ស្រូវ និង​គោ​ទាំង​នោះ ដំឡៃ​ជា​ប្រាក់​៥០​រៀល

25. រួច​ទ្រង់​ស្អាង​អាសនា១ ថ្វាយ​ព្រះ‌យេហូវ៉ា​នៅ​ទី​នោះ ក៏​ថ្វាយ​ដង្វាយ​ដុត និង​ដង្វាយ​មេត្រី​ទៅ នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​ព្រះ‌សណ្តាប់​សេចក្តី​ទូល​អង្វរ​ឲ្យ​ស្រុក​នោះ ហើយ​សេចក្តី​វេទនា​នោះ ក៏​ថយ​ពី​ពួក​អ៊ីស្រា‌អែល​ទៅ។:៚

សូមអានជំពូកពេញលេញ ២ សាំយូអែល 24