គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ សាំយូអែល 24:12-23 ព្រះគម្ពីរបរិសុទ្ធ (KHOV)

12. ឲ្យ​ទៅ​ទូល​ដាវីឌ​ថា ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ អញ​ដាក់​សេចក្តី​ទាំង​៣​នេះ​ឲ្យ​ឯង ចូរ​រើស​យក​១​ចុះ ឲ្យ​អញ​បាន​ធ្វើ​យ៉ាង​នោះ​ដល់​ឯង

13. ដូច្នេះ កាឌ់​ក៏​ទៅ​ឯ​ដាវីឌ​ទូល​ថា តើ​ព្រះ‌ករុណា​សព្វ​ព្រះ‌ហឫ‌ទ័យ​យ៉ាង​ណា ចង់​ឲ្យ​មាន​អំណត់​៧​ឆ្នាំ​នៅ​ក្នុង​នគរ ឬ​ចង់​រត់​ពី​មុខ​ពួក​ខ្មាំង​សត្រូវ​ក្នុង​រវាង​៣​ខែ កំពុង​ដែល​គេ​ដេញ​តាម ឬ​ឲ្យ​មាន​ជំងឺ​អាសន្ន‌រោគ​អស់​៣​ថ្ងៃ​នៅ​ក្នុង​នគរ​វិញ សូម​ពិចារណា​ឥឡូវ​ចុះ ហើយ​មាន​ព្រះ‌បន្ទូល​មក ឲ្យ​ទូល‌បង្គំ​បាន​ឆ្លើយ​ដល់​ព្រះ ដែល​ទ្រង់​ចាត់​ឲ្យ​ទូល‌បង្គំ​មក

14. ដាវីឌ​មាន​ព្រះ‌បន្ទូល​តប​ថា យើង​មាន​សេចក្តី​ចង្អៀត​ចិត្ត​ជា​ខ្លាំង សូម​ឲ្យ​យើង​រាល់​គ្នា​ធ្លាក់​ទៅ​ក្នុង​ព្រះ‌ហស្ត​នៃ​ព្រះ‌យេហូវ៉ា​វិញ​ចុះ ដ្បិត​សេចក្តី​មេត្តា‌ករុណា​របស់​ទ្រង់​ធំ​ណាស់ សូម​កុំ​ឲ្យ​យើង​ធ្លាក់​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​មនុស្ស​ឡើយ។

15. ដូច្នេះ ព្រះ‌យេហូវ៉ា​ទ្រង់​បណ្តាល​ឲ្យ​មាន​ជំងឺ​អាសន្ន‌រោគ​កើត​ឡើង​ក្នុង​សាសន៍​អ៊ីស្រា‌អែល ចាប់​តាំង​ពី​ព្រឹក​រហូត​ដល់​ពេល​កំណត់​នោះ ហើយ​មាន​មនុស្ស​ស្លាប់​តាំង​តែ​ពី​ក្រុង​ដាន់ រហូត​ដល់​បៀរ-សេបា អស់​ចំនួន​៧​ម៉ឺន​នាក់

16. តែ​កាល​ទេវតា​លើក​ដៃ​ទៅ ដើម្បី​នឹង​បំផ្លាញ​ក្រុង​យេរូ‌សាឡិម នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌ហឫ‌ទ័យ​រំជួល​ថយ​ចេញ​ពី​ការ​អាក្រក់​នោះ ក៏​មាន​ព្រះ‌បន្ទូល​ទៅ​ទេវតា​ដែល​កំពុង​តែ​បំផ្លាញ​បណ្តា‌ជន​ថា ល្មម​ហើយ ចូរ​បញ្ឈប់​ដៃ​ឥឡូវ​ចុះ ខណៈ​នោះ ទេវតា​នៃ​ព្រះ‌យេហូវ៉ា​កំពុង​តែ​នៅ​ជិត​លាន​ស្រូវ​របស់​អ័រ៉ៅណា សាសន៍​យេប៊ូស

17. ឯ​ដាវីឌ កាល​ទ្រង់​ទត​ឃើញ​ទេវតា ដែល​បាន​ប្រហារ​ពួក​ជន នោះ​ក៏​ទូល​ដល់​ព្រះ‌យេហូវ៉ា​ថា មើល ទូល‌បង្គំ​បាន​ធ្វើ​បាប គឺ​ទូល‌បង្គំ​ដែល​ត្រូវ​មាន​ទោស តែ​ឯ​តួ​ចៀម​ទាំង​នេះ តើ​បាន​ធ្វើ​អ្វី សូម​ឲ្យ​ព្រះ‌ហស្ត​នៃ​ទ្រង់​បាន​ទាស់​នឹង​ទូល‌បង្គំ ហើយ​នឹង​ពួក​វង្ស​បិតា​របស់​ទូល‌បង្គំ​វិញ​ចុះ។

18. នៅ​ថ្ងៃ​នោះ​ឯង កាឌ់​ក៏​ចូល​មក​គាល់​ដាវីឌ ទូល​ថា សូម​ព្រះ‌ករុណា​ឡើង​ទៅ​ស្អាង​អាសនា​១​ថ្វាយ​ព្រះ‌យេហូវ៉ា នៅ​ត្រង់​លាន​ស្រូវ​របស់​អ័រ៉ៅណា ជា​សាសន៍​យេប៊ូស​ទៅ

19. ដូច្នេះ ដាវីឌ​ក៏​ឡើង​ទៅ​តាម​ពាក្យ​របស់​កាឌ់ ដូច​ជា​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​បង្គាប់​មក

20. ឯ​អ័រ៉ៅណា គាត់​ក្រឡេក​មើល​ទៅ​ឃើញ​ស្តេច និង​ពួក​មហា‌តលិក កំពុង​តែ​មក​ឯ​គាត់ នោះ​គាត់​ក៏​ចេញ​ទៅ​ក្រាប​ផ្កាប់​មុខ​ដល់​ដី​ថ្វាយ‌បង្គំ​នៅ​ចំពោះ​ស្តេច​ទូល​ថា

21. បពិត្រ​ព្រះ‌ករុណា ជា​ព្រះ‌អម្ចាស់​នៃ​ទូល‌បង្គំ តើ​ទ្រង់​យាង​មក​ឯ​ទូល‌បង្គំ​មាន​ការ​អ្វី ដាវីឌ​ឆ្លើយ​ថា មក​ទិញ​លាន​ស្រូវ​របស់​ឯង ដើម្បី​នឹង​ស្អាង​អាសនា​១​ថ្វាយ​ព្រះ‌យេហូវ៉ា ប្រយោជន៍​ឲ្យ​សេចក្តី​វេទនា​នេះ​បាន​ថយ​ចេញ​ពី​ពួក​ជន​ទៅ

22. អ័រ៉ៅណា​ទូល​ទ្រង់​ថា បពិត្រ​ព្រះ‌អម្ចាស់​នៃ​ទូល‌បង្គំ សូម​ឲ្យ​ព្រះ‌ករុណា​យក​ចុះ ហើយ​ថ្វាយ​អ្វី​តាម​បំណង​ព្រះ‌ទ័យ មើល មាន​គោ​នេះ​សំរាប់​ដង្វាយ​ដុត ហើយ​ប្រដាប់​បែន​ស្រូវ និង​នឹម​គោ ទុក​ជា​ឧស​ស្រាប់

23. អ័រ៉ៅណា​ក៏​ថ្វាយ​ទាំង​អស់​នោះ ដល់​ស្តេច ដោយ​ពាក្យ​ថា សូម​ឲ្យ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ទ្រង់​ទទួល​ទ្រង់​ផង

សូមអានជំពូកពេញលេញ ២ សាំយូអែល 24