1. មានមួយគ្រាទៀត ដែលព្រះយេហូវ៉ាទ្រង់មានសេចក្តីខ្ញាល់ឆួលឡើងចំពោះពួកអ៊ីស្រាអែល ហើយទ្រង់បណ្តាលដាវីឌឲ្យប្រព្រឹត្តទាស់នឹងគេ ដោយព្រះបន្ទូលថា ចូរទៅរាប់ចំនួនពួកអ៊ីស្រាអែល និងពួកយូដាចុះ
2. ដូច្នេះ ស្តេចទ្រង់មានព្រះបន្ទូលទៅយ៉ូអាប់ ជាមេទ័ពដែលនៅចំពោះទ្រង់ថា ចូរឲ្យដើរទៅមកគ្រប់ក្នុងអស់ទាំងពូជអំបូរសាសន៍អ៊ីស្រាអែលទាំងប៉ុន្មាន ចាប់តាំងពីក្រុងដាន់ រហូតដល់បៀរ-សេបា ហើយរាប់បណ្តាជនទាំងឡាយ ដើម្បីឲ្យយើងបានដឹងចំនួន
3. យ៉ូអាប់ទូលទាស់ថា សូមឲ្យព្រះយេហូវ៉ា ជាព្រះនៃទ្រង់ បន្ថែមពួកជនឲ្យមានចំនួន១០០ដងលើសទៅទៀត ហើយសូមឲ្យព្រះនេត្រព្រះករុណា ជាព្រះអម្ចាស់នៃទូលបង្គំ បានឃើញផង តែហេតុអ្វីបានជាព្រះករុណា ជាព្រះអម្ចាស់នៃទូលបង្គំ សព្វព្រះហឫទ័យក្នុងការនោះ
4. ប៉ុន្តែ ព្រះបន្ទូលនៃស្តេចបានឈ្នះយ៉ូអាប់ ហើយនឹងពួកមេទ័ព រួចយ៉ូអាប់ និងពួកមេទ័ព ក៏ចេញពីចំពោះស្តេចទៅ ដើម្បីរាប់ចំនួនពួកសាសន៍អ៊ីស្រាអែល
5. គេឆ្លងទន្លេយ័រដាន់ ទៅដំឡើងត្រសាលនៅត្រង់អារ៉ូអ៊ើរ ជាខាងស្តាំទីក្រុងដែលនៅកណ្តាលច្រកភ្នំ ខាងស្រុកកាឌ់ ជិតយ៉ាស៊ើរ
6. រួចគេទៅដល់ស្រុកកាឡាត និងស្រុកថាសធីម-ហ៊ុតស៊ី ពីនោះក៏ទៅដល់ដាន់-យ្អាន ហើយវាងរហូតដល់ស៊ីដូន
7. គេទៅដល់បន្ទាយក្រុងទីរ៉ុស ហើយអស់ទាំងទីក្រុងរបស់សាសន៍ហេវី និងសាសន៍កាណាន រួចគេបែរទៅខាងត្បូងស្រុកយូដាត្រង់បៀរ-សេបា
8. ដូច្នេះ កាលគេបានដើរចុះឡើងពេញក្នុងស្រុកទាំងអស់រួចហើយ ដល់ផុត៩ខែ២០ថ្ងៃ នោះគេវិលមកដល់ក្រុងយេរូសាឡិមវិញ
9. យ៉ូអាប់ក៏ប្រគល់បញ្ជីពួកជនទាំងឡាយដល់ស្តេច ឃើញមានមនុស្សខ្លាំងពូកែ ដែលចេះកាន់ដាវ ក្នុងពួកអ៊ីស្រាអែលចំនួន៨សែននាក់ ហើយក្នុងពួកយូដាមាន៥សែននាក់។
10. ក្រោយដែលរាប់ចំនួនបណ្តាជនហើយ នោះដាវីឌមានព្រះទ័យឈឺស្តាយជាខ្លាំង រួចទ្រង់ទូលទៅព្រះយេហូវ៉ាថា ទូលបង្គំបានធ្វើបាបយ៉ាងធ្ងន់ក្នុងការដែលទូលបង្គំធ្វើនោះ តែឥឡូវនេះ ឱព្រះយេហូវ៉ាអើយ សូមលើកចោលទោសនៃការអាក្រក់របស់ទូលបង្គំ ជាបាវបំរើទ្រង់ ដ្បិតទូលបង្គំបានប្រព្រឹត្តដោយខ្លៅល្ងង់
11. ព្រឹកឡើង កាលដាវីឌបានតើនហើយ នោះព្រះយេហូវ៉ាទ្រង់បង្គាប់ដល់ហោរាកាឌ់ ជាអ្នកមើលឆុតរបស់ដាវីឌ
12. ឲ្យទៅទូលដាវីឌថា ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ អញដាក់សេចក្តីទាំង៣នេះឲ្យឯង ចូររើសយក១ចុះ ឲ្យអញបានធ្វើយ៉ាងនោះដល់ឯង