គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ សាំយូអែល 23:5-20 ព្រះគម្ពីរបរិសុទ្ធ (KHOV)

5. តើ​វង្ស​ខ្ញុំ​មិន​មែន​ដូច្នោះ នៅ​ចំពោះ​ព្រះ​ទេ​ឬ​អី ដ្បិត​ទ្រង់​បាន​តាំង​សេចក្តី​សញ្ញា​នឹង​ខ្ញុំ​ឲ្យ​នៅ​ជាប់​អស់‌កល្ប‌ជានិច្ច ជា​សេចក្តី​សញ្ញា​ដែល​មាន​របៀប​រៀប‌រយ ហើយ​ក៏​ពិត​ប្រាកដ ឯ​សេចក្តី​សង្គ្រោះ និង​សេចក្តី​ប៉ង‌ប្រាថ្នា​គ្រប់​ជំពូក​របស់​ខ្ញុំ បាន​កើត​អំពី​នោះ​មក ទោះ​បើ​ទ្រង់​មិន​ទាន់​ឲ្យ​ដុះ‌ដាល​ឡើង​ក៏​ដោយ

6. តែ​បណ្តា​ពួក​មនុស្ស​អាក្រក់​សុទ្ធ​តែ​ដូច​បន្លា​ដែល​គេ​ចោល ពី​ព្រោះ​នឹង​ចាប់​កាន់​ដោយ​ដៃ​មិន​បាន

7. មនុស្ស​ណា​ដែល​ពាល់​វា ត្រូវ​តែ​មាន​ដែក ហើយ​ដង​លំពែង​ផង គេ​នឹង​ដុត​វា​សុស​នៅ​ទី​នោះ​ឯង។

8. នេះ​ជា​ឈ្មោះ​ពួក​ខ្លាំង​ពូកែ​របស់​ដាវីឌ គឺ​យ៉ូសែប-បា‌សេ‌បែត ជា​ពូជ​តាក‌ម៉ូនី លោក​ជា​មេ​លើ​ពួក​មេ‌ទ័ព លោក​បាន​លើក​លំពែង​តស៊ូ សំឡាប់​មនុស្ស​៨០០​ក្នុង​គ្រា​តែ​១

9. បន្ទាប់​ពី​លោក​មក មាន​អេលាសារ ជា​កូន​ដូដូរ ពូជ​អ័ហូអា លោក​ជា​ម្នាក់​ក្នុង​ពួក​ខ្លាំង​ពូកែ​ទាំង​៣​នាក់ ដែល​នៅ​ជា​មួយ​នឹង​ដាវីឌ ក្នុង​កាល​ដែល​ប្រកួត​នឹង​ពួក​ភីលីស្ទីន​ដែល​មូល​គ្នា​មក​ច្បាំង នៅ​វេលា​ដែល​ពួក​អ៊ីស្រា‌អែល​ឡើង​ទៅ​បាត់​ហើយ

10. លោក​នេះ​ក៏​ក្រោក​ឡើង​កាប់​ចាក់​ពួក​ភីលីស្ទីន ទាល់​តែ​រោយ​ដៃ ហើយ​ដៃ​ជាប់​នៅ​នឹង​ដង​ដាវ នៅ​ថ្ងៃ​នោះ ព្រះ‌យេហូវ៉ា​ទ្រង់​ប្រោស​ឲ្យ​មាន​ជ័យ‌ជំនះ​យ៉ាង​ធំ រួច​បណ្តា​ទ័ព​ក៏​ត្រឡប់​មក​ឯ​លោក ឲ្យ​ទាន់​តែ​នឹង​ប្រមូល​របឹប​ទេ

11. បន្ទាប់​ពី​លោក​នោះ​មក មាន​សាំម៉ា​ជា​កូន​អ័កេ ពួក​ហារ៉ារី គ្រា​នោះ ពួក​ភីលីស្ទីន​បាន​មូល​គ្នា​១​កង នៅ​ទី​ដែល​មាន​ចំការ​សណ្តែក‌បាយ ហើយ​ពួក​ពល​ទ័ព​ក៏​រត់​ចេញ​ពី​មុខ​ពួក​ភីលីស្ទីន​ទៅ

12. តែ​លោក​ឈរ​នៅ​កណ្តាល​ចំការ​នោះ រាំង‌រា​ហើយ​សំឡាប់​ពួក​ភីលីស្ទីន ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​ប្រោស​ឲ្យ​មាន​ជ័យ‌ជំនះ​យ៉ាង​ធំ។

13. មាន​៣​នាក់ ក្នុង​ពួក​ជា​ប្រធាន​ទាំង​៣០ បាន​ចុះ​ទៅ​ឯ​ដាវីឌ​នៅ​ក្នុង​រអាង​អាឌូឡាម ក្នុង​រដូវ​ចំរូត ឯ​កង​ពួក​ភីលីស្ទីន គេ​បាន​បោះ​ទ័ព​នៅ​ក្នុង​វាល​ច្រក​ភ្នំ​រេផែម

14. នៅ​គ្រា​នោះ ដាវីឌ​គង់​នៅ​ទី​ពំនួន ហើយ​មាន​ពួក​ទ័ព​ភីលីស្ទីន​នៅ​ត្រង់​បេថ្លេ‌ហិម

15. ដាវីឌ​ទ្រង់​នឹក‌កន្លេង​ក្នុង​ព្រះ‌ទ័យ ហើយ​មាន​ព្រះ‌បន្ទូល​ថា ឱ​បើ​ជា​មាន​អ្នក​ណា យក​ទឹក​ពី​អណ្តូង​នៅ​មាត់​ទ្វារ​ក្រុង​បេថ្លេ‌ហិម មក​ឲ្យ​អញ​ផឹក​ទៅ​អេះ

16. ចំណែក​ពួក​អ្នក​ខ្លាំង​ពូកែ​ទាំង​៣​នាក់​នោះ ក៏​បំបែក​ពួក​ទ័ព​ភីលីស្ទីន កាត់​ចូល​ទៅ​ដង​ទឹក​អណ្តូង នៅ​មាត់​ទ្វារ​បេថ្លេ‌ហិម​យក​មក​ថ្វាយ​ដាវីឌ តែ​ទ្រង់​មិន​ព្រម​សោយ​ទេ គឺ​ទ្រង់​ចាក់​ច្រួច​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា​វិញ

17. រួច​ទូល​ថា ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ឲ្យ​ការ​យ៉ាង​នេះ​នៅ​ឆ្ងាយ​ពី​ទូល‌បង្គំ​ទៅ កុំ​ឲ្យ​ទូល‌បង្គំ​ធ្វើ​ឡើយ តើ​គួរ​ឲ្យ​ទូល‌បង្គំ​ផឹក​ឈាម​របស់​មនុស្ស ដែល​ទៅ​ទាំង​ប្រថុយ​ជីវិត​ដូច្នេះ​ឬ​អី គឺ​ដោយ​ហេតុ​នោះ បាន​ជា​ទ្រង់​មិន​ព្រម​សោយ​ទឹក​នោះ​ទេ អ្នក​ខ្លាំង​ពូកែ​ទាំង​៣​នេះ បាន​ប្រព្រឹត្ត​យ៉ាង​ដូច្នោះ។

18. ឯ​អ័ប៊ី‌សាយ ជា​ប្អូន​យ៉ូអាប់​កូន​សេរូយ៉ា លោក​ជា​មេ​លើ​អ្នក​ទាំង​៣​នោះ លោក​បាន​លើក​លំពែង​សំឡាប់​៣០០​នាក់ ហើយ​ក៏​ល្បី​ឈ្មោះ​ក្នុង​៣​នាក់​នោះ

19. ក្នុង​បណ្តា​៣​នាក់​នោះ គេ​រាប់​អាន​លោក​ជាង​គេ បាន​ជា​លើក​លោក​ធ្វើ​ជា​មេ ប៉ុន្តែ លោក​មិន​ស្មើ​នឹង​ពួក​៣​នាក់​មុន​នោះ​ទេ។

20. រីឯ​បេណាយ៉ា ជា​កូន​យេហូ‌យ៉ាដា ជា​កូន​របស់​អ្នក​ខ្លាំង​ពូកែ​ម្នាក់​នៅ​កាប‌សៀល ជា​អ្នក​ដែល​បាន​ធ្វើ​ការ​មាន​ថ្វី‌ដៃ​ច្រើន លោក​បាន​សំឡាប់​កូន​ទាំង​២​របស់​អ័រាល​សាសន៍​ម៉ូអាប់​ទៅ ហើយ​ក៏​ចុះ​ទៅ​ក្នុង​រណ្តៅ​សំឡាប់​សត្វ​សិង្ហ​១​នៅ​ថ្ងៃ​មាន​ហិមៈ

សូមអានជំពូកពេញលេញ ២ សាំយូអែល 23