គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ សាំយូអែល 23:12-21 ព្រះគម្ពីរបរិសុទ្ធ (KHOV)

12. តែ​លោក​ឈរ​នៅ​កណ្តាល​ចំការ​នោះ រាំង‌រា​ហើយ​សំឡាប់​ពួក​ភីលីស្ទីន ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​ប្រោស​ឲ្យ​មាន​ជ័យ‌ជំនះ​យ៉ាង​ធំ។

13. មាន​៣​នាក់ ក្នុង​ពួក​ជា​ប្រធាន​ទាំង​៣០ បាន​ចុះ​ទៅ​ឯ​ដាវីឌ​នៅ​ក្នុង​រអាង​អាឌូឡាម ក្នុង​រដូវ​ចំរូត ឯ​កង​ពួក​ភីលីស្ទីន គេ​បាន​បោះ​ទ័ព​នៅ​ក្នុង​វាល​ច្រក​ភ្នំ​រេផែម

14. នៅ​គ្រា​នោះ ដាវីឌ​គង់​នៅ​ទី​ពំនួន ហើយ​មាន​ពួក​ទ័ព​ភីលីស្ទីន​នៅ​ត្រង់​បេថ្លេ‌ហិម

15. ដាវីឌ​ទ្រង់​នឹក‌កន្លេង​ក្នុង​ព្រះ‌ទ័យ ហើយ​មាន​ព្រះ‌បន្ទូល​ថា ឱ​បើ​ជា​មាន​អ្នក​ណា យក​ទឹក​ពី​អណ្តូង​នៅ​មាត់​ទ្វារ​ក្រុង​បេថ្លេ‌ហិម មក​ឲ្យ​អញ​ផឹក​ទៅ​អេះ

16. ចំណែក​ពួក​អ្នក​ខ្លាំង​ពូកែ​ទាំង​៣​នាក់​នោះ ក៏​បំបែក​ពួក​ទ័ព​ភីលីស្ទីន កាត់​ចូល​ទៅ​ដង​ទឹក​អណ្តូង នៅ​មាត់​ទ្វារ​បេថ្លេ‌ហិម​យក​មក​ថ្វាយ​ដាវីឌ តែ​ទ្រង់​មិន​ព្រម​សោយ​ទេ គឺ​ទ្រង់​ចាក់​ច្រួច​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា​វិញ

17. រួច​ទូល​ថា ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ឲ្យ​ការ​យ៉ាង​នេះ​នៅ​ឆ្ងាយ​ពី​ទូល‌បង្គំ​ទៅ កុំ​ឲ្យ​ទូល‌បង្គំ​ធ្វើ​ឡើយ តើ​គួរ​ឲ្យ​ទូល‌បង្គំ​ផឹក​ឈាម​របស់​មនុស្ស ដែល​ទៅ​ទាំង​ប្រថុយ​ជីវិត​ដូច្នេះ​ឬ​អី គឺ​ដោយ​ហេតុ​នោះ បាន​ជា​ទ្រង់​មិន​ព្រម​សោយ​ទឹក​នោះ​ទេ អ្នក​ខ្លាំង​ពូកែ​ទាំង​៣​នេះ បាន​ប្រព្រឹត្ត​យ៉ាង​ដូច្នោះ។

18. ឯ​អ័ប៊ី‌សាយ ជា​ប្អូន​យ៉ូអាប់​កូន​សេរូយ៉ា លោក​ជា​មេ​លើ​អ្នក​ទាំង​៣​នោះ លោក​បាន​លើក​លំពែង​សំឡាប់​៣០០​នាក់ ហើយ​ក៏​ល្បី​ឈ្មោះ​ក្នុង​៣​នាក់​នោះ

19. ក្នុង​បណ្តា​៣​នាក់​នោះ គេ​រាប់​អាន​លោក​ជាង​គេ បាន​ជា​លើក​លោក​ធ្វើ​ជា​មេ ប៉ុន្តែ លោក​មិន​ស្មើ​នឹង​ពួក​៣​នាក់​មុន​នោះ​ទេ។

20. រីឯ​បេណាយ៉ា ជា​កូន​យេហូ‌យ៉ាដា ជា​កូន​របស់​អ្នក​ខ្លាំង​ពូកែ​ម្នាក់​នៅ​កាប‌សៀល ជា​អ្នក​ដែល​បាន​ធ្វើ​ការ​មាន​ថ្វី‌ដៃ​ច្រើន លោក​បាន​សំឡាប់​កូន​ទាំង​២​របស់​អ័រាល​សាសន៍​ម៉ូអាប់​ទៅ ហើយ​ក៏​ចុះ​ទៅ​ក្នុង​រណ្តៅ​សំឡាប់​សត្វ​សិង្ហ​១​នៅ​ថ្ងៃ​មាន​ហិមៈ

21. ហើយ​លោក​សំឡាប់​សាសន៍​អេស៊ីព្ទ​ម្នាក់​ដែល​គួរ​ស្ញែង​ខ្លាច វា​កាន់​លំពែង​នៅ​ដៃ តែ​លោក​មាន​តែ​ដំបង​កាន់​ចុះ​ទៅ​ឯ​វា​ប៉ុណ្ណោះ ក៏​កន្ត្រាក់​យក​លំពែង​ពី​ដៃ​នៃ​សាសន៍​អេស៊ីព្ទ​នោះ​បាន រួច​ចាក់​សំឡាប់ និង​លំពែង​របស់​ខ្លួន​វា​នោះ​ឯង

សូមអានជំពូកពេញលេញ ២ សាំយូអែល 23