4. ទូលបង្គំនឹងអំពាវនាវដល់ព្រះយេហូវ៉ា ដែលទ្រង់គាប់គួរសរសើរ យ៉ាងនោះទូលបង្គំនឹងបានសង្គ្រោះ ឲ្យរួចពីពួកខ្មាំងសត្រូវហើយ
5. ដ្បិតរលកនៃសេចក្តីស្លាប់បានព័ទ្ធជុំវិញទូលបង្គំ សេចក្តីទុច្ចរិតបានហូរជន់ឡើង បំភ័យទូលបង្គំ។
6. ខ្សែនៃស្ថានឃុំព្រលឹងមនុស្សស្លាប់ បានរុំរួបជុំវិញទូលបង្គំ ខ្សែរូតនៃសេចក្តីស្លាប់បានស្ទះផ្លូវទូលបង្គំហើយ
7. នៅគ្រាមានសេចក្តីវេទនា នោះទូលបង្គំបានអំពាវនាវដល់ព្រះយេហូវ៉ា គឺបានស្រែករកព្រះនៃទូលបង្គំ ទ្រង់ក៏ឮសំឡេងនៃទូលបង្គំពីក្នុងព្រះវិហារទ្រង់ សំរែករបស់ទូលបង្គំបានឮនៅព្រះកាណ៌ទ្រង់
8. នោះផែនដីបានញ័រកក្រើក ឫសផ្ទៃមេឃក៏រំពើក ហើយត្រូវរញ្ជួយ ដោយព្រោះទ្រង់មានសេចក្តីក្រោធ
9. មានផ្សែងហុយចេញពីព្រះនាសាទ្រង់ ភ្លើងដែលចេញពីព្រះឱស្ឋទ្រង់មក ក៏ឆេះបន្សុស ហើយផុសចេញជាព្រាកផ្លេកៗ
10. ទ្រង់បានបន្ទាបផ្ទៃមេឃយាងចុះមក មានងងឹតយ៉ាងក្រាស់ នៅក្រោមព្រះបាទទ្រង់
11. ទ្រង់គង់លើចេរូប៊ីនហោះមកឃើញទ្រង់គង់លើស្លាបនៃខ្យល់
12. ទ្រង់បានយកសេចក្តីងងឹតធ្វើជាព្រះពន្លាបាំងជុំវិញទ្រង់ គឺជាទឹករួបរួមគ្នា ហើយនឹងពពកយ៉ាងក្រាស់នៅលើមេឃ
13. មានព្រាកផ្លេកៗបានកាត់ឡើង ដោយសាររស្មីនៅចំពោះទ្រង់
14. ព្រះយេហូវ៉ាទ្រង់បញ្ចេញជាផ្គរពីលើមេឃ ព្រះដ៏ខ្ពស់បំផុតទ្រង់បន្លឺព្រះសូរសៀង
15. ក៏បាញ់ព្រួញនៃទ្រង់ទៅកំចាត់កំចាយគេ និងរន្ទះទៅបំបាក់គេដែរ
16. នោះបាតសមុទ្រក៏លេចឡើង ហើយឫសនៃលោកីយ៍បានបើកឲ្យឃើញច្បាស់ ដោយព្រះយេហូវ៉ាទ្រង់បន្ទោស គឺកាលឮសូរខ្យល់គំហុកចេញពីព្រះនាសាទ្រង់។
17. ទ្រង់ចាត់ពីលើស្ថានដ៏ខ្ពស់ ឲ្យមកចាប់ទូលបង្គំស្រង់ចេញពីទឹកធំ
18. ទ្រង់បានដោះឲ្យទូលបង្គំរួចពីខ្មាំងសត្រូវយ៉ាងខ្លាំងរបស់ទូលបង្គំ គឺពីពួកអ្នកដែលស្អប់ទូលបង្គំ ដ្បិតគេមានកំឡាំងច្រើនជាងទូលបង្គំ