គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ សាំយូអែល 22:26-39 ព្រះគម្ពីរបរិសុទ្ធ (KHOV)

26. ទ្រង់​សំដែង​សេចក្តី​មេត្តា ចំពោះ​អ្នក​ណា ដែល​មាន​ចិត្ត​មេត្តា ក៏​សំដែង​សេចក្តី​គ្រប់​លក្ខណ៍ ចំពោះ​អ្នក​ណា​ដែល​គ្រប់​លក្ខណ៍

27. ទ្រង់​សំដែង​សេចក្តី​បរិសុទ្ធ​ចំពោះ​អ្នក​ណា​ដែល​បរិសុទ្ធ តែ​ទ្រង់​ត‌យុទ្ធ​នឹង​មនុស្ស​ក្រវិច‌ក្រវៀន​វិញ

28. ទ្រង់​តែង​សង្គ្រោះ​ដល់​មនុស្ស​ដែល​ត្រូវ​គេ​សង្កត់‌សង្កិន តែ​ព្រះ‌នេត្រ​ទ្រង់​ទត​ឃើញ​ពួក​ឆ្មើង‌ឆ្មៃ ដើម្បី​បន្ទាប​គេ​ចុះ

29. ដ្បិត ឱ​ព្រះ‌យេហូវ៉ា​អើយ ទ្រង់​ជា​ចង្កៀង​នៃ​ទូល‌បង្គំ ព្រះ‌យេហូវ៉ា​ទ្រង់​បំភ្លឺ ក្នុង​ទី​ងងឹត​នៃ​ទូល‌បង្គំ

30. ពី​ព្រោះ​ដោយ​ពឹង​ដល់​ទ្រង់ នោះ​ទូល‌បង្គំ​រត់​ចូល​ទៅ​ត​នឹង​កង‌ទ័ព ដោយ‌សារ​ព្រះ​នៃ​ទូល‌បង្គំ នោះ​ទូល‌បង្គំ​លោត​រំលង​កំផែង​បាន

31. ឯ​ផ្លូវ​របស់​ព្រះ នោះ​គ្រប់​លក្ខណ៍ ហើយ​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​បាន​សាក​មើល​ដែរ ទ្រង់​ជា​ខែល​ដល់​អស់​អ្នក​ណា​ដែល​ជ្រក​ក្នុង​ទ្រង់។

32. តើ​អ្នក​ណា​ជា​ព្រះ លើក​តែ​ព្រះ‌យេហូវ៉ា​ប៉ុណ្ណោះ ហើយ​តើ​អ្នក​ណា​ជា​ថ្មដា លើក​តែ​ព្រះ​នៃ​យើង​ខ្ញុំ​តែ​មួយ

33. ព្រះ​ទ្រង់​ជា​បន្ទាយ​មាំ‌មួន​នៃ​ទូល‌បង្គំ ទ្រង់​នាំ​ទូល‌បង្គំ​តាម​ផ្លូវ​គ្រប់​លក្ខណ៍

34. ទ្រង់​ធ្វើ​ឲ្យ​ជើង​ទូល‌បង្គំ បាន​ដូច​ជា​ជើង​ក្តាន់ ហើយ​ក៏​ដាក់​ឲ្យ​ទូល‌បង្គំ​ឈរ​លើ​ទី​ខ្ពស់​របស់​ទូល‌បង្គំ

35. ទ្រង់​បង្ហាត់​ដៃ​ទូល‌បង្គំ​ឲ្យ​ជំនាញ​ក្នុង​ការ​ចំបាំង រហូត​ដល់​ដើម​ដៃ​ទូល‌បង្គំ មាន​កំឡាំង​នឹង​ដំឡើង​ធ្នូ​លង្ហិន​បាន

36. ទ្រង់​បាន​ប្រទាន​ខែល នៃ​សេចក្តី​សង្គ្រោះ​របស់​ទ្រង់ មក​ទូល‌បង្គំ ហើយ​ព្រះ‌ហឫ‌ទ័យ​ស្រទន់​របស់​ទ្រង់​បាន​លើក​ទូល‌បង្គំ​ឡើង​ជា​ធំ

37. ទ្រង់​បាន​ធ្វើ​ឲ្យ​ជំហាន​ទូល‌បង្គំ​ទូលាយ​ចេញ​ទៅ ហើយ​ជើង​ទូល‌បង្គំ​មិន​បាន​រអិល​ភ្លាត់​ឡើយ

38. ទូល‌បង្គំ​បាន​ដេញ​តាម​ពួក​ខ្មាំង​សត្រូវ ហើយ​បំផ្លាញ​គេ​បង់ ទូល‌បង្គំ​ក៏​មិន​បាន​វិល​មក​វិញ ទាល់​តែ​គេ​ត្រូវ​វិនាស​អស់​រលីង

39. ទូល‌បង្គំ​បាន​ធ្វើ​ឲ្យ​គេ​វិនាស​អស់​រលីង បាន​ទាំង​ចាក់​ទំលុះ​គេ ឲ្យ​គេ​ក្រោក​ឡើង​វិញ​មិន​រួច គេ​បាន​ដួល​នៅ​ក្រោម​ជើង​ទូល‌បង្គំ

សូមអានជំពូកពេញលេញ ២ សាំយូអែល 22