គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ សាំយូអែល 22:18-31 ព្រះគម្ពីរបរិសុទ្ធ (KHOV)

18. ទ្រង់​បាន​ដោះ​ឲ្យ​ទូល‌បង្គំ​រួច​ពី​ខ្មាំង​សត្រូវ​យ៉ាង​ខ្លាំង​របស់​ទូល‌បង្គំ គឺ​ពី​ពួក​អ្នក​ដែល​ស្អប់​ទូល‌បង្គំ ដ្បិត​គេ​មាន​កំឡាំង​ច្រើន​ជាង​ទូល‌បង្គំ

19. នៅ​ថ្ងៃ​ដែល​ទូល‌បង្គំ​កើត​មាន​សេចក្តី​អន្តរាយ នោះ​គេ​បាន​មក​ស្ទាក់​ផ្លូវ​ទូល‌បង្គំ តែ​ព្រះ‌យេហូវ៉ា​ទ្រង់​ជា​ជន្ទល់​នៃ​ទូល‌បង្គំ

20. ទ្រង់​ក៏​បាន​នាំ​ទូល‌បង្គំ​ចេញ​ទៅ​នៅ​ទី​ធំ​ទូលាយ ទ្រង់​បាន​ដោះ​ទូល‌បង្គំ​ឲ្យ​រួច ដោយ​ព្រោះ​ទ្រង់​ស្រឡាញ់​ដល់​ទូល‌បង្គំ

21. ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ប្រទាន​រង្វាន់ តាម​សេចក្តី​សុចរិត​របស់​ទូល‌បង្គំ ទ្រង់​បាន​សង​ទូល‌បង្គំ​តាម​សេចក្តី​បរិសុទ្ធ​នៃ​ដៃ​ទូល‌បង្គំ

22. ដ្បិត​ទូល‌បង្គំ​បាន​កាន់​តាម​អស់​ទាំង​ផ្លូវ​នៃ​ព្រះ‌យេហូវ៉ា ហើយ​មិន​ដែល​ថយ​ក្រោយ​ចេញ​ពី​ព្រះ​នៃ​ទូល‌បង្គំ​ដោយ​ប្រព្រឹត្ត​សេចក្តី​អាក្រក់​ឡើយ

23. ពី​ព្រោះ​គ្រប់​ទាំង​បញ្ញត្ត​របស់​ទ្រង់ បាន​នៅ​ចំពោះ​មុខ​ទូល‌បង្គំ ហើយ​ទូល‌បង្គំ​មិន​បាន​ងាក​ចេញ ពី​ក្រឹត្យ​របស់​ទ្រង់​ណា​មួយ​សោះ

24. ទូល‌បង្គំ​បាន​គ្រប់​លក្ខណ៍​នៅ​ចំពោះ​ទ្រង់ ហើយ​បាន​រក្សា​ខ្លួន​ឲ្យ​រួច​ពី​សេចក្តី​អាក្រក់​របស់​ទូល‌បង្គំ

25. ហេតុ​នោះ​បាន​ជា​ព្រះ‌យេហូវ៉ា​ទ្រង់​ប្រទាន​រង្វាន់​មក តាម​សេចក្តី​ទៀង​ត្រង់​របស់​ទូល‌បង្គំ គឺ​តាម​សេចក្តី​បរិសុទ្ធ​របស់​ទូល‌បង្គំ​នៅ​ចំពោះ​ព្រះ‌នេត្រ​ទ្រង់។

26. ទ្រង់​សំដែង​សេចក្តី​មេត្តា ចំពោះ​អ្នក​ណា ដែល​មាន​ចិត្ត​មេត្តា ក៏​សំដែង​សេចក្តី​គ្រប់​លក្ខណ៍ ចំពោះ​អ្នក​ណា​ដែល​គ្រប់​លក្ខណ៍

27. ទ្រង់​សំដែង​សេចក្តី​បរិសុទ្ធ​ចំពោះ​អ្នក​ណា​ដែល​បរិសុទ្ធ តែ​ទ្រង់​ត‌យុទ្ធ​នឹង​មនុស្ស​ក្រវិច‌ក្រវៀន​វិញ

28. ទ្រង់​តែង​សង្គ្រោះ​ដល់​មនុស្ស​ដែល​ត្រូវ​គេ​សង្កត់‌សង្កិន តែ​ព្រះ‌នេត្រ​ទ្រង់​ទត​ឃើញ​ពួក​ឆ្មើង‌ឆ្មៃ ដើម្បី​បន្ទាប​គេ​ចុះ

29. ដ្បិត ឱ​ព្រះ‌យេហូវ៉ា​អើយ ទ្រង់​ជា​ចង្កៀង​នៃ​ទូល‌បង្គំ ព្រះ‌យេហូវ៉ា​ទ្រង់​បំភ្លឺ ក្នុង​ទី​ងងឹត​នៃ​ទូល‌បង្គំ

30. ពី​ព្រោះ​ដោយ​ពឹង​ដល់​ទ្រង់ នោះ​ទូល‌បង្គំ​រត់​ចូល​ទៅ​ត​នឹង​កង‌ទ័ព ដោយ‌សារ​ព្រះ​នៃ​ទូល‌បង្គំ នោះ​ទូល‌បង្គំ​លោត​រំលង​កំផែង​បាន

31. ឯ​ផ្លូវ​របស់​ព្រះ នោះ​គ្រប់​លក្ខណ៍ ហើយ​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​បាន​សាក​មើល​ដែរ ទ្រង់​ជា​ខែល​ដល់​អស់​អ្នក​ណា​ដែល​ជ្រក​ក្នុង​ទ្រង់។

សូមអានជំពូកពេញលេញ ២ សាំយូអែល 22