15. ក៏បាញ់ព្រួញនៃទ្រង់ទៅកំចាត់កំចាយគេ និងរន្ទះទៅបំបាក់គេដែរ
16. នោះបាតសមុទ្រក៏លេចឡើង ហើយឫសនៃលោកីយ៍បានបើកឲ្យឃើញច្បាស់ ដោយព្រះយេហូវ៉ាទ្រង់បន្ទោស គឺកាលឮសូរខ្យល់គំហុកចេញពីព្រះនាសាទ្រង់។
17. ទ្រង់ចាត់ពីលើស្ថានដ៏ខ្ពស់ ឲ្យមកចាប់ទូលបង្គំស្រង់ចេញពីទឹកធំ
18. ទ្រង់បានដោះឲ្យទូលបង្គំរួចពីខ្មាំងសត្រូវយ៉ាងខ្លាំងរបស់ទូលបង្គំ គឺពីពួកអ្នកដែលស្អប់ទូលបង្គំ ដ្បិតគេមានកំឡាំងច្រើនជាងទូលបង្គំ
19. នៅថ្ងៃដែលទូលបង្គំកើតមានសេចក្តីអន្តរាយ នោះគេបានមកស្ទាក់ផ្លូវទូលបង្គំ តែព្រះយេហូវ៉ាទ្រង់ជាជន្ទល់នៃទូលបង្គំ
20. ទ្រង់ក៏បាននាំទូលបង្គំចេញទៅនៅទីធំទូលាយ ទ្រង់បានដោះទូលបង្គំឲ្យរួច ដោយព្រោះទ្រង់ស្រឡាញ់ដល់ទូលបង្គំ
21. ព្រះយេហូវ៉ាទ្រង់បានប្រទានរង្វាន់ តាមសេចក្តីសុចរិតរបស់ទូលបង្គំ ទ្រង់បានសងទូលបង្គំតាមសេចក្តីបរិសុទ្ធនៃដៃទូលបង្គំ
22. ដ្បិតទូលបង្គំបានកាន់តាមអស់ទាំងផ្លូវនៃព្រះយេហូវ៉ា ហើយមិនដែលថយក្រោយចេញពីព្រះនៃទូលបង្គំដោយប្រព្រឹត្តសេចក្តីអាក្រក់ឡើយ
23. ពីព្រោះគ្រប់ទាំងបញ្ញត្តរបស់ទ្រង់ បាននៅចំពោះមុខទូលបង្គំ ហើយទូលបង្គំមិនបានងាកចេញ ពីក្រឹត្យរបស់ទ្រង់ណាមួយសោះ
24. ទូលបង្គំបានគ្រប់លក្ខណ៍នៅចំពោះទ្រង់ ហើយបានរក្សាខ្លួនឲ្យរួចពីសេចក្តីអាក្រក់របស់ទូលបង្គំ
25. ហេតុនោះបានជាព្រះយេហូវ៉ាទ្រង់ប្រទានរង្វាន់មក តាមសេចក្តីទៀងត្រង់របស់ទូលបង្គំ គឺតាមសេចក្តីបរិសុទ្ធរបស់ទូលបង្គំនៅចំពោះព្រះនេត្រទ្រង់។
26. ទ្រង់សំដែងសេចក្តីមេត្តា ចំពោះអ្នកណា ដែលមានចិត្តមេត្តា ក៏សំដែងសេចក្តីគ្រប់លក្ខណ៍ ចំពោះអ្នកណាដែលគ្រប់លក្ខណ៍
27. ទ្រង់សំដែងសេចក្តីបរិសុទ្ធចំពោះអ្នកណាដែលបរិសុទ្ធ តែទ្រង់តយុទ្ធនឹងមនុស្សក្រវិចក្រវៀនវិញ
28. ទ្រង់តែងសង្គ្រោះដល់មនុស្សដែលត្រូវគេសង្កត់សង្កិន តែព្រះនេត្រទ្រង់ទតឃើញពួកឆ្មើងឆ្មៃ ដើម្បីបន្ទាបគេចុះ
29. ដ្បិត ឱព្រះយេហូវ៉ាអើយ ទ្រង់ជាចង្កៀងនៃទូលបង្គំ ព្រះយេហូវ៉ាទ្រង់បំភ្លឺ ក្នុងទីងងឹតនៃទូលបង្គំ
30. ពីព្រោះដោយពឹងដល់ទ្រង់ នោះទូលបង្គំរត់ចូលទៅតនឹងកងទ័ព ដោយសារព្រះនៃទូលបង្គំ នោះទូលបង្គំលោតរំលងកំផែងបាន
31. ឯផ្លូវរបស់ព្រះ នោះគ្រប់លក្ខណ៍ ហើយព្រះបន្ទូលនៃព្រះយេហូវ៉ាបានសាកមើលដែរ ទ្រង់ជាខែលដល់អស់អ្នកណាដែលជ្រកក្នុងទ្រង់។
32. តើអ្នកណាជាព្រះ លើកតែព្រះយេហូវ៉ាប៉ុណ្ណោះ ហើយតើអ្នកណាជាថ្មដា លើកតែព្រះនៃយើងខ្ញុំតែមួយ
33. ព្រះទ្រង់ជាបន្ទាយមាំមួននៃទូលបង្គំ ទ្រង់នាំទូលបង្គំតាមផ្លូវគ្រប់លក្ខណ៍