គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ សាំយូអែល 22:1-10 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. រីឯ​នៅ​ថ្ងៃ ដែល​ព្រះ‌យេហូវ៉ា​បាន​ជួយ​សង្គ្រោះ​ដាវីឌ ឲ្យ​រួច​ពី​កណ្តាប់​ដៃ​នៃ​ពួក​ខ្មាំង​សត្រូវ​ទ្រង់​ទាំង​ប៉ុន្មាន ហើយ​ពី​កណ្តាប់​ដៃ​នៃ​សូល នោះ​ទ្រង់​ក៏​ពោល​ទំនុក​នេះ​ទូល​ព្រះ‌យេហូវ៉ា​ថា

2. ព្រះ‌យេហូវ៉ា​ទ្រង់​ជា​ថ្មដា ហើយ​ជា​បន្ទាយ​នៃ​ទូល‌បង្គំ ទ្រង់​ជា​អ្នក​ជួយ​ទូល‌បង្គំ​ឲ្យ​រួច

3. ព្រះ​ទ្រង់​ជា​ថ្មដា​នៃ​ទូល‌បង្គំៗ​នឹង​យក​ទ្រង់​ជា​ទី​ពឹង ទ្រង់​ក៏​ជា​ខែល ជា​ស្នែង​នៃ​សេចក្តី​សង្គ្រោះ​របស់​ទូល‌បង្គំ ជា​ប៉ម​យ៉ាង​ខ្ពស់ ហើយ​ជា​ទី​ជ្រក‌កោន​នៃ​ទូល‌បង្គំ ទ្រង់​ជា​អ្នក​ជួយ​សង្គ្រោះ ដែល​សង្គ្រោះ​ទូល‌បង្គំ​ឲ្យ​រួច​ពី​អំណាច​អាក្រក់

4. ទូល‌បង្គំ​នឹង​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា ដែល​ទ្រង់​គាប់​គួរ​សរសើរ យ៉ាង​នោះ​ទូល‌បង្គំ​នឹង​បាន​សង្គ្រោះ ឲ្យ​រួច​ពី​ពួក​ខ្មាំង​សត្រូវ​ហើយ

5. ដ្បិត​រលក​នៃ​សេចក្តី​ស្លាប់​បាន​ព័ទ្ធ​ជុំវិញ​ទូល‌បង្គំ សេចក្តី​ទុច្ចរិត​បាន​ហូរ​ជន់​ឡើង បំភ័យ​ទូល‌បង្គំ។

6. ខ្សែ​នៃ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ បាន​រុំ​រួប​ជុំវិញ​ទូល‌បង្គំ ខ្សែ‌រូត​នៃ​សេចក្តី​ស្លាប់​បាន​ស្ទះ​ផ្លូវ​ទូល‌បង្គំ​ហើយ

7. នៅ​គ្រា​មាន​សេចក្តី​វេទនា នោះ​ទូល‌បង្គំ​បាន​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា គឺ​បាន​ស្រែក​រក​ព្រះ​នៃ​ទូល‌បង្គំ ទ្រង់​ក៏​ឮ​សំឡេង​នៃ​ទូល‌បង្គំ​ពី​ក្នុង​ព្រះ‌វិហារ​ទ្រង់ សំរែក​របស់​ទូល‌បង្គំ​បាន​ឮ​នៅ​ព្រះ‌កាណ៌​ទ្រង់

8. នោះ​ផែនដី​បាន​ញ័រ​កក្រើក ឫស​ផ្ទៃ​មេឃ​ក៏​រំពើក ហើយ​ត្រូវ​រញ្ជួយ ដោយ​ព្រោះ​ទ្រង់​មាន​សេចក្តី​ក្រោធ

9. មាន​ផ្សែង​ហុយ​ចេញ​ពី​ព្រះ‌នាសា​ទ្រង់ ភ្លើង​ដែល​ចេញ​ពី​ព្រះ‌ឱស្ឋ​ទ្រង់​មក ក៏​ឆេះ​បន្សុស ហើយ​ផុស​ចេញ​ជា​ព្រាក‌ផ្លេកៗ

10. ទ្រង់​បាន​បន្ទាប​ផ្ទៃ​មេឃ​យាង​ចុះ​មក មាន​ងងឹត​យ៉ាង​ក្រាស់ នៅ​ក្រោម​ព្រះ‌បាទ​ទ្រង់

សូមអានជំពូកពេញលេញ ២ សាំយូអែល 22