គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ សាំយូអែល 2:7-23 ព្រះគម្ពីរបរិសុទ្ធ (KHOV)

7. ដូច្នេះ សូម​ឲ្យ​អ្នក​រាល់​គ្នា​មាន​កំឡាំង​ដៃ​ឡើង ហើយ​មាន​ចិត្ត​ក្លាហាន​ចុះ ដ្បិត​សូល ជា​ចៅ‌ហ្វាយ​នៃ​អ្នក​រាល់​គ្នា ទ្រង់​អស់​ព្រះ‌ជន្ម​ហើយ មួយ​ទៀត ពួក​ជន‌ជាតិ​យូដា បាន​ចាក់​ប្រេង​តាំង​ខ្ញុំ​ឲ្យ​ធ្វើ​ជា​ស្តេច​លើ​គេ​វិញ។

8. រីឯ​អ័ប៊ី‌នើរ កូន​នើរ ជា​មេ‌ទ័ព​របស់​សូល លោក​បាន​នាំ​យក​អ៊ីស-បូសែត​ជា​បុត្រា​សូល ទៅ​ឯ​ក្រុង​ម៉ាហា‌ណែម

9. ហើយ​បាន​តាំង​ឡើង​ជា​ស្តេច​លើ​ពួក​កាឡាត ពួក​អេស៊ើរ ពួក​យេស‌រាល ពួក​អេប្រា‌អិម និង​ពួក​បេន‌យ៉ា‌មីន ហើយ​នឹង​លើ​ពួក​អ៊ីស្រា‌អែល​ទាំង​អស់

10. ឯ​អ៊ីស-បូសែត ជា​បុត្រា​សូល​នេះ ទ្រង់​មាន​ព្រះ‌ជន្ម​៤០​ឆ្នាំ​ហើយ ក្នុង​កាល​ដែល​ចាប់​សោយ‌រាជ្យ​លើ​ពួក​អ៊ីស្រា‌អែល ទ្រង់​ក៏​សោយ‌រាជ្យ​បាន​២​ឆ្នាំ តែ​ពួក​ជន‌ជាតិ​យូដា គេ​ប្រតិ‌បត្តិ​តាម​ដាវីឌ​វិញ

11. ហើយ​គ្រា​ដែល​ដាវីឌ​សោយ‌រាជ្យ​លើ​ជន‌ជាតិ​យូដា នៅ​ក្រុង​ហេប្រុន នោះ​ទាំង​អស់​បាន​៧​ឆ្នាំ​៦​ខែ។

12. ឯ​អ័ប៊ី‌នើរ ជា​កូន​នើរ និង​ពួក​ខាង​អ៊ីស-បូសែត​ជា​បុត្រា​សូល គេ​ក៏​ចេញ​ពី​ម៉ាហា‌ណែម ទៅ​ឯ​គីបៀន

13. ហើយ​យ៉ូអាប់ ជា​កូន​សេរូយ៉ា និង​ពួក​ខាង​ដាវីឌ​ក៏​ចេញ​ទៅ​ប្រទះ​គ្នា នៅ​ត្រង់​ស្រះ​គីបៀន គេ​អង្គុយ​នៅ​ទាំង​សង​ខាង​ស្រះ គឺ​ម្ខាង​ពួក​១ ម្ខាង​ពួក​១

14. នោះ​អ័ប៊ី‌នើរ​និយាយ​ទៅ​យ៉ូអាប់​ថា ចូរ​ឲ្យ​ពួក​កំឡោះៗ​ក្រោក​ឡើង​លេង​គ្នា​នៅ​មុខ​យើង​ទៅ យ៉ូអាប់​ក៏​ឆ្លើយ​ថា ចូរ​ឲ្យ​គេ​ក្រោក​ឡើង​ចុះ

15. នោះ​គេ​ក៏​ក្រោក​ឡើង​ទៅ​តាម​ចំនួន​ដែល​បាន​កំណត់ គឺ​មាន​១២​នាក់​ដំណាង​ខាង​ពួក​បេន‌យ៉ា‌មីន និង​អ៊ីស-បូសែត​ជា​បុត្រា​សូល ហើយ​១២​នាក់​ដំណាង​ខាង​ពួក​ដាវីឌ

16. គ្រប់​គ្នា​ក៏​ចាប់​ក្បាល​គូ​គេ​រៀង​ខ្លួន ហើយ​ចាក់​គ្នា​ត្រង់​ចំហៀង​ដោយ​ដាវ ដួល​ស្លាប់​ទាំង​អស់​គ្នា​ទៅ ដូច្នេះ គេ​ហៅ​ទី​នោះ​ថា ហេល‌កាត-ហា‌ស៊ូ‌រីម ទី​នោះ​នៅ​ត្រង់​គីបៀន

17. រួច​នៅ​ថ្ងៃ​នោះ ចំបាំង​ក៏​សាហាវ​ណាស់ ហើយ​អ័ប៊ី‌នើរ និង​ពួក​ខាង​អ៊ីស្រា‌អែល ត្រូវ​ចាញ់​ដៃ​នៃ​ពួក​ខាង​ដាវីឌ។

18. រីឯ​យ៉ូអាប់ អ័ប៊ី‌សាយ និង​អេសា‌អែល ទាំង​៣​នាក់​ដែល​ជា​កូន​សេរូយ៉ា ក៏​នៅ​ទី​នោះ ឯ​អេសា‌អែល​មាន​ជើង​លឿន​ណាស់ ដូច​ជា​ប្រើស​ព្រៃ

19. គាត់​ក៏​ដេញ​តាម​អ័ប៊ី‌នើរ​ទៅ ឥត​បង្អង់​ដោយ​ងាក​បែរ​ទៅ​ខាង​ស្តាំ ឬ​ខាង​ឆ្វេង​ឡើយ

20. នោះ​អ័ប៊ី‌នើរ​ក៏​ក្រឡេក​មើល​មក​ក្រោយ សួរ​ថា តើ​ឯង​ឬ​អី​អេសា‌អែល​អើយ គាត់​ឆ្លើយ​ថា គឺ​អញ​នេះ​ហើយ

21. ដូច្នេះ អ័ប៊ី‌នើរ​ប្រាប់​គាត់​ថា ចូរ​ឯង​បែរ​ទៅ​ខាង​ស្តាំ ឬ​ខាង​ឆ្វេង ដើម្បី​នឹង​ចាប់​កំឡោះ​ណា​ម្នាក់ ហើយ​យក​គ្រឿង​សស្ត្រា‌វុធ​របស់​គេ​វិញ តែ​អេសា‌អែល​ចេះ​តែ​ដេញ​តាម​លោក​ទៅ មិន​ព្រម​បែរ​ចេញ​ឡើយ

22. អ័ប៊ី‌នើរ​ក៏​ប្រាប់​ទៅ​អេសា‌អែល​ម្តង​ទៀត​ថា ចូរ​ឯង​បែរ​ចេញ​លែង​តាម​អញ​ទៅ ត្រូវ​ឲ្យ​អញ​វាយ​ឯង​ឲ្យ​ដួល​ដល់​ដី​ធ្វើ​អី បើ​ដូច្នោះ​ធ្វើ​ដូច​ម្តេច​ឲ្យ​អញ​បាន​ងើប​មុខ​នៅ​ចំពោះ​យ៉ូអាប់ ជា​បង​ឯង​បាន

23. ប៉ុន្តែ គាត់​មិន​ព្រម​បែរ​ចេញ​សោះ​ឡើយ បាន​ជា​អ័ប៊ី‌នើរ​កាន់​លំពែង​បុះ​ទៅ​ក្រោយ ត្រូវ​ត្រង់​ពោះ​គាត់ ដោយ​ចុង​ដង​លំពែង ធ្លុះ​ចេញ​មក​ក្រោយ ហើយ​គាត់​ដួល​ស្លាប់​នៅ​ទី​នោះ​ឯង ឯ​អស់​អ្នក​ដែល​មក​តាម​ក្រោយ ដល់​កន្លែង​អេសា‌អែល​ដួល​ស្លាប់​នោះ គេ​ក៏​ឈប់​នៅ។

សូមអានជំពូកពេញលេញ ២ សាំយូអែល 2