គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ សាំយូអែល 2:24-32 ព្រះគម្ពីរបរិសុទ្ធ (KHOV)

24. យ៉ូអាប់ និង​អ័ប៊ី‌សាយ គេ​ចេះ​តែ​ដេញ​តាម​អ័ប៊ី‌នើរ​ទៅ កាល​គេ​មក​ដល់​ភ្នំ​អាំម៉ា ដែល​នៅ​ប្រទល់​មុខ​នឹង​គីយ៉ា តាម​ផ្លូវ​កាត់​ទី​រហោ‌ស្ថាន​គីបៀន នោះ​ថ្ងៃ​ក៏​លិច

25. ចំណែក​ពួក​ខាង​បេន‌យ៉ា‌មីន គេ​មូល​ផ្តុំ​គ្នា​ជា​ពួក​១​នឹង​អ័ប៊ី‌នើរ ក៏​ឈរ​នៅ​លើ​កំពូល​កូន​ភ្នំ​១

26. នោះ​អ័ប៊ី‌នើរ​ក៏​ស្រែក​ហៅ​ទៅ​យ៉ូអាប់​ថា តើ​ត្រូវ​ឲ្យ​ដាវ​ស៊ី​បំផ្លាញ​ជា​រៀង‌រាប​ដរាប​ឬ តើ​មិន​ដឹង​ទេ​ឬ​អី ថា​ដល់​ចុង​បំផុត​នឹង​មាន​សេចក្តី​ជូរ​ចត់ ដូច្នេះ តើ​ចាំ​ដល់​កាល​ណា​ទៀត ទើប​ប្រាប់​ដល់​ពួក​ពល ឲ្យ​ត្រឡប់​វិល​ទៅ​វិញ លែង​ដេញ​តាម​បង​ប្អូន​គេ​នោះ

27. យ៉ូអាប់​ឆ្លើយ​ថា ខ្ញុំ​ស្បថ​ដោយ​នូវ​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់​ថា បើ​ឯង​មិន​បាន​និយាយ​ទេ នោះ​ដល់​ព្រឹក​ឡើង គង់​តែ​ពួក​ពល​ទាំង​ប៉ុន្មាន បាន​ចេញ​ទៅ​លែង​ដេញ​តាម​បង​ប្អូន​គេ​រៀង​ខ្លួន​ហើយ

28. ដូច្នេះ យ៉ូអាប់​ក៏​ផ្លុំ​ត្រែ​ឡើង ហើយ​ពួក​ពល​ឈប់​នឹង​នៅ គេ​លែង​ដេញ​តាម​ពួក​អ៊ីស្រា‌អែល​ត​ទៅ ក៏​មិន​បាន​ច្បាំង​គ្នា​ទៀត​ឡើយ

29. ឯ​អ័ប៊ី‌នើរ ព្រម​ទាំង​ពួក​ពល​ទ័ព​របស់​លោក គេ​ដើរ​កាត់​ស្រុក​វាល ពេញ​១​យប់​នោះ រួច​គេ​ឆ្លង​ទន្លេ​យ័រដាន់ ហើយ​ក៏​ដើរ​កាត់​ស្រុក​ប៊ីត្រោន ដល់​ទៅ​ម៉ាហា‌ណែម​វិញ។

30. យ៉ូអាប់​ក៏​វិល​ត្រឡប់​មក ពី​ដេញ​តាម​អ័ប៊ី‌នើរ​ដែរ ហើយ​កាល​លោក​បាន​ប្រមូល​ពួក​ពល​ខាង​ដាវីឌ​ទាំង​អស់​មក នោះ​ឃើញ​បាត់​តែ​១៩​នាក់ ហើយ​នឹង​អេសា‌អែល​ប៉ុណ្ណោះ

31. តែ​ពួក​ពល​របស់​ដាវីឌ បាន​វាយ​សំឡាប់​ខាង​ពួក​បេន‌យ៉ា‌មីន និង​ពួក​អ័ប៊ី‌នើរ​អស់​៣៦០​នាក់

32. រួច​គេ​នាំ​យក​សព​របស់​អេសា‌អែល ទៅ​បញ្ចុះ​ក្នុង​ផ្នូរ​របស់​ឪពុក​គាត់ ដែល​នៅ​បេថ្លេ‌ហិម​ទៅ នោះ​យ៉ូអាប់ ព្រម​ទាំង​ពួក​លោក​ក៏​ដើរ​ពេញ​១​យប់​នោះ មក​ដល់​ក្រុង​ហេប្រុន នៅ​ពេល​ថ្ងៃ​ទើប​នឹង​ភ្លឺ។

សូមអានជំពូកពេញលេញ ២ សាំយូអែល 2