គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ សាំយូអែល 2:20-26 ព្រះគម្ពីរបរិសុទ្ធ (KHOV)

20. នោះ​អ័ប៊ី‌នើរ​ក៏​ក្រឡេក​មើល​មក​ក្រោយ សួរ​ថា តើ​ឯង​ឬ​អី​អេសា‌អែល​អើយ គាត់​ឆ្លើយ​ថា គឺ​អញ​នេះ​ហើយ

21. ដូច្នេះ អ័ប៊ី‌នើរ​ប្រាប់​គាត់​ថា ចូរ​ឯង​បែរ​ទៅ​ខាង​ស្តាំ ឬ​ខាង​ឆ្វេង ដើម្បី​នឹង​ចាប់​កំឡោះ​ណា​ម្នាក់ ហើយ​យក​គ្រឿង​សស្ត្រា‌វុធ​របស់​គេ​វិញ តែ​អេសា‌អែល​ចេះ​តែ​ដេញ​តាម​លោក​ទៅ មិន​ព្រម​បែរ​ចេញ​ឡើយ

22. អ័ប៊ី‌នើរ​ក៏​ប្រាប់​ទៅ​អេសា‌អែល​ម្តង​ទៀត​ថា ចូរ​ឯង​បែរ​ចេញ​លែង​តាម​អញ​ទៅ ត្រូវ​ឲ្យ​អញ​វាយ​ឯង​ឲ្យ​ដួល​ដល់​ដី​ធ្វើ​អី បើ​ដូច្នោះ​ធ្វើ​ដូច​ម្តេច​ឲ្យ​អញ​បាន​ងើប​មុខ​នៅ​ចំពោះ​យ៉ូអាប់ ជា​បង​ឯង​បាន

23. ប៉ុន្តែ គាត់​មិន​ព្រម​បែរ​ចេញ​សោះ​ឡើយ បាន​ជា​អ័ប៊ី‌នើរ​កាន់​លំពែង​បុះ​ទៅ​ក្រោយ ត្រូវ​ត្រង់​ពោះ​គាត់ ដោយ​ចុង​ដង​លំពែង ធ្លុះ​ចេញ​មក​ក្រោយ ហើយ​គាត់​ដួល​ស្លាប់​នៅ​ទី​នោះ​ឯង ឯ​អស់​អ្នក​ដែល​មក​តាម​ក្រោយ ដល់​កន្លែង​អេសា‌អែល​ដួល​ស្លាប់​នោះ គេ​ក៏​ឈប់​នៅ។

24. យ៉ូអាប់ និង​អ័ប៊ី‌សាយ គេ​ចេះ​តែ​ដេញ​តាម​អ័ប៊ី‌នើរ​ទៅ កាល​គេ​មក​ដល់​ភ្នំ​អាំម៉ា ដែល​នៅ​ប្រទល់​មុខ​នឹង​គីយ៉ា តាម​ផ្លូវ​កាត់​ទី​រហោ‌ស្ថាន​គីបៀន នោះ​ថ្ងៃ​ក៏​លិច

25. ចំណែក​ពួក​ខាង​បេន‌យ៉ា‌មីន គេ​មូល​ផ្តុំ​គ្នា​ជា​ពួក​១​នឹង​អ័ប៊ី‌នើរ ក៏​ឈរ​នៅ​លើ​កំពូល​កូន​ភ្នំ​១

26. នោះ​អ័ប៊ី‌នើរ​ក៏​ស្រែក​ហៅ​ទៅ​យ៉ូអាប់​ថា តើ​ត្រូវ​ឲ្យ​ដាវ​ស៊ី​បំផ្លាញ​ជា​រៀង‌រាប​ដរាប​ឬ តើ​មិន​ដឹង​ទេ​ឬ​អី ថា​ដល់​ចុង​បំផុត​នឹង​មាន​សេចក្តី​ជូរ​ចត់ ដូច្នេះ តើ​ចាំ​ដល់​កាល​ណា​ទៀត ទើប​ប្រាប់​ដល់​ពួក​ពល ឲ្យ​ត្រឡប់​វិល​ទៅ​វិញ លែង​ដេញ​តាម​បង​ប្អូន​គេ​នោះ

សូមអានជំពូកពេញលេញ ២ សាំយូអែល 2