គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ សាំយូអែល 18:26-33 ព្រះគម្ពីរបរិសុទ្ធ (KHOV)

26. រួច​អ្នក​ចាំ​យាម​ឃើញ​ម្នាក់​ទៀត​កំពុង​តែ​រត់​មក ក៏​ស្រែក​ប្រាប់​ទៅ​អ្នក​ឆ្មាំ​ទ្វារ​ថា មើល​ន៏ មាន​ម្នាក់​ទៀត​រត់​មក​ដែរ ស្តេច​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា នោះ​ក៏​នាំ​ដំណឹង​មក​ដែរ

27. អ្នក​ចាំ​យាម​ទូល​ថា ទូល‌បង្គំ​ស្មាន​ថា អ្នក​ដែល​រត់​មក​មុន នោះ​មាន​ភាព​រត់​ដូច​ជា​អ័ហ៊ីម៉ាស កូន​សាដុក ស្តេច​មាន​ព្រះ‌បន្ទូល​តប​ថា អ្នក​នោះ​ជា​មនុស្ស​ល្អ ក៏​នាំ​ដំណឹង​ល្អ​មក។

28. គ្រា​នោះ អ័ហ៊ីម៉ាស​ស្រែក​ទូល​មក​ស្តេច​ថា មាន​សុខ​ហើយ រួច​គាត់​ក្រាប​ផ្កាប់​មុខ​ដល់​ដី នៅ​ចំពោះ​ស្តេច ទូល​ថា សូម​ក្រាប​ថ្វាយ‌បង្គំ​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ព្រះ‌ករុណា ដោយ​ទ្រង់​បាន​ប្រគល់​ពួក​អ្នក​ដែល​លើក​ដៃ​ទាស់ និង​ព្រះ‌ករុណា ជា​ព្រះ‌អម្ចាស់​នៃ​ទូល‌បង្គំ មក​ហើយ

29. ស្តេច​ទ្រង់​មាន​ព្រះ‌បន្ទូល​សួរ​ថា តើ​អាប់‌សា‌ឡំម ជា​កូន​ប្រុស​យើង សុខ​សប្បាយ​ទេ​ឬ អ័ហ៊ីម៉ាស​ទូល​ឆ្លើយ​ថា កាល​យ៉ូអាប់​បាន​ចាត់​ទូល‌បង្គំ ជា​អ្នក​បំរើ​នៃ​ព្រះ‌ករុណា​មក នោះ​ទូល‌បង្គំ​ឃើញ​ថា មាន​ជ្រួល‌ជ្រើម​ជា​ខ្លាំង តែ​មិន​ដឹង​ជា​មាន​ហេតុ​អ្វី​ទេ

30. ដូច្នេះ ស្តេច​ប្រាប់​ថា ចូរ​ឯង​បែរ​ទៅ ឈរ​ខាង​នោះ​សិន គាត់​ក៏​បែរ​ទៅ ឈរ​ស្ងៀម​នៅ​ទី​នោះ។

31. លំដាប់​នោះ គូស៊ី​ក៏​មក​ដល់​ទូល​ថា ទូល‌បង្គំ​មាន​ដំណឹង​មក​ថ្វាយ​ព្រះ‌ករុណា ជា​ព្រះ‌អម្ចាស់​នៃ​ទូល‌បង្គំ ដ្បិត​នៅ​ថ្ងៃ​នេះ ព្រះ‌យេហូវ៉ា​បាន​សង‌សឹក​នឹង​ពួក​ក្បត់ ដែល​បាន​លើក​ដៃ ទាស់​នឹង​ព្រះ‌ករុណា​ហើយ

32. ស្តេច​ទ្រង់​មាន​ព្រះ‌បន្ទូល​សួរ​គូស៊ី​ថា តើ​អាប់‌សា‌ឡំម​កូន​ប្រុស​យើង​សុខ​សប្បាយ​ទេ​ឬ គូស៊ី​ទូល​ឆ្លើយ​ថា សូម​ឲ្យ​ពួក​ខ្មាំង​សត្រូវ​នៃ​ព្រះ‌ករុណា ជា​ព្រះ‌អម្ចាស់​នៃ​ទូល‌បង្គំ និង​អស់​អ្នក​ដែល​លើក​គ្នា​ក្បត់​ចំពោះ​ទ្រង់ បាន​ដូច​ជា​បុត្រា​ទ្រង់​ចុះ។

33. នោះ​ស្តេច​ទ្រង់​មាន​សេចក្តី​រំជួល​ក្នុង​ព្រះ‌ទ័យ​ជា​ខ្លាំង ក៏​យាង​ឡើង​ទៅ​ក្នុង​បន្ទប់​ខាង​លើ​ខ្លោង‌ទ្វារ ហើយ​ទ្រង់​ព្រះ‌កន្សែង​កំពុង​ដែល​ទ្រង់​យាង​ទៅ ទ្រង់​ក៏​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ឱ​អាប់‌សា‌ឡំម កូន​អញ កូន​អញ​អើយ ឱ​អាប់‌សា‌ឡំម កូន​អញ​អើយ ស៊ូ​ឲ្យ​អញ​បាន​ស្លាប់​ជំនួស​ឯង ឱ​អាប់‌សា‌ឡំម កូន​អញ កូន​អញ​អើយ។

សូមអានជំពូកពេញលេញ ២ សាំយូអែល 18