គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ សាំយូអែល 18:13-26 ព្រះគម្ពីរបរិសុទ្ធ (KHOV)

13. បើ​សិន​ជា​ខ្ញុំ​បាន​ក្បត់​ចំពោះ​ព្រះ‌ជន្ម​ព្រះ‌រាជ​បុត្រ​នោះ​វិញ គ្មាន​អ្វី​លាក់​កំបាំង​នឹង​ស្តេច​ឡើយ សូម្បី​តែ​លោក​ក៏​នឹង​លើក ទាស់​នឹង​ខ្ញុំ​ដែរ

14. យ៉ូអាប់​ឆ្លើយ​ថា មិន​គួរ​ឲ្យ​អញ​នៅ​បង្ខាត​ពេល​ជា​មួយ​នឹង​ឯង​ដូច្នេះ​ទេ រួច​លោក​ចាប់​យក​ដែក​ពួយ​៣ កាន់​នៅ​ដៃ​ទៅ​ពួយ​ទំលុះ​ត្រង់​បេះ‌ដូង​អាប់‌សា‌ឡំម ក្នុង​កាល​ដែល​កំពុង​នៅ​រស់ ជាប់​នៅ​នឹង​ដើម​ម៉ៃសាក់​នៅ​ឡើយ

15. ឯ​មនុស្ស​កំឡោះ​១០​នាក់ ដែល​កាន់​គ្រឿង​របស់​យ៉ូអាប់ ក៏​ចោម‌រោម​វាយ​សំឡាប់​អាប់‌សា‌ឡំម​ទៅ។

16. រួច​ហើយ យ៉ូអាប់​ផ្លុំ​ត្រែ​ឡើង នោះ​ពួក​ទ័ព​ក៏​វិល​ត្រឡប់​ពី​ដេញ​តាម​ពួក​អ៊ីស្រា‌អែល​មក​វិញ ដ្បិត​លោក​ប្រណី​ដល់​គេ

17. គេ​យក​សព​របស់​អាប់‌សា‌ឡំម ទៅ​បោះ​ចោល​ក្នុង​រណ្តៅ​ធំ នៅ​កណ្តាល​ព្រៃ រួច​បង្គរ​ថ្ម​ពី​លើ​ជា​គំនរ​យ៉ាង​ធំ ឯ​ពួក​អ៊ីស្រា‌អែល​ទាំង​អស់ គេ​រត់​ទៅ​ឯ​ទី​លំនៅ​របស់​គេ​រៀង​ខ្លួន​ទៅ

18. រីឯ​នៅ​គ្រា​ដែល​អាប់‌សា‌ឡំម​គង់​ព្រះ‌ជន្ម​នៅ​ឡើយ នោះ​ទ្រង់​ធ្វើ​បង្គោល​ថ្ម​១ ទុក​នៅ​ច្រក​ភ្នំ​នៃ​ហ្លួង​សំរាប់​ជា​ទី​រំឭក ដោយ​នឹក​ថា អញ​គ្មាន​កូន​ប្រុស ដើម្បី​នឹង​បន្ត​ឈ្មោះ​អញ​ទេ ទ្រង់​ក៏​ដាក់​ឈ្មោះ​ថ្ម​នោះ​តាម​នាម​របស់​ទ្រង់ គេ​ក៏​ហៅ​ថ្ម​នោះ​ថា «ថ្ម​អាប់‌សា‌ឡំម» ដរាប​ដល់​សព្វ​ថ្ងៃ​នេះ។

19. គ្រា​នោះ​អ័ហ៊ីម៉ាស កូន​សាដុក មាន​វាចា​ថា សូម​អនុញ្ញាត​ឲ្យ​ខ្ញុំ​នាំ​ដំណឹង រត់​ទៅ​ទូល​ស្តេច ពី​ដំណើរ​ដែល​ព្រះ‌យេហូវ៉ា​បាន​សង‌សឹក​នឹង​ខ្មាំង​សត្រូវ​ទ្រង់​ហើយ

20. តែ​យ៉ូអាប់​ឆ្លើយ​ថា ថ្ងៃ​នេះ ឯង​មិន​ត្រូវ​នាំ​យក​ដំណឹង​ទៅ​ទេ ចាំ​ដល់​ថ្ងៃ​ក្រោយ​វិញ តែ​ថ្ងៃ​នេះ​ឯង​មិន​ត្រូវ​នាំ​យក​ដំណឹង​ទៅ​ឡើយ ពី​ព្រោះ​ព្រះ‌រាជ​បុត្រ​នៃ​ស្តេច​សុគត​ហើយ

21. រួច​មក​យ៉ូអាប់​ប្រាប់​ទៅ​គូស៊ី ថា ចូរ​ឯង​ទៅ​ទូល​ស្តេច​ពី​ការ​ដែល​ឯង​បាន​ឃើញ​ចុះ គូស៊ី​ក៏​ក្រាប​សំពះ​យ៉ូអាប់ ហើយ​រត់​ទៅ

22. នោះ​អ័ហ៊ីម៉ាស ជា​កូន​សាដុក គាត់​សូម​យ៉ូអាប់​ម្តង​ទៀត​ថា ទោះ​បើ​ជា​យ៉ាង​ណា​ក៏​ដោយ សូម​ឲ្យ​ខ្ញុំ​រត់​ទៅ​តាម​គូស៊ី​ផង យ៉ូអាប់​តប​ថា កូន​អើយ ឯង​ចង់​រត់​ទៅ​ធ្វើ​អី ដំណឹង​យ៉ាង​នេះ​មិន​មែន​ជា​គុណ​ដល់​ឯង​ទេ

23. តែ​គាត់​ថា ទោះ​បើ​យ៉ាង​ណា​ក៏​ដោយ​ចុះ គង់​តែ​ខ្ញុំ​នឹង​រត់​ទៅ​ដែរ ដូច្នេះ យ៉ូអាប់​ក៏​បណ្តោយ​ថា ចូរ​រត់​ទៅ​ចុះ អ័ហ៊ីម៉ាស​ក៏​រត់​ទៅ​តាម​ផ្លូវ​វាល​ដល់​មុន​គូស៊ី។

24. ឯ​ដាវីឌ ទ្រង់​គង់​នៅ​ត្រង់​រវាង​ទ្វារ​ទាំង​២ អ្នក​ចាំ​យាម​ក៏​ឡើង​ទៅ​លើ​ខ្លោង‌ទ្វារ​កំផែង រួច​ងើប​ភ្នែក​ឡើង​មើល​ទៅ ឃើញ​មនុស្ស​ម្នាក់​កំពុង​តែ​រត់​មក

25. អ្នក​ចាំ​យាម​ក៏​ស្រែក​ទូល​ដល់​ស្តេច ទ្រង់​មាន​ព្រះ‌បន្ទូល​ថា បើ​វា​មក​តែ​ឯង នោះ​គឺ​វា​នាំ​ដំណឹង​មក​ហើយ អ្នក​នោះ​មក​កាន់​តែ​ជិត​ដល់

26. រួច​អ្នក​ចាំ​យាម​ឃើញ​ម្នាក់​ទៀត​កំពុង​តែ​រត់​មក ក៏​ស្រែក​ប្រាប់​ទៅ​អ្នក​ឆ្មាំ​ទ្វារ​ថា មើល​ន៏ មាន​ម្នាក់​ទៀត​រត់​មក​ដែរ ស្តេច​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា នោះ​ក៏​នាំ​ដំណឹង​មក​ដែរ

សូមអានជំពូកពេញលេញ ២ សាំយូអែល 18