គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ សាំយូអែល 18:1-10 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. គ្រា​នោះ ដាវីឌ​ទ្រង់​ត្រួត‌ត្រា​មើល​ពួក​ពល​ទ័ព​ដែល​នៅ​ជា​មួយ​នឹង​ទ្រង់ ក៏​តាំង​ឲ្យ​មាន​មេ​លើ​១​ពាន់​នាក់ ហើយ​មេ​លើ​១​រយ​នាក់

2. រួច​ទ្រង់​ចែក​គេ​ជា​៣​កង ចាត់​ឲ្យ​ចេញ​ទៅ ១​កង​នៅ​ក្រោម​អំណាច​យ៉ូអាប់ មួយ​ទៀត នៅ​ក្រោម​អំណាច​អ័ប៊ី‌សាយ ជា​ប្អូន​យ៉ូអាប់ កូន​សេរូយ៉ា ហើយ​មួយ​ទៀត នៅ​ក្រោម​អំណាច​អ៊ីត‌តាយ ជា​ពួក​កាថ​ស្តេច​ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា យើង​នឹង​ចេញ​ទៅ​ជា​មួយ​នឹង​ឯង​រាល់​គ្នា​ដែរ

3. តែ​បណ្តា​ទ័ព​ទូល​ឆ្លើយ​ថា មិន​ត្រូវ​ឲ្យ​ទ្រង់​យាង​ទៅ​ឡើយ ដ្បិត​បើ​យើង​ខ្ញុំ​រាល់​គ្នា​រត់​ទៅ នោះ​គេ​មិន‌សូវ​រវល់​នឹង​យើង​ខ្ញុំ​ប៉ុន្មាន​ទេ បើ​កាល​ណា​ពួក​យើង​ខ្ញុំ​ស្លាប់​អស់​ពាក់​កណ្តាល ក៏​គេ​ឥត​រវល់​ដែរ តែ​ឯ​ទ្រង់​វិញ នោះ​មាន​ដំឡៃ​ស្មើ​នឹង​ពួក​យើង​ខ្ញុំ​១​ម៉ឺន​នាក់ ដូច្នេះ ស៊ូ​ឲ្យ​ទ្រង់​ប្រុង‌ប្រៀប​នឹង​ជួយ​យើង​ខ្ញុំ​រាល់​គ្នា ពី​ទី​ក្រុង​នេះ​វិញ​ជា​ជាង

4. នោះ​ស្តេច​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា យើង​នឹង​ធ្វើ​តាម​ដែល​ឯង​រាល់​គ្នា​គិត​ឃើញ​ថា​ត្រូវ ដូច្នេះ ស្តេច​ទ្រង់​ក៏​ឈរ​នៅ​មាត់​ទ្វារ​ទី​ក្រុង ហើយ​ពួក​បណ្តា​ទ័ព​ទាំង​ប៉ុន្មាន គេ​ចេញ​ទៅ​ដោយ​ពួក​រយ ពួក​ពាន់

5. ស្តេច​ទ្រង់​ក៏​បង្គាប់​ដល់​យ៉ូអាប់ អ័ប៊ី‌សាយ និង​អ៊ីត‌តាយ​ថា ចូរ​មេត្តា​ដល់​អាប់‌សា‌ឡំម ជា​កូន​ប្រុស​យើង​ផង ដោយ​យល់​ដល់​យើង បណ្តា​ទ័ព​ក៏​បាន​ឮ ក្នុង​កាល​ដែល​ស្តេច​បាន​ផ្តាំ ពី​ដំណើរ​អាប់‌សា‌ឡំម ដល់​ពួក​មេ​ទាំង​ប៉ុន្មាន​ដែរ។

6. ដូច្នេះ ពួក​បណ្តា​ទ័ព​ក៏​ចេញ​ទៅ​ទាស់​នឹង​ពួក​អ៊ីស្រា‌អែល ហើយ​ត‌យុទ្ធ​គ្នា​នៅ​ក្នុង​ព្រៃ​អេប្រា‌អិម

7. បណ្តា​ពួក​ទ័ព​នៃ​សាសន៍​អ៊ីស្រា‌អែល​គេ​ចាញ់​ពួក​ពល​ខាង​ដាវីឌ​នៅ​ទី​នោះ ហើយ​នៅ​ថ្ងៃ​នោះ មាន​មនុស្ស​ស្លាប់​យ៉ាង​សន្ធឹក​ណាស់ អស់​ចំនួន​២​ម៉ឺន​នាក់

8. ដ្បិត​ការ​សង្គ្រាម​បាន​លុក‌លុយ​ពេញ​ក្នុង​ស្រុក​នោះ ហើយ​នៅ​ថ្ងៃ​នោះ ព្រៃ​ក៏​ធ្វើ​ឲ្យ​បណ្តា​មនុស្ស​វិនាស​ទៅ ច្រើន​ជាង​វិនាស ដោយ​មុខ​ដាវ​ទៅ​ទៀត។

9. រីឯ​អាប់‌សា‌ឡំម ទ្រង់​ប្រទះ​នឹង​ពួក​ពល​ទ័ព​ខាង​ដាវីឌ គ្រា​នោះ ទ្រង់​កំពុង​គង់​លើ​លា​កាត់ សត្វ​ជំនិះ​ក៏​ទៅ​ក្រោម​មែក​ដើម​ម៉ៃសាក់​ដែល​សាង‌ញ៉ាង នោះ​ព្រះ‌សិរ​ក៏​ទាក់​ជាប់​នៅ​នឹង​មែក​ឈើ ព្យួរ​ផុត​ពី​ដី​ឡើង ឯ​លា​កាត់​ដែល​ទ្រង់​គង់​ក៏​ដើរ​បង្ហួស​ទៅ

10. ខណៈ​នោះ មាន​មនុស្ស​ម្នាក់​បាន​ឃើញ ក៏​ទៅ​ជំរាប​ដល់​យ៉ូអាប់​ថា ន៏ ខ្ញុំ​បាន​ឃើញ​អាប់‌សា‌ឡំម ព្យួរ​នៅ​លើ​ដើម​ម៉ៃសាក់​មួយ

សូមអានជំពូកពេញលេញ ២ សាំយូអែល 18