គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ សាំយូអែល 17:17-27 ព្រះគម្ពីរបរិសុទ្ធ (KHOV)

17. រីឯ​យ៉ូណា‌ថាន និង​អ័ហ៊ីម៉ាស គេ​នៅ​ត្រង់​អេន-រ៉ូកេល ដ្បិត​គេ​មិន​ហ៊ាន​ចូល ក្នុង​ទី​ក្រុង​ឲ្យ​អ្នក​ណា​ឃើញ​ទេ ហើយ​មាន​បាវ​ស្រី​ម្នាក់​ទៅ​ប្រាប់ រួច​គេ​ក៏​ទៅ​ក្រាប​ទូល​ដល់​ស្តេច​ដាវីឌ

18. ប៉ុន្តែ មាន​ក្មេង​ម្នាក់​បាន​ឃើញ ក៏​ទៅ​ក្រាប​ទូល​ដល់​អាប់‌សា‌ឡំម តែ​អ្នក​ទាំង​២​នាំ​គ្នា​ចេញ​ទៅ​ជា​ប្រញាប់ បាន​ទៅ​ដល់​ផ្ទះ​របស់​មនុស្ស​ម្នាក់ នៅ​ត្រង់​បាហ៊ូរីម​ដែល​មាន​អណ្តូង​នៅ​ទី‌ធ្លា​ផ្ទះ អ្នក​ទាំង​២​ក៏​ចុះ​ទៅ​ពួន​ក្នុង​អណ្តូង​នោះ

19. ឯ​ស្ត្រី ជា​ម្ចាស់​ផ្ទះ ក៏​យក​សំពត់​គ្រប​មាត់​អណ្តូង ហើយ​រាយ​ហាល​អង្ករ​ពី​លើ ឥត​មាន​អ្នក​ណា​សង្ស័យ​ឡើយ

20. ចំណែក​ពួក​អ្នក​ដែល​អាប់‌សា‌ឡំម​ចាត់​ប្រើ ក៏​មក​ដល់​ស្រី​នោះ នៅ​ក្នុង​ផ្ទះ​សួរ​ថា តើ​អ័ហ៊ីម៉ាស និង​យ៉ូណា‌ថាន​នៅ​ឯ​ណា តែ​ស្រី​នោះ​ឆ្លើយ​ថា គេ​បាន​ឆ្លង​ស្ទឹង​ទៅ​បាត់​ហើយ កាល​គេ​ស្វែង​រក​មិន​ឃើញ​សោះ នោះ​ក៏​នាំ​គ្នា ត្រឡប់​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម​វិញ។

21. លុះ​កាល​គេ​ចេញ​ទៅ​បាត់​ហើយ នោះ​អ្នក​ទាំង​២​ក៏​នាំ​គ្នា​ឡើង​ចេញ​ពី​អណ្តូង​មក ទៅ​ក្រាប​ទូល​ដល់​ស្តេច​ដាវីឌ ដោយ​ពាក្យ​ថា សូម​ទ្រង់​តើន​ឡើង​យាង​ឆ្លង​ទឹក​នេះ​ជា​ប្រញាប់​ទៅ ដ្បិត​អ័ហ៊ី‌ថូ‌ផែល​បាន​បញ្ចេញ​គំនិត​ទាស់​នឹង​ទ្រង់​យ៉ាង​នេះ​ហើយ

22. ដូច្នេះ ដាវីឌ និង​ពួក​អ្នក​ដែល​នៅ​ជា​មួយ ក៏​ក្រោក​ឡើង​ឆ្លង​ទន្លេ​យ័រដាន់​ទៅ លុះ​ថ្ងៃ​ភ្លឺ​ឡើង នោះ​គ្រប់​គ្នា​បាន​ឆ្លង​ទន្លេ​យ័រដាន់ ទាំង​អស់​ផុត​ឥត​សល់​ដល់​ម្នាក់​ឡើយ។

23. កាល​អ័ហ៊ី‌ថូ‌ផែល​ឃើញ​ថា គេ​មិន​បាន​តាម​គំនិត​ខ្លួន​ដូច្នោះ នោះ​លោក​ក៏​ចង​កែប​លា ជិះ​ត្រឡប់​ទៅ​ដល់​ផ្ទះ នៅ​ទី​ក្រុង​របស់​លោក​វិញ ចាត់‌ចែង​ការ​ក្នុង​ផ្ទះ​ស្រេច​ហើយ រួច​ចង​ក​ស្លាប់​ទៅ គេ​បញ្ចុះ​សព​លោក​នៅ​ក្នុង​ផ្នូរ​របស់​ឪពុក​លោក។

24. រួច​មក​ដាវីឌ​យាង​ទៅ​ដល់​ក្រុង​ម៉ាហា‌ណែម ឯ​អាប់‌សា‌ឡំម និង​ពួក​ពល​ទ័ព​អ៊ីស្រា‌អែល​ទាំង​ប៉ុន្មាន ដែល​នៅ​ជា​មួយ ក៏​ឆ្លង​ទន្លេ​យ័រដាន់​ទៅ

25. អាប់‌សា‌ឡំម​បាន​តាំង​អ័ម៉ាសា​ឡើង ឲ្យ​ធ្វើ​ជា​មេ‌ទ័ព​ជំនួស​យ៉ូអាប់ រីឯ​អ័ម៉ាសា​នេះ លោក​ជា​កូន​របស់​សាសន៍​អ៊ីស្រា‌អែល​ម្នាក់​ឈ្មោះ​យីតរ៉ា ដែល​បាន​ចូល​ទៅ​ឯ​នាង​អ័ប៊ី‌កែល ជា​កូន​ណា‌ហាស ដែល​ជា​ប្អូន​ស្រី​របស់​សេរូយ៉ា ម្តាយ​យ៉ូអាប់

26. ចំណែក​ពួក​អ៊ីស្រា‌អែល និង​អាប់‌សា‌ឡំម គេ​បោះ​ទ័ព​នៅ​ស្រុក​កាឡាត។

27. កាល​ដាវីឌ​បាន​ទៅ​ដល់​ម៉ាហា‌ណែម​ហើយ នោះ​សូប៊ី ជា​កូន​ណា‌ហាស ដែល​នៅ​ត្រង់​រ៉ាបា ស្រុក​របស់​ពួក​កូន​ចៅ​អាំម៉ូន ហើយ​ម៉ាគារ​ជា​កូន​អាំមាល​នៅ​ឡូរ-ដេបារ និង​បារស៊ី‌ឡាយ​ជា​ពួក​កាឡាត​ដែល​នៅ​រ៉ូគី‌លីម

សូមអានជំពូកពេញលេញ ២ សាំយូអែល 17