1. មួយទៀត អ័ហ៊ីថូផែល លោកទូលទៅអាប់សាឡំមថា សូមឲ្យទូលបង្គំទៅរើសទាហាន១ម៉ឺន២ពាន់នាក់នាំចេញទៅ ដេញតាមដាវីឌនៅយប់នេះឯង
2. ទូលបង្គំ នឹងបានទាន់ ក្នុងកាលដែលកំពុងតែអស់កំឡាំង ហើយមានដៃខ្សោយ រួចនឹងធ្វើឲ្យភ័យ យ៉ាងនោះបណ្តាទ័ពទាំងអស់ដែលនៅជាមួយ នឹងរត់ចេញទៅ ទូលបង្គំនឹងវាយតែស្តេចប៉ុណ្ណោះ
3. ហើយនឹងនាំបណ្តាជនទាំងអស់មកវិញថ្វាយដល់ទ្រង់ ដ្បិតបើចាប់បានម្នាក់ដែលទ្រង់ត្រូវរក នោះទុកដូចជាបានមនុស្សទាំងអស់មកវិញដែរ យ៉ាងនោះ បណ្តាជនទាំងអស់គ្នា នឹងបានសេចក្តីសុខហើយ
4. ពាក្យនោះក៏គាប់ព្រះទ័យដល់អាប់សាឡំម និងពួកចាស់ទុំនៃសាសន៍អ៊ីស្រាអែលទាំងអស់គ្នា។
5. តែអាប់សាឡំមមានព្រះបន្ទូលថា ចូរហៅហ៊ូសាយ ជាពួកអើគីមក ដើម្បីយើងបានស្តាប់សេចក្តីដែលគាត់ថាជាយ៉ាងណាដែរ
6. កាលហ៊ូសាយបានមកដល់អាប់សាឡំមហើយ នោះទ្រង់មានព្រះបន្ទូលថា អ័ហ៊ីថូផែលបាននិយាយដូច្នេះ តើគួរឲ្យយើងធ្វើតាមឬអី បើមិនគួរទេ សូមឆ្លើយប្រាប់មកចុះ
7. ដូច្នេះ ហ៊ូសាយក៏ទូលឆ្លើយថា សេចក្តីប្រឹក្សាដែលអ័ហ៊ីថូផែលបានទូលម្តងនេះ មិនល្អទេ
8. ដ្បិតទ្រង់ជ្រាបថា ព្រះបិតា និងពួកអ្នកដែលនៅជាមួយ សុទ្ធតែជាមនុស្សខ្លាំងពូកែ ហើយមានចិត្តក្តៅក្រហាយ ដូចជាខ្លាឃ្មុំញីនៅវាលដែលត្រូវព្រាត់ពីកូន មួយទៀតព្រះបិតាទ្រង់ជាមនុស្សថ្នឹកចំបាំងផង ទ្រង់មិនផ្ទំនៅជាមួយនឹងពួកពលទេ