គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ សាំយូអែល 14:9-25 ព្រះគម្ពីរបរិសុទ្ធ (KHOV)

9. នោះ​ស្ត្រី​ពី​ក្រុង​ត្កូអា នាង​ទូល​ថា ឱ​ទ្រង់​ព្រះ‌ករុណា ជា​ព្រះ‌អម្ចាស់​នៃ​ខ្ញុំ​ម្ចាស់​អើយ សូម​ឲ្យ​សេចក្តី​ទុច្ចរិត​នេះ​នៅ​លើ​ខ្ញុំ​ម្ចាស់ និង​ពូជ​ពង្ស​នៃ​ឪពុក​របស់​ខ្ញុំ​ម្ចាស់​ចុះ ហើយ​សូម​ឲ្យ​ព្រះ‌ករុណា និង​រាជ្យ​ទ្រង់​បាន​ឥត​ទោស​ឡើយ

10. ស្តេច​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា បើ​អ្នក​ណា​និយាយ​អ្វី​នឹង​នាង នោះ​ចូរ​នាំ​គេ​មក​ឯ​យើង យ៉ាង​នោះ​គេ​នឹង​មិន​ហ៊ាន​ពាល់​នាង​ទៀត​ទេ

11. រួច​នាង​ទូល​ថា សូម​ទ្រង់​ព្រះ‌ករុណា​នឹក​ចាំ​ពី​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ទ្រង់ ដើម្បី​កុំ​ឲ្យ​អ្នក​ដែល​សង‌សឹក និង​ឈាម មក​បំផ្លាញ​ទៀត​ឡើយ ក្រែង​គេ​សំឡាប់​កូន​របស់​ខ្ញុំ​ម្ចាស់ នោះ​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា យើង​ស្បថ​ដោយ​នូវ​ព្រះ‌យេហូវ៉ា​ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ​ថា នឹង​គ្មាន​សក់​១​សរសៃ​ជ្រុះ​ពី​ក្បាល​របស់​កូន​នាង​ចុះ​ដល់​ដី​ឡើយ។

12. ស្ត្រី​នោះ​ក៏​ទូល​ថា សូម​ទ្រង់​ព្រះ‌ករុណា​អនុញ្ញាត​ឲ្យ​ខ្ញុំ​ម្ចាស់ ជា​អ្នក​បំរើ​ទ្រង់ បាន​ទូល​១​ម៉ាត់​សិន រួច​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ចូរ​និយាយ​ចុះ

13. ដូច្នេះ ស្ត្រី​នោះ​ក៏​ទូល​សួរ​ថា បើ​យ៉ាង​នោះ ហេតុ​អ្វី​បាន​ជា​ទ្រង់​បង្កើត​ការ​យ៉ាង​នេះ​ទាស់​នឹង​រាស្ត្រ​របស់​ព្រះ​វិញ ដ្បិត​ដែល​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ នោះ​ទ្រង់​ក៏​ដូច​ជា​អ្នក​មាន​ទោស​ដែរ ដោយ​ព្រោះ​ទ្រង់​មិន​នាំ​អ្នក​ដែល​ទ្រង់​បាន​និរទេស​ទៅ​ឲ្យ​មក​វិញ

14. ឯ​យើង​រាល់​គ្នា​ត្រូវ​តែ​ស្លាប់​ជា​មិន​ខាន ហើយ​យើង​រាល់​គ្នា​ក៏​ដូច​ជា​ទឹក​ដែល​កំពប់​ខ្ចាយ​ទៅ​លើ​ដី និង​ប្រមូល​មក​វិញ​មិន​បាន​ឡើយ ឯ​ព្រះ​ទ្រង់​មិន​កាត់​ជីវិត​ចេញ​ទេ គឺ​ទ្រង់​បង្កើត​ផ្លូវ​ណា​មួយ ដើម្បី​ឲ្យ​អ្នក​ដែល​ត្រូវ​និរទេស មិន​ត្រូវ​កាត់​ចេញ​ពី​ទ្រង់​នៅ​ជា​ដរាប​វិញ

15. ឥឡូវ​នេះ ដែល​ខ្ញុំ​ម្ចាស់​មក​ក្រាប​ទូល​ពាក្យ​ទាំង​នេះ ដល់​ព្រះ‌ករុណា ជា​ព្រះ‌អម្ចាស់ នោះ​គឺ​ពី​ព្រោះ​បណ្តា‌ជន​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ម្ចាស់​ភិត‌ភ័យ​ដូច្នេះ ខ្ញុំ​ម្ចាស់ ជា​អ្នក​បំរើ​ទ្រង់ បាន​សំរេច​នឹង​មក​ទូល​ដល់​ព្រះ‌ករុណា ដោយ​ស្មាន​ថា ប្រាកដ​ជា​ទ្រង់​នឹង​ធ្វើ​សំរេច​តាម​ពាក្យ​សំណូម​របស់​ខ្ញុំ​ម្ចាស់ ជា​អ្នក​បំរើ​ទ្រង់ ជា​មិន​ខាន

16. ដ្បិត​មុខ​ជា​ទ្រង់​នឹង​ស្តាប់​តាម ដើម្បី​នឹង​ប្រោស​ឲ្យ​អ្នក​បំរើ​ទ្រង់​រួច​ពី​កណ្តាប់​ដៃ​នៃ​មនុស្ស ដែល​ចង់​បំផ្លាញ​ទាំង​ខ្ញុំ​ម្ចាស់ និង​កូន​ខ្ញុំ​ម្ចាស់​ឲ្យ​បាត់​ពី​មរដក​នៃ​ព្រះ​ទៅ​ផង

17. នោះ​ខ្ញុំ​ម្ចាស់ ជា​អ្នក​បំរើ​ទ្រង់ បាន​នឹក​ថា ព្រះ‌បន្ទូល​នៃ​ព្រះ‌ករុណា​ជា​ព្រះ‌អម្ចាស់​នឹង​បាន​ស្រួល ពី​ព្រោះ​ទ្រង់​ព្រះ‌ករុណា​ជា​ព្រះ‌អម្ចាស់ ទ្រង់​ដូច​ជា​ទេវតា​នៃ​ព្រះ​ហើយ ដើម្បី​នឹង​ពិចារណា​ឲ្យ​ជ្រាប​ខុស​ត្រូវ ហើយ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ទ្រង់ ក៏​គង់​ជា​មួយ​នឹង​ទ្រង់​ដែរ។

18. នោះ​ស្តេច​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​ស្ត្រី​នោះ​ថា កុំ​ឲ្យ​លាក់​អ្វី​ចំពោះ​សេចក្តី​នេះ​ដែល​យើង​សួរ​នាង​ឡើយ នាង​ទូល​តប​ថា សូម​ទ្រង់​ព្រះ‌ករុណា ជា​ព្រះ‌អម្ចាស់ មាន​ព្រះ‌បន្ទូល​ឥឡូវ​នេះ​ចុះ

19. នោះ​ស្តេច​មាន​ព្រះ‌បន្ទូល​សួរ​ថា ឯ​សេចក្តី​ទាំង​នេះ តើ​មិន​មែន​យ៉ូអាប់ ដែល​រួម​គំនិត​ជា​មួយ​នឹង​នាង​ទេ​ឬ​អី ស្ត្រី​នោះ​ទូល​ឆ្លើយ​ថា ខ្ញុំ​ម្ចាស់​ស្បថ​ដោយ​នូវ​ព្រះ‌ជន្ម​នៃ​ទ្រង់​ព្រះ‌ករុណា​ជា​ព្រះ‌អម្ចាស់​ថា គ្មាន​អ្នក​ណា​អាច​នឹង​គេច​ទៅ​ខាង​ឆ្វេង ឬ​ទៅ​ខាង​ស្តាំ ចេញ​ពី​គ្រប់​ទាំង​សេចក្តី​ដែល​ទ្រង់​ព្រះ‌ករុណា ជា​ព្រះ‌អម្ចាស់ បាន​មាន​ព្រះ‌បន្ទូល​នោះ​ឡើយ គឺ​យ៉ូអាប់ ជា​អ្នក​បំរើ​នៃ​ទ្រង់​ហើយ ដែល​បាន​បង្គាប់​មក​ខ្ញុំ​ម្ចាស់ ព្រម​ទាំង​បញ្ចេះ​ពាក្យ​ទាំង​អស់​នេះ​ដល់​ខ្ញុំ​ម្ចាស់ ជា​អ្នក​បំរើ​ទ្រង់​ផង

20. យ៉ូអាប់​ជា​អ្នក​បំរើ​ទ្រង់ បាន​ធ្វើ​ដូច្នេះ ដើម្បី​នឹង​បំផ្លាស់​ភាព​នៃ​ដំណើរ​នេះ​ទៅ ហើយ​ព្រះ‌អម្ចាស់​ទ្រង់​មាន​បញ្ញា ដូច​ជា​ទេវតា​នៃ​ព្រះ អាច​នឹង​ជ្រាប​គ្រប់​ទាំង​អស់ ដែល​នៅ​ផែនដី​បាន។

21. រួច​ពី​នោះ​មក ស្តេច​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​យ៉ូអាប់​ថា មើល ការ​នេះ​យើង​បាន​អនុញ្ញាត​ហើយ ដូច្នេះ ចូរ​ទៅ​នាំ​អាប់‌សា‌ឡំម ជា​កូន​ប្រុស​យើង មក​វិញ​ចុះ

22. នោះ​យ៉ូអាប់​ក៏​ទំលាក់​ខ្លួន​ក្រាប​ផ្កាប់​មុខ​ដល់​ដី​ថ្វាយ‌បង្គំ ព្រម​ទាំង​សូម​ពរ​ថ្វាយ​ដល់​ស្តេច ហើយ​ទូល​ថា បពិត្រ​ព្រះ‌ករុណា​ជា​ព្រះ‌អម្ចាស់​នៃ​ទូល‌បង្គំ​អើយ នៅ​ថ្ងៃ​នេះ ទូល‌បង្គំ​ដឹង​ថា ទូល‌បង្គំ ជា​បាវ​បំរើ​ទ្រង់ បាន​ប្រកប​ដោយ​ព្រះ‌គុណ​នៃ​ទ្រង់​ហើយ ដោយ​ទ្រង់​បាន​ធ្វើ​តាម​សេចក្តី​សំណូម​របស់​ទូល‌បង្គំ ជា​បាវ​បំរើ​ទ្រង់

23. ដូច្នេះ យ៉ូអាប់​ក៏​រៀប‌ចំ​ឡើង​ទៅ​ឯ​ស្រុក​កេស៊ូរី នាំ​អាប់‌សា‌ឡំម​មក​ឯ​ក្រុង​យេរូ‌សាឡិម​វិញ

24. តែ​ស្តេច​មាន​ព្រះ‌បន្ទូល​ប្រាប់​ថា ចូរ​ឲ្យ​វា​ត្រឡប់​ទៅ​ឯ​លំនៅ​វា​ទៅ កុំ​ឲ្យ​មក​ឃើញ​មុខ​អញ​ឡើយ ដូច្នេះ អាប់‌សា‌ឡំម​ក៏​វិល​ទៅ​ឯ​ដំណាក់​ទ្រង់​វិញ ឥត​បាន​ឃើញ​ព្រះ‌ភក្ត្រ​ស្តេច​ទេ។

25. រីឯ​នៅ​ក្នុង​ពួក​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា គ្មាន​អ្នក​ណា​ដែល​គួរ​សរសើរ ឲ្យ​ស្មើ​នឹង​អាប់‌សា‌ឡំម ពី​ដំណើរ​ទ្រង់​មាន​រូប​ល្អ​នោះ​ទេ ដ្បិត​ចាប់​តាំង​ពី​ផ្ទៃ​ព្រះ‌បាទ រហូត​ដល់​កំពូល​ព្រះ‌សិរ​ទ្រង់ នោះ​ឥត​មាន​ខ្ចោះ​ត្រង់​ណា​សោះ

សូមអានជំពូកពេញលេញ ២ សាំយូអែល 14