គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ សាំយូអែល 1:15-27 ព្រះគម្ពីរបរិសុទ្ធ (KHOV)

15. នោះ​ដាវីឌ​ក៏​ហៅ​ពួក​កំឡោះ​ម្នាក់​មក​ប្រាប់​ថា ចូល​ទៅ​សំឡាប់​អ្នក​នោះ​ចោល​ចុះ គេ​ក៏​ប្រហារ​ឲ្យ​ស្លាប់​ទៅ

16. រួច​ដាវីឌ​មាន​ប្រសាសន៍​ថា ចូរ​ឲ្យ​ឈាម​អ្នក​ធ្លាក់​ទៅ​លើ​ក្បាល​អ្នក​វិញ​ចុះ ដ្បិត​មាត់​អ្នក​បាន​ធ្វើ​បន្ទាល់​ទាស់​នឹង​ខ្លួន អ្នក​ហើយ​ថា អ្នក​បាន​សំឡាប់​មនុស្ស​ដែល​ព្រះ‌យេហូវ៉ា​បាន​ចាក់​ប្រេង​តាំង​ឲ្យ។

17. នេះ​ជា​បទ​ទំនួញ ដែល​ដាវីឌ​បាន​លើក​និពន្ធ​ទុក​ពី​ដំណើរ​សូល និង​យ៉ូណា‌ថាន ជា​បុត្រា​ទ្រង់

18. លោក​ក៏​បង្គាប់​ឲ្យ​គេ​បង្រៀន​បទ​ចំរៀង​ពី​ធ្នូ​នេះ ដល់​ពួក​កូន​ចៅ​យូដា ឯ​បទ​នេះ​សឹង​មាន​កត់​ទុក នៅ​ក្នុង​សៀវភៅ​របស់​យ៉ាស៊ើរ ថា

19. ឱ​សាសន៍​អ៊ីស្រា‌អែល​អើយ អ្នក​ដ៏​ជា​សិរី‌ល្អ​នៃ​ឯង បាន​ត្រូវ​គេ​សំឡាប់​នៅ​លើ​ទី​ខ្ពស់​របស់​ឯង ឱះ‌ឱ​ពួក​ខ្លាំង​ពូកែ​បាន​ដួល​ស្លាប់​ហើយ

20. កុំ​ឲ្យ​ថ្លែង​ប្រាប់​នៅ​ក្រុង​កាថ ក៏​កុំ​ឲ្យ​ប្រកាស​ប្រាប់ តាម​ផ្លូវ​នៅ​ក្នុង​ក្រុង​អាស‌កា‌ឡូន​ឡើយ ក្រែង​ពួក​កូន​ស្រី​នៃ​សាសន៍​ភីលីស្ទីន​គេ​រីក‌រាយ​សប្បាយ ហើយ​ក្រែង​កូន​ស្រី​នៃ​ពួក​មិន​កាត់​ស្បែក​នោះ បាន​អរ​សាទរ

21. ឱ​ភ្នំ​គីលបោ​អើយ កុំ​ឲ្យ​មាន​សន្សើម ឬ​ភ្លៀង​ធ្លាក់​មក​លើ​ឯង​ឡើយ ក៏​កុំ​ឲ្យ​មាន​ស្រែ​ពេញ​ដោយ​ដង្វាយ​ទៀត​ដែរ ដ្បិត​នៅ​ទី​នោះ​ខែល​នៃ​ពួក​ខ្លាំង​ពូកែ​បាន​ត្រូវ​បង្អាប់ គឺ​ជា​ខែល​របស់​សូល ទុក​ដូច​ជា​មិន​បាន​ចាក់​ប្រេង​តាំង​ទ្រង់​ឡើយ​សោះ

22. ឯ​ធ្នូ​របស់​យ៉ូណា‌ថាន នោះ​មិន​បាន​ថយ​ចេញ​ពី​ឈាម​នៃ​មនុស្ស​របួស ឬ​ពី​ខ្លាញ់​របស់​មនុស្ស​ខ្លាំង​ពូកែ​ឡើយ ដាវ​របស់​សូល​ក៏​មិន​បាន​មក​វិញ​ទទេ​ដែរ

23. សូល និង​យ៉ូណា‌ថាន ជា​ទី​គួរ​ស្រឡាញ់ គួរ​រីក‌រាយ​ណាស់​ពី​កាល​នៅ​រស់ ហើយ​កាល​ទ្រង់​សុគត នោះ​ក៏​មិន​ឃ្លាត​ពី​គ្នា​ដែរ ទ្រង់​រហ័ស​ជាង​សត្វ​ឥន្ទ្រី ហើយ​ខ្លាំង​ជាង​សត្វ​សិង្ហ

24. ឱ​ពួក​កូន​ស្រី​នៃ​សាសន៍​អ៊ីស្រា‌អែល​អើយ ចូរ​យំ​សោក​នឹង​សូល​ដែល​ទ្រង់​បាន​ចាត់‌ចែង ឲ្យ​ឯង​ស្លៀក‌ពាក់ ដោយ​សំពត់​ក្រហម​យ៉ាង​រុងរឿង ហើយ​តែង​សំលៀក‌បំពាក់​ឲ្យ​ឯង​ដោយ​គ្រឿង​មាស

25. ឱះ​ឱ​ពួក​ខ្លាំង​ពូកែ​បាន​ដួល​ស្លាប់​នៅ​កណ្តាល​ចំបាំង​ហើយ យ៉ូណា‌ថាន​ត្រូវ​គេ​សំឡាប់​នៅ​លើ​ទី​ខ្ពស់​របស់​ឯង

26. ឱ​យ៉ូណា‌ថាន បង​អើយ ខ្ញុំ​មាន​សេចក្តី​ទុក្ខ​ចំពោះ​បង ដោយ​ព្រោះ​បង​ជា​ទី​ពេញ​ចិត្ត​ដល់​ខ្ញុំ​ណាស់ ហើយ​ដែល​បង​ស្រឡាញ់​ដល់​ខ្ញុំ នោះ​ជា​ទី​អស្ចារ្យ ក៏​លើស​ជាង​សេចក្តី​ស្រឡាញ់​របស់​ស្រីៗ​ផង

27. ឱះ​ឱ​ពួក​ខ្លាំង​ពូកែ​បាន​ដួល​ស្លាប់​ហើយ អស់​ទាំង​គ្រឿង​ចំបាំង​ក៏​បាន​វិនាស​អស់​ទៅ។

សូមអានជំពូកពេញលេញ ២ សាំយូអែល 1