គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ របាក្សត្រ 9:18-29 ព្រះគម្ពីរបរិសុទ្ធ (KHOV)

18. មាន​ជណ្តើរ​៦​ថ្នាក់​ឡើង​ទៅ​ឯ​បល្ល័ង្ក និង​កំណល់​កល់​ជើង​ធ្វើ​ពី​មាស ដែល​ជាប់​នឹង​បល្ល័ង្ក ក៏​មាន​កំណល់​ដៃ​ទាំង​សង​ខាង​ទី​អង្គុយ ហើយ​មាន​រូប​សិង្ហ​២​ឈរ​នៅ​ក្បែរ​កំណល់​ដៃ​នោះ

19. និង​រូប​សិង្ហ​១២ ឈរ​នៅ​ទាំង​សង​ខាង​នៃ​ថ្នាក់​ជណ្តើរ​ទាំង​៦​នោះ​ដែរ មិន​ដែល​បាន​ធ្វើ​បល្ល័ង្ក នៅ​ក្នុង​នគរ​ណា​ឲ្យ​ដូច​ឡើយ

20. អស់​ទាំង​ប្រដាប់​ដែល​សំរាប់​ឲ្យ​ស្តេច​សាឡូ‌ម៉ូន​សោយ​គ្រឿង​ទឹក នោះ​សុទ្ធ​តែ​ធ្វើ​ពី​មាស​ទាំង​អស់ ហើយ​អស់​ទាំង​ប្រដាប់‌ប្រដា នៅ​ដំណាក់​ល្បាណូន ក៏​ធ្វើ​ពី​មាស​សុទ្ធ​ដែរ នៅ​ក្នុង​រាជ្យ​នៃ​ស្តេច​សាឡូ‌ម៉ូន នោះ​ប្រាក់​មិន‌សូវ​មាន​ដំឡៃ​ប៉ុន្មាន​ទេ

21. ដ្បិត​ស្តេច​មាន​ក្រុម​នាវា ដែល​ទៅ​ឯ​តើស៊ីស ជា​មួយ​នឹង​ពួក​សំពៅ​របស់​ហ៊ីរ៉ាម ដឹក‌នាំ​មាស ប្រាក់ ភ្លុក ទោច និង​ក្ងោក មក​រាល់​តែ​៣​ឆ្នាំ​ត្រឡប់​មក​វិញ​ម្តង។

22. ដូច្នេះ ស្តេច​សាឡូ‌ម៉ូន​ទ្រង់​មាន​ព្រះ‌រាជ‌ទ្រព្យ និង​ប្រាជ្ញា​លើស​ជាង​អស់​ទាំង​ស្តេច​នៅ​ផែនដី

23. ហើយ​អស់​ទាំង​ស្តេច​នៅ​ផែនដី ក៏​រក​ចូល​ទៅ​គាល់​សាឡូ‌ម៉ូន ដើម្បី​នឹង​ស្តាប់​ប្រាជ្ញា ដែល​ព្រះ​បាន​ប្រទាន​មក​ក្នុង​ព្រះ‌ទ័យ​ទ្រង់

24. គ្រប់​គ្នា​ក៏​យក​សួយ‌អាករ​មក​ថ្វាយ គឺ​ជា​គ្រឿង​ប្រាក់ គ្រឿង​មាស សំលៀក‌បំពាក់ គ្រឿង​សស្ត្រា‌វុធ គ្រឿង​ក្រអូប សេះ និង​លា‌កាត់ តាម​កំណត់​រាល់​តែ​ឆ្នាំ។

25. សាឡូ‌ម៉ូន​ទ្រង់​មាន​រោង​សំរាប់​សេះ ហើយ​រទេះ​ចំបាំង ៤​ពាន់​បន្ទប់ ក៏​មាន​ពល​សេះ​១​ម៉ឺន​២​ពាន់​នាក់ ទ្រង់​ញែក​ដាក់​ឲ្យ​នៅ​ក្នុង​ទី​ក្រុង ដែល​សំរាប់​រទេះ​ចំបាំង​ទាំង​ប៉ុន្មាន ហើយ​នៅ​ជា​មួយ​នឹង​ទ្រង់​ក្នុង​ក្រុង​យេរូ‌សាឡិម​ដែរ

26. ទ្រង់​ក៏​មាន​អំណាច​លើ​អស់​ទាំង​ស្តេច ចាប់​តាំង​ពី​ទន្លេ​រហូត​ដល់​ស្រុក​ភីលីស្ទីន ហើយ​ដល់​ព្រំ​ស្រុក​អេស៊ីព្ទ​ផង

27. ស្តេច​ទ្រង់​ធ្វើ​ឲ្យ​មាន​ប្រាក់​សំបូរ នៅ​ក្រុង​យេរូ‌សាឡិម​ដូច​ជា​ថ្ម ហើយ​ឲ្យ​មាន​ដើម​តាត្រៅ​ជា​បរិបូរ ដូច​ជា​ដើម​ឧទុម្ពរ​ដែល​ដុះ​នៅ​ស្រុក​ទំនាប

28. គេ​ក៏​នាំ​យក​សេះ​ពី​ស្រុក​អេស៊ីព្ទ ហើយ​ពី​ស្រុក​ទាំង​អស់​មក​ថ្វាយ​ទ្រង់​ដែរ។

29. រីឯ​ដំណើរ​ឯ​ទៀត ពី​សាឡូ‌ម៉ូន​ទាំង​មុន​ទាំង​ក្រោយ​នោះ​សុទ្ធ​តែ​បាន​កត់​ទុក នៅ​ក្នុង​ពង្សាវតារ ដែល​ហោរា​ណាថាន់ ជា​អ្នក​ស្រុក​ស៊ីឡូរ ហើយ​ក្នុង​រឿង​ពី​ការ​ជាក់‌ស្តែង​របស់​អ៊ីដោ​ជា​អ្នក​មើល‌ឆុត ដែល​លោក​ឃើញ ពី​ដំណើរ​យេរ៉ូ‌បោម​ជា​កូន​នេបាត​ហើយ

សូមអានជំពូកពេញលេញ ២ របាក្សត្រ 9