គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ របាក្សត្រ 9:10-26 ព្រះគម្ពីរបរិសុទ្ធ (KHOV)

10. រីឯ​ពួក​សំពៅ​របស់​ហ៊ីរ៉ាម និង​ពួក​របស់​សាឡូ‌ម៉ូន ដែល​នាំ​យក​មាស​ពី​ស្រុក​អូភារ​មក គេ​ក៏​យក​ឈើ​ច្ទ័នន៍ និង​ត្បូង​មាន​ដំឡៃ​មក​ផង​ដែរ

11. ស្តេច​ទ្រង់​យក​ឈើ​ច័ន្ទន៍​នោះ ធ្វើ​ជា​ភ្នាក់​ដៃ​សំរាប់​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ហើយ​សំរាប់​ដំណាក់​ស្តេច ព្រម​ទាំង​ស៊ុង និង​ពិណ សំរាប់​ពួក​ចំរៀង​ផង ពី​ដើម​មិន​ដែល​ឃើញ​មាន​យ៉ាង​ដូច្នោះ នៅ​ក្នុង​ស្រុក​យូដា​ឡើយ

12. ស្តេច​សាឡូ‌ម៉ូន​ទ្រង់​ក៏​ប្រទាន​ដល់​មហា‌ក្សត្រី​ស្រុក​សេបា តាម​បំណង​ព្រះ‌ទ័យ​ព្រះ‌នាង គឺ​របស់​អ្វីៗ​ដែល​ព្រះ‌នាង​សូម លើស​អំពី​របស់​ទាំង​ប៉ុន្មាន ដែល​ព្រះ‌នាង​បាន​ថ្វាយ​ដល់​ស្តេច ដូច្នេះ ព្រះ‌នាង ព្រម​ទាំង​ពួក​បរិវារ ក៏​វិល​ត្រឡប់​ទៅ​ឯ​ស្រុក​របស់​ខ្លួន​វិញ​ទៅ។

13. រីឯ​មាស ដែល​មក​ដល់​សាឡូ‌ម៉ូន​ក្នុង​១​ឆ្នាំ នោះ​មាន​ទំងន់​៦៦៦​ហាប

14. ក្រៅ​ពី​នោះ មាន​មាស​ដែល​មក​ដោយ‌សារ​ពួក​លក់​ដូរ​ថែម​ទៀត ហើយ​អស់​ទាំង​ស្តេច​ស្រុក​អារ៉ាប់ និង​ពួក​ចៅ‌ហ្វាយ​ស្រុក ក៏​យក​មាស និង​ប្រាក់​មក​ថ្វាយ​សាឡូ‌ម៉ូន​ដែរ

15. ស្តេច​សាឡូ‌ម៉ូន​ទ្រង់​ផែ​មាស​ធ្វើ​ខែល​យ៉ាង​ធំ​២០០ បាន​យក​មាស​៦០០​ដំឡឹង ដើម្បី​នឹង​ធ្វើ​ខែល​មួយៗ

16. ហើយ​ក៏​ផែ​មាស​ធ្វើ​ខែល​តូច​៣០០​ក្នុង​ខែ​មួយៗ​មាន​មាស​៣០០​ដំឡឹង រួច​តម្កល់​ទុក​ក្នុង​ដំណាក់​ល្បាណូន

17. មួយ​ទៀត ស្តេច​ទ្រង់​ធ្វើ​បល្ល័ង្ក​ភ្លុក​១​យ៉ាង​ធំ ស្រោប​ដោយ​មាស​សុទ្ធ

18. មាន​ជណ្តើរ​៦​ថ្នាក់​ឡើង​ទៅ​ឯ​បល្ល័ង្ក និង​កំណល់​កល់​ជើង​ធ្វើ​ពី​មាស ដែល​ជាប់​នឹង​បល្ល័ង្ក ក៏​មាន​កំណល់​ដៃ​ទាំង​សង​ខាង​ទី​អង្គុយ ហើយ​មាន​រូប​សិង្ហ​២​ឈរ​នៅ​ក្បែរ​កំណល់​ដៃ​នោះ

19. និង​រូប​សិង្ហ​១២ ឈរ​នៅ​ទាំង​សង​ខាង​នៃ​ថ្នាក់​ជណ្តើរ​ទាំង​៦​នោះ​ដែរ មិន​ដែល​បាន​ធ្វើ​បល្ល័ង្ក នៅ​ក្នុង​នគរ​ណា​ឲ្យ​ដូច​ឡើយ

20. អស់​ទាំង​ប្រដាប់​ដែល​សំរាប់​ឲ្យ​ស្តេច​សាឡូ‌ម៉ូន​សោយ​គ្រឿង​ទឹក នោះ​សុទ្ធ​តែ​ធ្វើ​ពី​មាស​ទាំង​អស់ ហើយ​អស់​ទាំង​ប្រដាប់‌ប្រដា នៅ​ដំណាក់​ល្បាណូន ក៏​ធ្វើ​ពី​មាស​សុទ្ធ​ដែរ នៅ​ក្នុង​រាជ្យ​នៃ​ស្តេច​សាឡូ‌ម៉ូន នោះ​ប្រាក់​មិន‌សូវ​មាន​ដំឡៃ​ប៉ុន្មាន​ទេ

21. ដ្បិត​ស្តេច​មាន​ក្រុម​នាវា ដែល​ទៅ​ឯ​តើស៊ីស ជា​មួយ​នឹង​ពួក​សំពៅ​របស់​ហ៊ីរ៉ាម ដឹក‌នាំ​មាស ប្រាក់ ភ្លុក ទោច និង​ក្ងោក មក​រាល់​តែ​៣​ឆ្នាំ​ត្រឡប់​មក​វិញ​ម្តង។

22. ដូច្នេះ ស្តេច​សាឡូ‌ម៉ូន​ទ្រង់​មាន​ព្រះ‌រាជ‌ទ្រព្យ និង​ប្រាជ្ញា​លើស​ជាង​អស់​ទាំង​ស្តេច​នៅ​ផែនដី

23. ហើយ​អស់​ទាំង​ស្តេច​នៅ​ផែនដី ក៏​រក​ចូល​ទៅ​គាល់​សាឡូ‌ម៉ូន ដើម្បី​នឹង​ស្តាប់​ប្រាជ្ញា ដែល​ព្រះ​បាន​ប្រទាន​មក​ក្នុង​ព្រះ‌ទ័យ​ទ្រង់

24. គ្រប់​គ្នា​ក៏​យក​សួយ‌អាករ​មក​ថ្វាយ គឺ​ជា​គ្រឿង​ប្រាក់ គ្រឿង​មាស សំលៀក‌បំពាក់ គ្រឿង​សស្ត្រា‌វុធ គ្រឿង​ក្រអូប សេះ និង​លា‌កាត់ តាម​កំណត់​រាល់​តែ​ឆ្នាំ។

25. សាឡូ‌ម៉ូន​ទ្រង់​មាន​រោង​សំរាប់​សេះ ហើយ​រទេះ​ចំបាំង ៤​ពាន់​បន្ទប់ ក៏​មាន​ពល​សេះ​១​ម៉ឺន​២​ពាន់​នាក់ ទ្រង់​ញែក​ដាក់​ឲ្យ​នៅ​ក្នុង​ទី​ក្រុង ដែល​សំរាប់​រទេះ​ចំបាំង​ទាំង​ប៉ុន្មាន ហើយ​នៅ​ជា​មួយ​នឹង​ទ្រង់​ក្នុង​ក្រុង​យេរូ‌សាឡិម​ដែរ

26. ទ្រង់​ក៏​មាន​អំណាច​លើ​អស់​ទាំង​ស្តេច ចាប់​តាំង​ពី​ទន្លេ​រហូត​ដល់​ស្រុក​ភីលីស្ទីន ហើយ​ដល់​ព្រំ​ស្រុក​អេស៊ីព្ទ​ផង

សូមអានជំពូកពេញលេញ ២ របាក្សត្រ 9