គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ របាក្សត្រ 7:5-18 ព្រះគម្ពីរបរិសុទ្ធ (KHOV)

5. ស្តេច​សាឡូ‌ម៉ូន​ទ្រង់​ថ្វាយ​យញ្ញ‌បូជា ជា​គោ​២​ម៉ឺន​២​ពាន់ និង​ចៀម​១​សែន​២​ម៉ឺន គឺ​យ៉ាង​នោះ​ដែល​ស្តេច និង​ពួក​ជន​បាន​ធ្វើ​បុណ្យ​ឆ្លង​ព្រះ‌វិហារ​នៃ​ព្រះ

6. ឯ​ពួក​សង្ឃ គេ​ឈរ​នៅ​ទី​តាម​ដំណែង​របស់​គេ​រៀង​ខ្លួន ព្រម​ទាំង​ពួក​លេវី​ដែរ គេ​កាន់​ប្រដាប់​ភ្លេង​នៃ​ព្រះ‌យេហូវ៉ា ដែល​ស្តេច​ដាវីឌ​បាន​ធ្វើ​សំរាប់​នឹង​អរ​ព្រះ‌គុណ​ដល់​ព្រះ‌យេហូវ៉ា ក្នុង​កាល​ដែល​ដាវីឌ​បាន​សរសើរ ដោយ‌សារ​ពួក​នោះ​ថា សេចក្ដី​សប្បុរស​នៃ​ទ្រង់​នៅ​អស់​កល្ប‌ជានិច្ច ពួក​សង្ឃ​ក៏​ផ្លុំ​ត្រែ​ឡើង​នៅ​មុខ​គេ ហើយ​ពួក​អ៊ីស្រា‌អែល​ទាំង​អស់​ក៏​ឈរ​នៅ

7. សាឡូ‌ម៉ូន​ទ្រង់​ញែក​កន្លែង​កណ្តាល​ទីលាន ដែល​នៅ​មុខ​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា​ចេញ​ជា​បរិសុទ្ធ ដ្បិត​គឺ​នៅ​ទី​នោះ​ហើយ ដែល​ទ្រង់​ថ្វាយ​ដង្វាយ​ដុត​ទាំង​ប៉ុន្មាន ព្រម​ទាំង​ខ្លាញ់​ដង្វាយ​មេត្រី​ផង ពី​ព្រោះ​អាស‌នា​លង្ហិន ដែល​សាឡូ‌ម៉ូន​បាន​ធ្វើ​នោះ មិន​ល្មម​នឹង​ទទួល​អស់​ទាំង​ដង្វាយ​ដុត ដង្វាយ​ម្សៅ និង​ខ្លាញ់​ផង​បាន​ទេ។

8. នៅ​គ្រា​នោះ សាឡូ‌ម៉ូន និង​ពួក​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា បាន​ធ្វើ​បុណ្យអស់​៧​ថ្ងៃ ជា​ជំនុំ​យ៉ាង​ធំ ដែល​មូល​មក ចាប់​តាំង​ពី​ទ្វារ​ចូល​ស្រុក​ហាម៉ាត រហូត​ដល់​ជ្រោះ​ស្រុក​អេស៊ីព្ទ

9. នៅ​ថ្ងៃ​ទី​៨ គេ​ក៏​ប្រជុំ​ជា​ជំនុំ​មុត‌មាំ ពី​ព្រោះ​គេ​ធ្វើ​បុណ្យ​ឆ្លង​អាស‌នា​អស់​៧​ថ្ងៃ និង​បុណ្យ​នោះ​៧​ថ្ងៃ​ទៀត

10. រួច​ដល់​ថ្ងៃ​ទី​២៣​ខែ​អស្សុជ ទ្រង់​ឲ្យ​ពួក​ជន​វិល​ទៅ​ឯ​ទី​លំនៅ​របស់​គេ​វិញ ដោយ​រីក‌រាយ​សប្បាយ ហើយ​មាន​ចិត្ត​ត្រេក‌អរ ដោយ​ព្រោះ​សេចក្ដី​សប្បុរស ដែល​ព្រះ‌យេហូវ៉ា​បាន​ប្រោស​ដល់​ដាវីឌ ហើយ​ដល់​សាឡូ‌ម៉ូន និង​អ៊ីស្រា‌អែល​ជា​រាស្ត្រ​របស់​ទ្រង់។

11. ដូច្នេះ​សាឡូ‌ម៉ូន​បាន​ស្អាង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា និង​ដំណាក់​ស្តេច​រួច​ជា​ស្រេច ហើយ​របស់​ទាំង​ប៉ុន្មាន​ដែល​សាឡូ‌ម៉ូន​មាន​ព្រះ‌ទ័យ​ចង់​ធ្វើ ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ហើយ​ក្នុង​ដំណាក់​របស់​ទ្រង់ នោះ​ក៏​ធ្វើ​កើត​ទាំង​អស់

12. រួច​មក ព្រះ‌យេហូវ៉ា​ទ្រង់​លេច​មក​ឯ​សាឡូ‌ម៉ូន​នៅ​វេលា​យប់ មាន​ព្រះ‌បន្ទូល​ថា អញ​បាន​ទទួល​សេចក្ដី​អធិ‌ស្ឋាន​របស់​ឯង​ហើយ ក៏​បាន​រើស​ទី​នេះ ទុក​ជា​ទី​សំរាប់​អញ ឲ្យ​បាន​ជា​ទី​ថ្វាយ​យញ្ញ‌បូជា

13. បើ​កាល​ណា​អញ​បិទ​មេឃ​មិន​ឲ្យ​ភ្លៀង​ធ្លាក់​ចុះ ឬ​បើ​អញ​បង្គាប់​កណ្តូប​ឲ្យ​ស៊ី​បំផ្លាញ​ស្រុក ឬ​ឲ្យ​មាន​អាសន្ន‌រោគ​កើត​ឡើង​ក្នុង​ពួក​រាស្ត្រ​អញ

14. នោះ​បើ​រាស្ត្រ​អញ ដែល​បាន​ហៅ​តាម​ឈ្មោះ​អញ ព្រម​ទាំង​ងាក​បែរ​ចេញ​ពី​ផ្លូវ​អាក្រក់​របស់​គេ នោះ​អញ​នឹង​ស្តាប់​ពី​លើ​ស្ថាន​សួគ៌ ហើយ​នឹង​អត់​ទោស​អំពើ​បាប​របស់​គេ ទាំង​មើល​ស្រុក​គេ​ឲ្យ​ជា​ផង

15. ឥឡូវ​នេះ ភ្នែក​អញ​នឹង​នៅ​តែ​បើក ហើយ​ត្រចៀក​អញ នឹង​នៅ​តែ​ផ្ទៀង​ស្តាប់​សេចក្ដី ដែល​គេ​អធិ‌ស្ឋាន​នៅ​ទី​នេះ

16. ដ្បិត​ឥឡូវ​នេះ អញ​បាន​រើស​ព្រះ‌វិហារ​នេះ ហើយ​ញែក​ចេញ​ជា​បរិសុទ្ធ ដើម្បី​ឲ្យ​ឈ្មោះ​អញ​បាន​តាំង​នៅ​ទី​នេះ​ជា​ដរាប​ទៅ ឯ​ភ្នែក និង​ចិត្ត​អញ ក៏​នឹង​នៅ​ទី​នេះ​ជានិច្ច

17. ចំណែក​ឯង បើ‌សិន​ជា​ដើរ​នៅ​មុខ​អញ ដូច​ជា​ដាវីឌ ជា​ឪពុក​ឯង ព្រម​ទាំង​ធ្វើ​តាម​គ្រប់​ទាំង​សេចក្ដី​ដែល​អញ​បាន​បង្គាប់​ឯង ហើយ​រក្សា​បញ្ញត្ត និង​ក្រឹត្យ‌ក្រម​ទាំង​ប៉ុន្មាន​របស់​អញ

18. នោះ​អញ​នឹង​តាំង​រាជ្យ​នៃ​នគរ​ឯង ឲ្យ​ខ្ជាប់‌ខ្ជួន​ឡើង ដូច​ជា​អញ​បាន​តាំង​សញ្ញា​នឹង​ដាវីឌ ជា​ឪពុក​ឯង​ថា នឹង​មិន​ដែល​ខាន​មាន​ពូជ​ឯង​គ្រប់‌គ្រង​លើ​អ៊ីស្រា‌អែល​ឡើយ

សូមអានជំពូកពេញលេញ ២ របាក្សត្រ 7