គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ របាក្សត្រ 7:10-22 ព្រះគម្ពីរបរិសុទ្ធ (KHOV)

10. រួច​ដល់​ថ្ងៃ​ទី​២៣​ខែ​អស្សុជ ទ្រង់​ឲ្យ​ពួក​ជន​វិល​ទៅ​ឯ​ទី​លំនៅ​របស់​គេ​វិញ ដោយ​រីក‌រាយ​សប្បាយ ហើយ​មាន​ចិត្ត​ត្រេក‌អរ ដោយ​ព្រោះ​សេចក្ដី​សប្បុរស ដែល​ព្រះ‌យេហូវ៉ា​បាន​ប្រោស​ដល់​ដាវីឌ ហើយ​ដល់​សាឡូ‌ម៉ូន និង​អ៊ីស្រា‌អែល​ជា​រាស្ត្រ​របស់​ទ្រង់។

11. ដូច្នេះ​សាឡូ‌ម៉ូន​បាន​ស្អាង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា និង​ដំណាក់​ស្តេច​រួច​ជា​ស្រេច ហើយ​របស់​ទាំង​ប៉ុន្មាន​ដែល​សាឡូ‌ម៉ូន​មាន​ព្រះ‌ទ័យ​ចង់​ធ្វើ ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ហើយ​ក្នុង​ដំណាក់​របស់​ទ្រង់ នោះ​ក៏​ធ្វើ​កើត​ទាំង​អស់

12. រួច​មក ព្រះ‌យេហូវ៉ា​ទ្រង់​លេច​មក​ឯ​សាឡូ‌ម៉ូន​នៅ​វេលា​យប់ មាន​ព្រះ‌បន្ទូល​ថា អញ​បាន​ទទួល​សេចក្ដី​អធិ‌ស្ឋាន​របស់​ឯង​ហើយ ក៏​បាន​រើស​ទី​នេះ ទុក​ជា​ទី​សំរាប់​អញ ឲ្យ​បាន​ជា​ទី​ថ្វាយ​យញ្ញ‌បូជា

13. បើ​កាល​ណា​អញ​បិទ​មេឃ​មិន​ឲ្យ​ភ្លៀង​ធ្លាក់​ចុះ ឬ​បើ​អញ​បង្គាប់​កណ្តូប​ឲ្យ​ស៊ី​បំផ្លាញ​ស្រុក ឬ​ឲ្យ​មាន​អាសន្ន‌រោគ​កើត​ឡើង​ក្នុង​ពួក​រាស្ត្រ​អញ

14. នោះ​បើ​រាស្ត្រ​អញ ដែល​បាន​ហៅ​តាម​ឈ្មោះ​អញ ព្រម​ទាំង​ងាក​បែរ​ចេញ​ពី​ផ្លូវ​អាក្រក់​របស់​គេ នោះ​អញ​នឹង​ស្តាប់​ពី​លើ​ស្ថាន​សួគ៌ ហើយ​នឹង​អត់​ទោស​អំពើ​បាប​របស់​គេ ទាំង​មើល​ស្រុក​គេ​ឲ្យ​ជា​ផង

15. ឥឡូវ​នេះ ភ្នែក​អញ​នឹង​នៅ​តែ​បើក ហើយ​ត្រចៀក​អញ នឹង​នៅ​តែ​ផ្ទៀង​ស្តាប់​សេចក្ដី ដែល​គេ​អធិ‌ស្ឋាន​នៅ​ទី​នេះ

16. ដ្បិត​ឥឡូវ​នេះ អញ​បាន​រើស​ព្រះ‌វិហារ​នេះ ហើយ​ញែក​ចេញ​ជា​បរិសុទ្ធ ដើម្បី​ឲ្យ​ឈ្មោះ​អញ​បាន​តាំង​នៅ​ទី​នេះ​ជា​ដរាប​ទៅ ឯ​ភ្នែក និង​ចិត្ត​អញ ក៏​នឹង​នៅ​ទី​នេះ​ជានិច្ច

17. ចំណែក​ឯង បើ‌សិន​ជា​ដើរ​នៅ​មុខ​អញ ដូច​ជា​ដាវីឌ ជា​ឪពុក​ឯង ព្រម​ទាំង​ធ្វើ​តាម​គ្រប់​ទាំង​សេចក្ដី​ដែល​អញ​បាន​បង្គាប់​ឯង ហើយ​រក្សា​បញ្ញត្ត និង​ក្រឹត្យ‌ក្រម​ទាំង​ប៉ុន្មាន​របស់​អញ

18. នោះ​អញ​នឹង​តាំង​រាជ្យ​នៃ​នគរ​ឯង ឲ្យ​ខ្ជាប់‌ខ្ជួន​ឡើង ដូច​ជា​អញ​បាន​តាំង​សញ្ញា​នឹង​ដាវីឌ ជា​ឪពុក​ឯង​ថា នឹង​មិន​ដែល​ខាន​មាន​ពូជ​ឯង​គ្រប់‌គ្រង​លើ​អ៊ីស្រា‌អែល​ឡើយ

19. ប៉ុន្តែ​បើ​ឯង​រាល់​គ្នា​ងាក​បែរ​ចេញ ហើយ​បោះ‌បង់​ចោល​បញ្ញត្ត និង​ក្រឹត្យ‌ក្រម​ទាំង​ប៉ុន្មាន ដែល​អញ​បាន​ដាក់​សំញែង​នៅ​មុខ​ឯង​រាល់​គ្នា ទៅ​គោរព​ប្រតិ‌បត្តិ​ថ្វាយ‌បង្គំ​ដល់​ព្រះ​ដទៃ​វិញ

20. នោះ​អញ​នឹង​រំលើង​គេ ចេញ​ពី​ស្រុក​ដែល​អញ​បាន​ឲ្យ​ដល់​គេ រួច​ព្រះ‌វិហារ​នេះ ដែល​អញ​បាន​ញែក​ជា​បរិសុទ្ធ ទុក​សំរាប់​ឈ្មោះ​អញ នោះ​អញ​នឹង​បោះ‌បង់​ចោល​ពី​ភ្នែក​អញ​ចេញ ឲ្យ​បាន​ត្រឡប់​ជា​ទី​ប្រៀប‌ផ្ទឹម ហើយ​ជា​ទី​ត្មះ‌តិះដៀល នៅ​ក្នុង​សាសន៍​ដទៃ​ទាំង​អស់

21. ហើយ​ព្រះ‌វិហារ​នេះ​ដែល​ខ្ពស់​ទាំង​ម៉្លេះ នោះ​អស់​អ្នក​ណា​ដែល​ដើរ​តាម​នេះ នឹង​មាន​សេចក្ដី​ប្លែក​ក្នុង​ចិត្ត​ថា ហេតុ​អ្វី​បាន​ជា​ព្រះ‌យេហូវ៉ា​ប្រព្រឹត្ត​នឹង​ស្រុក​នេះ ហើយ​នឹង​ព្រះ‌វិហារ​នេះ​យ៉ាង​ដូច្នេះ

22. គេ​នឹង​ឆ្លើយ​ឡើង​ថា គឺ​ដោយ​ព្រោះ​គេ​បាន​បោះ‌បង់​ចោល​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​អយ្យកោ​គេ ដែល​ទ្រង់​បាន​នាំ​គេ​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក ហើយ​បាន​ទៅ​ចាប់​កាន់​តាម​ព្រះ​ដទៃ ព្រម​ទាំង​ថ្វាយ‌បង្គំ ហើយ​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ​ទាំង​នោះ​ផង ហេតុ​នោះ​បាន​ជា​ទ្រង់​បណ្តាល​ឲ្យ​សេចក្ដី​អាក្រក់​ទាំង​នេះ​កើត​ឡើង​ដល់​គេ។

សូមអានជំពូកពេញលេញ ២ របាក្សត្រ 7