គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ របាក្សត្រ 6:7-20 ព្រះគម្ពីរបរិសុទ្ធ (KHOV)

7. ឯ​ដាវីឌ​ជា​បិតា​យើង ទ្រង់​បាន​ប្រាថ្នា​ក្នុង​ព្រះ‌ទ័យ ចង់​ស្អាង​ព្រះ‌វិហារ​សំរាប់​ព្រះ‌នាម​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល​ដែរ

8. តែ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​ដាវីឌ ជា​បិតា​យើង​ថា ដែល​ឯង​បាន​ប្រាថ្នា​នៅ​ក្នុង​ចិត្ត ចង់​ស្អាង​ព្រះ‌វិហារ​សំរាប់​ឈ្មោះ​អញ នោះ​ក៏​ល្អ​ហើយ ដោយ​កើត​មាន​គំនិត​យ៉ាង​ដូច្នោះ

9. ប៉ុន្តែ​ឯង​មិន​ត្រូវ​ស្អាង​ព្រះ‌វិហារ​នោះ​ទេ គឺ​ជា​កូន​ដែល​ឯង​នឹង​បង្កើត​វិញ កូន​នោះ​នឹង​ស្អាង​ព្រះ‌វិហារ សំរាប់​ឈ្មោះ​អញ

10. ដូច្នេះ ព្រះ‌យេហូវ៉ា​ទ្រង់​បាន​សំរេច តាម​ព្រះ‌បន្ទូល​ដែល​ទ្រង់​មាន​ព្រះ‌បន្ទូល​នោះ​ហើយ ដ្បិត​យើង​បាន​កើត​ឡើង​ជំនួស​ដាវីឌ ជា​បិតា ហើយ​ក៏​អង្គុយ​លើ​បល្ល័ង្ក‌រាជ្យ​នៃ​សាសន៍​អ៊ីស្រា‌អែល ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​សន្យា​ទុក ហើយ​យើង​បាន​ស្អាង​ព្រះ‌វិហារ​នេះ សំរាប់​ព្រះ‌នាម​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល

11. យើង​ក៏​បាន​ដាក់​ហឹប ដែល​ក្នុង​ហឹប​នោះ​មាន​សេចក្ដី​សញ្ញា​ផង​ព្រះ‌យេហូវ៉ា ជា​សញ្ញា​ដែល​ទ្រង់​បាន​តាំង​នឹង​ពួក​កូន​ចៅ​អ៊ីស្រា‌អែល។

12. សាឡូ‌ម៉ូន​ទ្រង់​ឈរ​នៅ​ចំពោះ​អាស‌នា នៃ​ព្រះ‌យេហូវ៉ា នៅ​មុខ​ពួក​ជំនុំ​សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់ ក៏​លើក​ព្រះ‌ហស្ត​ប្រទូល​ឡើង

13. (ដ្បិត​ទ្រង់​បាន​ធ្វើ​ទី​ថ្កល់​ពី​លង្ហិន បណ្តោយ​៥​ហត្ថ ទទឹង​៥​ហត្ថ និង​កំពស់​៣​ហត្ថ ដាក់​នៅ​កណ្តាល​ទីលាន ហើយ​ទ្រង់​ឈរ​នៅ​លើ​ទី​នោះ ក៏​លុត​ព្រះ‌ជង្ឃ នៅ​មុខ​ពួក​ជំនុំ​នៃ​សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់ លើក​ព្រះ‌ហស្ត​ប្រទូល​ឡើង​ទៅ​លើ​មេឃ)

14. ទូល​ថា ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល​អើយ គ្មាន​ព្រះ​ឯ​ណា​ឲ្យ​ដូច​ទ្រង់​ឡើយ ទោះ​នៅ​លើ​មេឃ ឬ​នៅ​ផែនដី​ក្តី ទ្រង់​កាន់​តាម​សេចក្ដី​សញ្ញា និង​សេចក្ដី​សប្បុរស​ដល់​ពួក​អ្នក​បំរើ​ទ្រង់ ដែល​ដើរ​នៅ​ចំពោះ​ទ្រង់​ដោយ​ចិត្ត​ស្មោះ‌ត្រង់

15. ទ្រង់​បាន​រក្សា​សេចក្ដី​សន្យា ដែល​ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​នឹង​អ្នក​បំរើ​ទ្រង់ គឺ​នឹង​ដាវីឌ ជា​បិតា​ទូល‌បង្គំ ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​ដោយ​ព្រះ‌ឱស្ឋ​ទ្រង់ ហើយ​សំរេច​សេចក្ដី​នោះ ដោយ​ព្រះ‌ហស្ត​ទ្រង់ ដូច​ជា​មាន​មក​សព្វ​ថ្ងៃ​នេះ

16. ដូច្នេះ ឱ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល​អើយ សូម​ទ្រង់​រក្សា​សេចក្ដី ដែល​ទ្រង់​បាន​សន្យា​នឹង​បិតា​ទូល‌បង្គំ គឺ​នឹង​ដាវីឌ ជា​អ្នក​បំរើ​ទ្រង់​ថា នឹង​មិន​ដែល​ខាន​មាន​ពូជ​ឯង​អង្គុយ​លើ​បល្ល័ង្ក‌រាជ្យ​នៃ​សាសន៍​អ៊ីស្រា‌អែល នៅ​មុខ​អញ​ឡើយ ឲ្យ​តែ​កូន​ចៅ​ឯង​ប្រុង‌ប្រយ័ត្ន​នឹង​ផ្លូវ​ខ្លួន ដើម្បី​នឹង​ដើរ​តាម​ក្រឹត្យ‌វិន័យ​របស់​អញ ដូច​ជា​ឯង​បាន​ដើរ​នៅ​មុខ​អញ​ដែរ

17. ដូច្នេះ ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល​អើយ ឥឡូវ​នេះ សូម​ទ្រង់​បញ្ជាក់​ព្រះ‌បន្ទូល​ដែល​ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​នឹង​ដាវីឌ ជា​អ្នក​បំរើ​ទ្រង់​ចុះ។

18. យី​អើ តើ​ព្រះ​នឹង​គង់​នៅ​ជា​មួយ​នឹង​មនុស្ស នៅ​លើ​ផែនដី​ជា​ប្រាកដ​ឬ មើល ផ្ទៃ​មេឃ និង​អស់​ទាំង​ជាន់​នៃ​ផ្ទៃ​មេឃ មិន​ល្មម​ឲ្យ​ទ្រង់​គង់​ចុះ​ទៅ​ហើយ ចំណង់​បើ​ព្រះ‌វិហារ​ដែល​ទូល‌បង្គំ​បាន​ស្អាង​នេះ តើ​នឹង​ចង្អៀត​អម្បាលម៉ាន​ទៅ​ទៀត

19. ប៉ុន្តែ ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ទូល‌បង្គំ​អើយ សូម​ទ្រង់​ប្រោស​មេត្តា​ទទួល​ពាក្យ ដែល​ទូល‌បង្គំ​ជា​អ្នក​បំរើ​ទ្រង់​អធិ‌ស្ឋាន ហើយ​ទូល​អង្វរ ដើម្បី​នឹង​ស្តាប់​តាម​សំរែក និង​សេចក្ដី​អធិ‌ស្ឋាន ដែល​ទូល‌បង្គំ​ទូល​ដល់​ទ្រង់​ផង

20. ប្រយោជន៍​ឲ្យ​ព្រះ‌នេត្រ​ទ្រង់​បាន​បើក​ទត​មក​ឯ​ព្រះ‌វិហារ​នេះ​ទាំង​យប់​ទាំង​ថ្ងៃ គឺ​ទត​មើល​មក​ទី​កន្លែង​ដែល​ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​ហើយ​ថា ទ្រង់​នឹង​តាំង​ព្រះ‌នាម​ទ្រង់​នៅ​ទី​នោះ ដើម្បី​នឹង​ស្តាប់​សេចក្ដី​អធិ‌ស្ឋាន ដែល​ទូល‌បង្គំ​នឹង​ទូល​ដំរង់​មក​ឯ​ទី​នេះ

សូមអានជំពូកពេញលេញ ២ របាក្សត្រ 6