គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ របាក្សត្រ 6:32-41 ព្រះគម្ពីរបរិសុទ្ធ (KHOV)

32. មួយ​ទៀត​ត្រង់​ឯ​ពួក​សាសន៍​ដទៃ ដែល​មិន​មែន​ជា​ពូជ‌ពង្ស​អ៊ីស្រា‌អែល ជា​រាស្ត្រ​ទ្រង់​ទេ បើ​កាល​ណា​គេ​មក​ពី​ស្រុក​ឆ្ងាយ ដោយ​ព្រោះ​ព្រះ‌នាម​ទ្រង់​ដ៏​ជា​ធំ និង​ព្រះ‌ហស្ត​ដ៏​មាន​ឥទ្ធិ‌ឫទ្ធិ ហើយ​ព្រះ‌ពាហុ​លើក​សំរេច​របស់​ទ្រង់​កាល​ណា​គេ​អធិ‌ស្ឋាន​ដំរង់​មក​ឯ​ព្រះ‌វិហារ​នេះ

33. នោះ​សូម​ទ្រង់​ប្រោស​ស្តាប់​ពី​លើ​ស្ថាន​សួគ៌ គឺ​ពី​ទី​លំនៅ​របស់​ទ្រង់ ហើយ​ធ្វើ​សព្វ​គ្រប់ តាម​សេចក្ដី​ដែល​សាសន៍​ដទៃ នោះ​នឹង​សូម​ដល់​ទ្រង់​ផង ដើម្បី​ឲ្យ​គ្រប់​ទាំង​សាសន៍ នៅ​ផែនដី​បាន​ស្គាល់​ព្រះ‌នាម​ទ្រង់ ហើយ​កោត‌ខ្លាច​ដល់​ទ្រង់​ដូច​ជា​សាសន៍​អ៊ីស្រា‌អែល ជា​រាស្ត្រ​ទ្រង់​ដែរ ហើយ​ឲ្យ​គេ​បាន​ដឹង​ថា ព្រះ‌វិហារ​ដែល​ទូល‌បង្គំ​បាន​ស្អាង​នេះ បាន​ហៅ​តាម​ព្រះ‌នាម​ទ្រង់​ពិត។

34. បើ‌សិន​ជា​រាស្ត្រ​របស់​ទ្រង់​ចេញ​ទៅ ច្បាំង​នឹង​ខ្មាំង​សត្រូវ តាម​ផ្លូវ​ណា​ក៏​ដោយ ដែល​ទ្រង់​នឹង​ចាត់​គេ​ឲ្យ​ទៅ​ហើយ​គេ​អធិ‌ស្ឋាន​ដល់​ទ្រង់ ទាំង​បែរ​មក​ឯ​ទី​ក្រុង​នេះ​ដែល​ទ្រង់​បាន​រើស និង​ព្រះ‌វិហារ​នេះ​ដែល​ទូល‌បង្គំ​បាន​ស្អាង​ថ្វាយ​ដល់​ព្រះ‌នាម​ទ្រង់

35. នោះ​សូម​ទ្រង់​ប្រោស​ស្តាប់ ពី​លើ​ស្ថាន​សួគ៌ ចំពោះ​ពាក្យ​ដែល​គេ​អធិ‌ស្ឋាន ហើយ​ទូល​អង្វរ ព្រម​ទាំង​សំរេច​តាម​សេចក្ដី​ត្រឹម‌ត្រូវ​ឲ្យ​គេ​ផង។

36. បើ​កាល​ណា​គេ​ធ្វើ​បាប​នឹង​ទ្រង់ (ដ្បិត​គ្មាន​មនុស្ស​ឯ​ណា​មួយ​ដែល​មិន​ធ្វើ​បាប​ឡើយ) ហើយ​ទ្រង់​កើត​មាន​សេចក្ដី​ក្រោធ ព្រម​ទាំង​ប្រគល់​គេ​ទៅ​ឲ្យ​ពួក​ខ្មាំង​សត្រូវ ឲ្យ​បាន​ដឹក‌នាំ​ទៅ​ជា​ឈ្លើយ នៅ​ស្រុក​ណា ទោះ​ឆ្ងាយ ឬ​ជិត​ក្តី

37. នោះ​បើ​គេ​នឹក​ចាំ​នៅ​ក្នុង​ស្រុក ដែល​បាន​ដឹក‌នាំ​គេ​ទៅ​ជា​ឈ្លើយ​នោះ ហើយ​បែរ​ត្រឡប់​មក​វិញ ព្រម​ទាំង​ទូល​អង្វរ​ដល់​ទ្រង់​នៅ​ក្នុង​ស្រុក ដែល​គេ​នៅ​ជា​ឈ្លើយ​នោះ​ថា យើង​ខ្ញុំ​បាន​ធ្វើ​បាប ព្រម​ទាំង​ប្រព្រឹត្ត​ក្រវិច‌ក្រវៀន ហើយ​ធ្វើ​ការ​អាក្រក់

38. បើ‌សិន​ជា​គេ​វិល​ត្រឡប់​មក​ឯ​ទ្រង់ អស់​ពី​ចិត្ត អស់​ពី​ព្រលឹង នៅ​ក្នុង​ស្រុក​ដែល​គេ​នៅ​ជា​ឈ្លើយ គឺ​ក្នុង​ស្រុក​ដែល​ខ្មាំង​សត្រូវ​បាន​ដឹក‌នាំ​ទៅ​នោះ ហើយ​គេ​អធិ‌ស្ឋាន​ដំរង់​មក​ឯ​ស្រុក​នេះ ដែល​ទ្រង់​បាន​ប្រទាន​ដល់​ពួក​អយ្យកោ​គេ និង​ទី​ក្រុង​នេះ​ដែល​ទ្រង់​បាន​រើស ហើយ​ព្រះ‌វិហារ​នេះ ដែល​ទូល‌បង្គំ​បាន​ស្អាង​ថ្វាយ​ដល់​ព្រះ‌នាម​ទ្រង់

39. នោះ​សូម​ទ្រង់​ប្រោស​ស្តាប់ ពី​លើ​ស្ថាន​សួគ៌ គឺ​ពី​ទី​លំនៅ​របស់​ទ្រង់ ចំពោះ​ពាក្យ​ដែល​គេ​អធិ‌ស្ឋាន ហើយ​ទូល​អង្វរ ព្រម​ទាំង​សំរេច​សេចក្ដី​ត្រឹម‌ត្រូវ​ឲ្យ​គេ​ផង ហើយ​អត់​ទោស​ដល់​រាស្ត្រ​ទ្រង់ ដែល​បាន​ធ្វើ​បាប​នឹង​ទ្រង់​នោះ។

40. ឥឡូវ​នេះ ឱ​ព្រះ​នៃ​ទូល‌បង្គំ​អើយ សូម​ឲ្យ​ព្រះ‌នេត្រ​ទ្រង់​បាន​នៅ​តែ​បើក ហើយ​ព្រះ‌កាណ៌​ទ្រង់​ផ្ទៀង​ស្តាប់​ជានិច្ច ចំពោះ​សេចក្ដី​ដែល​គេ​អធិ‌ស្ឋាន​នៅ​ទី​នេះ

41. ដូច្នេះ ឱ​ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ​អើយ សូម​ទ្រង់​ឈរ​ឡើង យាង​ចូល​ទៅ​ឯ​ទី​សំរាក​របស់​ទ្រង់​ឥឡូវ ព្រម​ទាំង​ហឹប​របស់​ឥទ្ធា‌នុភាព​របស់​ទ្រង់​ផង ឱ​ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ​អើយ សូម​ឲ្យ​ពួក​សង្ឃ​នៃ​ទ្រង់​បាន​ប្រដាប់​ខ្លួន ដោយ​សេចក្ដី​សង្គ្រោះ ហើយ​ឲ្យ​ពួក​បរិសុទ្ធ​របស់​ទ្រង់​បាន​រីក‌រាយ​សប្បាយ ដោយ​សេចក្ដី​ល្អ

សូមអានជំពូកពេញលេញ ២ របាក្សត្រ 6