គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ របាក្សត្រ 6:1-10 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. ខណៈ​នោះ សាឡូ‌ម៉ូន​ពោល​ថា ព្រះ‌យេហូវ៉ា​ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​ថា ទ្រង់​នឹង​គង់​នៅ​ក្នុង​ងងឹត​យ៉ាង​ក្រាស់

2. តែ​ទូល‌បង្គំ​បាន​ស្អាង​ព្រះ‌វិហារ​នេះ ទុក​ជា​ទី​លំនៅ​ថ្វាយ​ទ្រង់​វិញ គឺ​ជា​កន្លែង​សំរាប់​ឲ្យ​ទ្រង់​គង់​នៅ​អស់​កល្ប‌ជានិច្ច។

3. រួច​ស្តេច​ទ្រង់​បែរ​ព្រះ‌ភក្ត្រ​មក ឲ្យ​ពរ​ដល់​ពួក​ជំនុំ​នៃ​សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា ហើយ​ពួក​ជំនុំ​នៃ​សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់​ក៏​ឈរ​ឡើង

4. នោះ​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា សូម​ឲ្យ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល បាន​ព្រះ‌ពរ ដែល​ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​នឹង​ដាវីឌ ជា​បិតា​យើង ដោយ​ព្រះ‌ឱស្ឋ​ទ្រង់ ហើយ​បាន​សំរេច​សេចក្ដី​នោះ ដោយ‌សារ​ព្រះ‌ហស្ត​ទ្រង់ ដោយ​ព្រះ‌បន្ទូល​ថា

5. ចាប់​តាំង​ពី​ថ្ងៃ​ដែល​អញ​បាន​នាំ​រាស្ត្រ​អញ ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក នោះ​អញ​មិន​បាន​រើស​ទី​ក្រុង​ណា​មួយ ក្នុង​អស់​ទាំង​ពូជ​អំបូរ​សាសន៍​អ៊ីស្រា‌អែល ទុក​ជា​ទី​សំរាប់​ស្អាង​ព្រះ‌វិហារ ឲ្យ​ឈ្មោះ​អញ​បាន​នៅ​ទី​នោះ​ឡើយ ក៏​មិន​បាន​រើស​មនុស្ស​ណា​មួយ ឲ្យ​បាន​ធ្វើ​ជា​ស្តេច​លើ​សាសន៍​អ៊ីស្រា‌អែល ជា​រាស្ត្រ​អញ​ដែរ

6. តែ​ឥឡូវ​នេះ​វិញ អញ​បាន​រើស​ក្រុង​យេរូ‌សាឡិម ដើម្បី​ឲ្យ​ឈ្មោះ​អញ​បាន​នៅ​ទី​នោះ ហើយ​អញ​បាន​រើស​ដាវីឌ​ឲ្យ​បាន​គ្រប់‌គ្រង​លើ​អ៊ីស្រា‌អែល ជា​រាស្ត្រ​អញ

7. ឯ​ដាវីឌ​ជា​បិតា​យើង ទ្រង់​បាន​ប្រាថ្នា​ក្នុង​ព្រះ‌ទ័យ ចង់​ស្អាង​ព្រះ‌វិហារ​សំរាប់​ព្រះ‌នាម​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល​ដែរ

8. តែ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​ដាវីឌ ជា​បិតា​យើង​ថា ដែល​ឯង​បាន​ប្រាថ្នា​នៅ​ក្នុង​ចិត្ត ចង់​ស្អាង​ព្រះ‌វិហារ​សំរាប់​ឈ្មោះ​អញ នោះ​ក៏​ល្អ​ហើយ ដោយ​កើត​មាន​គំនិត​យ៉ាង​ដូច្នោះ

9. ប៉ុន្តែ​ឯង​មិន​ត្រូវ​ស្អាង​ព្រះ‌វិហារ​នោះ​ទេ គឺ​ជា​កូន​ដែល​ឯង​នឹង​បង្កើត​វិញ កូន​នោះ​នឹង​ស្អាង​ព្រះ‌វិហារ សំរាប់​ឈ្មោះ​អញ

10. ដូច្នេះ ព្រះ‌យេហូវ៉ា​ទ្រង់​បាន​សំរេច តាម​ព្រះ‌បន្ទូល​ដែល​ទ្រង់​មាន​ព្រះ‌បន្ទូល​នោះ​ហើយ ដ្បិត​យើង​បាន​កើត​ឡើង​ជំនួស​ដាវីឌ ជា​បិតា ហើយ​ក៏​អង្គុយ​លើ​បល្ល័ង្ក‌រាជ្យ​នៃ​សាសន៍​អ៊ីស្រា‌អែល ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​សន្យា​ទុក ហើយ​យើង​បាន​ស្អាង​ព្រះ‌វិហារ​នេះ សំរាប់​ព្រះ‌នាម​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល

សូមអានជំពូកពេញលេញ ២ របាក្សត្រ 6