គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ របាក្សត្រ 35:2-13 ព្រះគម្ពីរបរិសុទ្ធ (KHOV)

2. ទ្រង់​តាំង​ពួក​សង្ឃ​ឲ្យ​ធ្វើ​ការ‌ងារ​ក្នុង​ដំណែង​គេ ហើយ​ក៏​ណែ‌នាំ​គេ​ឲ្យ​តាំង​ចិត្ត​ធ្វើ​ការ‌ងារ ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា

3. ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​ពួក​លេវី ជា​អ្នក​ដែល​បង្ហាត់​បង្រៀន​ពួក​អ៊ីស្រា‌អែល​ទាំង​ប៉ុន្មាន គឺ​ជា​ពួក​អ្នក​បរិសុទ្ធ​ដល់​ព្រះ‌វិហារ​ថា ចូរ​យក​ហឹប​បរិសុទ្ធ ទៅ​តាំង​នៅ​ក្នុង​ព្រះ‌វិហារ​ដែល​សាឡូ‌ម៉ូន ជា​ព្រះ‌រាជ‌បុត្រា​ដាវីឌ ស្តេច​អ៊ីស្រា‌អែល​បាន​ស្អាង មិន​ចាំ‌បាច់​ឲ្យ​ឯង​រាល់​គ្នា​សែង​ទៀត​ឡើយ ឥឡូវ​នេះ ចូរ​បំរើ​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង​រាល់​គ្នា ហើយ​ដល់​អ៊ីស្រា‌អែល ជា​រាស្ត្រ​ទ្រង់​ផង

4. ចូរ​បំរុង​ខ្លួន​ជា​ស្រេច តាម​វង្ស​នៃ​ឪពុក​ឯង​រាល់​គ្នា ដោយ​វេនៗ ឲ្យ​ត្រូវ​តាម​សេចក្ដី ដែល​ដាវីឌ ជា​ស្តេច​អ៊ីស្រា‌អែល និង​សាឡូ‌ម៉ូន ជា​ព្រះ‌រាជ‌បុត្រា​ទ្រង់​បាន​កត់​ទុក

5. ហើយ​ឈរ​នៅ​ក្នុង​ទី​បរិសុទ្ធ តាម​ផ្នែក​ពួក​វង្ស​របស់​ឪពុក​នៃ​បង​ប្អូន​ឯង​រាល់​គ្នា ដែល​ជា​កូន​ចៅ​នៃ​បណ្តា‌ជន តាម​ដំណែង​ការ‌ងារ​ពួក​វង្ស​របស់​ឪពុក​នីមួយៗ​ក្នុង​ពួក​លេវី

6. រួច​សំឡាប់​ចៀម​សំរាប់​បុណ្យ​រំលង ហើយ​ញែក​ខ្លួន​ចេញ​ជា​បរិសុទ្ធ រួច​មក​រៀប‌ចំ​ឲ្យ​ពួក​បង​ប្អូន​ចុះ ដើម្បី​នឹង​ធ្វើ​តាម​សេចក្ដី ដែល​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​ដោយ‌សារ​លោក​ម៉ូសេ។

7. យ៉ូសៀស​ទ្រង់​ប្រទាន​កូន​ចៀម និង​កូន​ពពែ ពី​ហ្វូង​សត្វ​មាន​ចំនួន​៣​ម៉ឺន និង​គោ​៣​ពាន់ ដែល​សុទ្ធ​តែ​ជា​ព្រះ‌រាជ‌ទ្រព្យ ដល់​ពួក​អ្នក​ក្នុង​បណ្តា‌ជន​ទាំង‌ឡាយ គឺ​ដល់​អស់​អ្នក​ដែល​ប្រជុំ​គ្នា​នៅ​ទី​នោះ សំរាប់​ជា​ដង្វាយ​បុណ្យ​រំលង

8. ឯ​ពួក​អ្នក​ដែល​ជា​ប្រធាន​របស់​ទ្រង់ គេ​ឲ្យ​ដល់​ពួក​ជន ពួក​សង្ឃ និង​ពួក​លេវី​ដោយ​ស្ម័គ្រ​ពី​ចិត្ត​ដែរ ហើយ​ហ៊ីល‌គីយ៉ា សាការី និង​យេហ៊ី‌អែល ជា​ពួក​មេ​លើ​ព្រះ‌វិហារ​នៃ​ព្រះ ក៏​ឲ្យ​ចៀម​២​ពាន់​៦​រយ និង​គោ​៣​រយ ដល់​ពួក​សង្ឃ​សំរាប់​ជា​ដង្វាយ​នៃ​បុណ្យ​រំលង

9. ឯ​កូណានា និង​សេម៉ាយ៉ា ហើយ​នេថា‌នេល ជា​បង​ប្អូន​លោក ព្រម​ទាំង​ហាសាបយ៉ា យីអែល និង​យ៉ូសា‌បាឌ ជា​មេ​ពួក​លេវី គេ​ក៏​ឲ្យ​ចៀម​៥​ពាន់ និង​គោ​៥០០​ដល់​ពួក​លេវី សំរាប់​ជា​ដង្វាយ​បុណ្យ​រំលង​ទៀត។

10. យ៉ាង​នោះ ការ‌ងារ​ទាំង​អស់​បាន​រៀប‌ចំ​ជា​ស្រេច​ពួក​សង្ឃ​គេ​ឈរ​នៅ​កន្លែង​គេ ហើយ​ពួក​លេវី​តាម​វេន​គេ​ដែរ តាម​បង្គាប់​ស្តេច

11. ពួក​លេវី​បាន​សំឡាប់​ចៀម​បុណ្យ​រំលង ហើយ​ពួក​សង្ឃ​ក៏​យក​ឈាម​ពី​ដៃ​គេ​ទៅ​ប្រោះ ពួក​លេវី​ក៏​ពន្លាត់​ស្បែក

12. រួច​គេ​រើ​យក​ដង្វាយ​ទាំង​នោះ ទៅ​ដំរៀប​ដាក់​តាម​ផ្នែក​ពួក​វង្ស​របស់​ឪពុក នៃ​អស់​អ្នក​ក្នុង​បណ្តា‌ជន ដើម្បី​នឹង​ដុត​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា តាម​សេចក្ដី​ដែល​ចែង​ទុក​មក​ក្នុង​គម្ពីរ​លោក​ម៉ូសេ គេ​ក៏​ធ្វើ​ដូច្នោះ​នឹង​គោ​ទាំង​នោះ​ដែរ

13. គេ​អាំង​ដង្វាយ​បុណ្យ​រំលង​តាម​របៀប ហើយ​ស្ងោរ​ដង្វាយ​បរិសុទ្ធ​ទាំង​ប៉ុន្មាន​ក្នុង​ឆ្នាំង ថ្លាង និង​ខ្ទះ រួច​យក​ទៅ​ចែក​ឲ្យ​ដល់​ពួក​អស់​អ្នក ក្នុង​បណ្តា‌ជន​ជា​ប្រញាប់

សូមអានជំពូកពេញលេញ ២ របាក្សត្រ 35