គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ របាក្សត្រ 35:12-26 ព្រះគម្ពីរបរិសុទ្ធ (KHOV)

12. រួច​គេ​រើ​យក​ដង្វាយ​ទាំង​នោះ ទៅ​ដំរៀប​ដាក់​តាម​ផ្នែក​ពួក​វង្ស​របស់​ឪពុក នៃ​អស់​អ្នក​ក្នុង​បណ្តា‌ជន ដើម្បី​នឹង​ដុត​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា តាម​សេចក្ដី​ដែល​ចែង​ទុក​មក​ក្នុង​គម្ពីរ​លោក​ម៉ូសេ គេ​ក៏​ធ្វើ​ដូច្នោះ​នឹង​គោ​ទាំង​នោះ​ដែរ

13. គេ​អាំង​ដង្វាយ​បុណ្យ​រំលង​តាម​របៀប ហើយ​ស្ងោរ​ដង្វាយ​បរិសុទ្ធ​ទាំង​ប៉ុន្មាន​ក្នុង​ឆ្នាំង ថ្លាង និង​ខ្ទះ រួច​យក​ទៅ​ចែក​ឲ្យ​ដល់​ពួក​អស់​អ្នក ក្នុង​បណ្តា‌ជន​ជា​ប្រញាប់

14. ទើប​រៀប‌ចំ​សំរាប់​ខ្លួន​គេ និង​ពួក​សង្ឃ​ជា​ខាង​ក្រោយ ដ្បិត​ពួក​សង្ឃ ជា​កូន​ចៅ​អើរ៉ុន គេ​នៅ​ជាប់​ការ​ថ្វាយ​ដង្វាយ​ដុត និង​ខ្លាញ់​ទាំង​ប៉ុន្មាន ដរាប​ដល់​យប់ បាន​ជា​ពួក​លេវី​រៀប‌ចំ​សំរាប់​ខ្លួន​គេ និង​ពួក​សង្ឃ ជា​កូន​ចៅ​អើរ៉ុន​ដែរ

15. ឯ​ពួក​កូន​ចៅ​អេសាភ ជា​ពួក​អ្នក​ចំរៀង គេ​ក៏​ឈរ​នៅ​កន្លែង​គេ​តាម​បង្គាប់​ដាវីឌ អេសាភ ហេម៉ាន និង​យេឌូថិន ជា​អ្នក​មើល‌ឆុត​របស់​ស្តេច ហើយ​ពួក​ឆ្មាំ​ទ្វារ​ក៏​នៅ​ចាំ​រៀង​រាល់​តែ​ទ្វារ មិន​ចាំ‌បាច់​នឹង​លែង​ធ្វើ​ការ‌ងារ​របស់​គេ​ទេ ដ្បិត​ពួក​លេវី​ជា​បង​ប្អូន​គេ​រៀប‌ចំ​ឲ្យ។

16. ដូច្នេះ ការ‌ងារ​នៃ​ព្រះ‌យេហូវ៉ា​ទាំង​អស់​បាន​រៀប‌ចំ​ជា​ស្រេច​នៅ​ថ្ងៃ​នោះ​ឯង ដើម្បី​នឹង​ធ្វើ​បុណ្យ​រំលង ហើយ​នឹង​ថ្វាយ​ដង្វាយ​ដុត នៅ​លើ​អាស‌នា​ព្រះ‌យេហូវ៉ា តាម​បង្គាប់​ស្តេច​យ៉ូសៀស

17. ឯ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ដែល​នៅ​ទី​នោះ គេ​ក៏​ធ្វើ​បុណ្យ​រំលង​នៅ​វេលា​នោះ ព្រម​ទាំង​បុណ្យ​នំបុ័ង​ឥត​ដំបែ​អស់​៧​ថ្ងៃ

18. មិន​ដែល​មាន​បុណ្យ​រំលង​យ៉ាង​នោះ នៅ​ក្នុង​ស្រុក​អ៊ីស្រា‌អែល​ឡើយ ចាប់​តាំង​ពី​គ្រា​ហោរា​សាំយូ‌អែល​រៀង​មក ក៏​មិន​ដែល​មាន​ស្តេច​នៃ​ពួក​អ៊ីស្រា‌អែល​ណា​មួយ បាន​ធ្វើ​បុណ្យ​រំលង ឲ្យ​ដូច​ជា​បុណ្យ​រំលង ដែល​យ៉ូសៀស ពួក​សង្ឃ ពួក​លេវី ហើយ​ពួក​យូដា និង​ពួក​អ៊ីស្រា‌អែល​ទាំង​អស់​ដែល​បាន​ប្រជុំ​គ្នា ព្រម​ទាំង​ពួក​អ្នក​ដែល​នៅ​ក្រុង​យេរូ‌សាឡិម​បាន​ធ្វើ​នោះ​ដែរ

19. គេ​បាន​ធ្វើ​បុណ្យ​រំលង​នោះ នៅ​ក្នុង​ឆ្នាំ​១៨​នៃ​រាជ្យ​យ៉ូសៀស។

20. ក្រោយ​ការ​ទាំង​នោះ​មក ក្នុង​កាល​ដែល​យ៉ូសៀស​បាន​រៀប‌ចំ​ព្រះ‌វិហារ​ហើយ នោះ​នេកោ ជា​ស្តេច​អេស៊ីព្ទ​ទ្រង់​ឡើង​ទៅ​ច្បាំង​នឹង​ក្រុង​កើកេ‌មីស នៅ​មាត់​ទន្លេ​អ៊ើប្រាត ហើយ​យ៉ូសៀស​ទ្រង់​យាង​ចេញ​ទៅ​ស្ទាក់​ផ្លូវ

21. តែ​នេកោ​ទ្រង់​ចាត់​រាជ‌ទូត​មក​ទូល​ថា ឱ​ស្តេច​យូដា​អើយ តើ​យើង​មាន​រឿង​អ្វី​នឹង​គ្នា នៅ​ថ្ងៃ​នេះ យើង​មិន​មែន​មក​ទាស់​នឹង​ទ្រង់​ទេ គឺ​ទៅ​ទាស់​តែ​នឹង​ពួក​វង្ស​១ ដែល​យើង​មាន​សង្គ្រាម​នឹង​គេ​ទេ​តើ ព្រះ​ក៏​បាន​បង្គាប់​ឲ្យ​យើង​ប្រញាប់​នឹង​ធ្វើ​ដែរ ដូច្នេះ កុំ​ឲ្យ​ឃាត់‌ឃាំង​ព្រះ ដែល​គង់​ជា​មួយ​នឹង​យើង​ឡើយ ក្រែង​ព្រះ​បំផ្លាញ​ទ្រង់​ទៅ

22. ប៉ុន្តែ​យ៉ូសៀស​មិន​ព្រម​ថយ បែរ​ចេញ​ពី​នេកោ​ទេ គឺ​បាន​ក្លែង​ព្រះ‌អង្គ​ដើម្បី​ឲ្យ​បាន​ច្បាំង​នឹង​ទ្រង់​វិញ ឥត​ស្តាប់​តាម​ពាក្យ​របស់​នេកោ ដែល​មក​ពី​ព្រះ‌ឱស្ឋ​នៃ​ព្រះ​ឡើយ ហើយ​យាង​ទៅ​ច្បាំង​នៅ​ត្រង់​ច្រក​ភ្នំ​មេគី‌ដោ

23. ពួក​ពល​ធ្នូ​ក៏​បាញ់​ត្រូវ​ស្តេច​យ៉ូសៀស រួច​ស្តេច​បង្គាប់​ដល់​ពួក​ទ័ព​ទ្រង់​ថា ចូរ​នាំ​យក​អញ​ចេញ​ទៅ ដ្បិត​អញ​ត្រូវ​របួស​ជា​ទំងន់​ណាស់

24. ដូច្នេះ ពួក​ទ័ព​ទ្រង់​ក៏​លើក​យក​ទ្រង់​ចេញ​ពី​ព្រះ‌រាជ‌រថ​ទៅ​ដាក់​លើ​ព្រះ‌រាជ‌រថ​១​ទៀត នាំ​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម ទ្រង់​ក៏​សុគត​ទៅ គេ​បញ្ចុះ​សព​ទ្រង់​នៅ​ក្នុង​ផ្នូរ​របស់​ពួក​អយ្យកោ​ទ្រង់ ឯ​ពួក​យូដា និង​ពួក​ក្រុង​យេរូ‌សាឡិម​ទាំង​អស់​គ្នា​ក៏​កាន់​ទុក្ខ​នឹង​យ៉ូសៀស

25. ឯ​យេរេមា លោក​លើក​បទ​ទំនួញ​ទួញ​ពី​យ៉ូសៀស ហើយ​ពួក​ចំរៀង​ប្រុស​ស្រី​ក៏​ច្រៀង​បទ​ទំនួញ​ពី​យ៉ូសៀស ដរាប​ដល់​សព្វ​ថ្ងៃ​នេះ ក៏​តាំង​ការ​នោះ​ទុក​ជា​ទំលាប់​ក្នុង​ពួក​អ៊ីស្រា‌អែល​ត​ទៅ មើល បទ​ទាំង​នោះ​បាន​កត់​ទុក​ក្នុង​គម្ពីរ​បរិទេវ​ហើយ

26. រីឯ​ដំណើរ​ឯ​ទៀត ពី​យ៉ូសៀស​ដែល​ទ្រង់​ប្រព្រឹត្ត​សេចក្ដី​ល្អ ឲ្យ​ត្រូវ​នឹង​សេចក្ដី​ដែល​កត់​ទុក​ក្នុង​ក្រឹត្យ‌វិន័យ​ព្រះ‌យេហូវ៉ា

សូមអានជំពូកពេញលេញ ២ របាក្សត្រ 35