គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ របាក្សត្រ 28:6-14 ព្រះគម្ពីរបរិសុទ្ធ (KHOV)

6. ដ្បិត​ពេកាជា​បុត្រា​រេម៉ាលា​ទ្រង់​បាន​សំឡាប់​មនុស្ស ដែល​មាន​ចិត្ត​ក្លាហាន នៅ​ស្រុក​យូដា អស់​១​សែន​២​ម៉ឺន​នាក់​ក្នុង​១​ថ្ងៃ ពី​ព្រោះ​គេ​បាន​បោះ‌បង់​ចោល​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​អយ្យកោ

7. ហើយ​ស៊ីកគ្រី ជា​មនុស្ស​ខ្លាំង​ពូកែ ពី​ស្រុក​អេប្រា‌អិម ក៏​សំឡាប់​ម្អាសេយ៉ា ជា​បុត្រា​ស្តេច ហើយ​នឹង​អាស‌រី‌កាម ជា​ឧកញ៉ា​វាំង ព្រម​ទាំង​អែល‌កាណា ជា​ឧបរាជ​ស្តេច​ទៅ​ផង។

8. ពួក​កូន​ចៅ​អ៊ីស្រា‌អែល ក៏​ដឹក‌នាំ​ពួក​បង​ប្អូន​គេ​ទៅ​ជា​ឈ្លើយ​អស់​២​សែន​នាក់ មាន​ទាំង​ស្រីៗ និង​កូន​ប្រុស​កូន​ស្រី​របស់​គេ និង​របឹប​ជា​ច្រើន​ផង ទៅ​ឯ​ក្រុង​សា‌ម៉ា‌រី

9. ប៉ុន្តែ​នៅ​ទី​នោះ​មាន​ហោរា​ម្នាក់​របស់​ព្រះ‌យេហូវ៉ា ឈ្មោះ​អូដេឌ លោក​ចេញ​ទៅ​ជួប​នឹង​ពល‌ទ័ព ដែល​វិល​មក​ឯ​ក្រុង​សា‌ម៉ា‌រី ពោល​ថា មើល ដោយ​ព្រោះ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ពួក​អយ្យកោ​អ្នក​រាល់​គ្នា ទ្រង់​មាន​សេចក្ដី​ក្រោធ​ដល់​ពួក​យូដា បាន​ជា​ទ្រង់​ប្រគល់​គេ​មក​ក្នុង​កណ្តាប់​ដៃ​នៃ​អ្នក​រាល់​គ្នា ហើយ​អ្នក​រាល់​គ្នា​បាន​ប្រហារ​ជីវិត​គេ ដោយ​មោហោ​ចិត្ត ដែល​គរ​ឡើង​ដល់​ផ្ទៃ​មេឃ​ហើយ

10. ឥឡូវ​នេះ អ្នក​រាល់​គ្នា​គិត​បង្ក្រាប​ពួក​កូន​ចៅ​យូដា និង​ពួក​ក្រុង​យេរូ‌សាឡិម ទុក​ជា​បាវ​ប្រុស​បាវ​ស្រី​របស់​អ្នក​រាល់​គ្នា​ទៀត តែ​ឯ​អ្នក​រាល់​គ្នា តើ​មិន​មាន​អំពើ​រំលង​ចំពោះ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា​ដែរ​ទេ​ឬ​អី

11. ដូច្នេះ ចូរ​ស្តាប់​ខ្ញុំ​ឥឡូវ​ចុះ ត្រូវ​បើក​ឲ្យ​ពួក​បង​ប្អូន​របស់​អ្នក​រាល់​គ្នា ដែល​បាន​នាំ​មក​ជា​ឈ្លើយ​នេះ ត្រឡប់​ទៅ​វិញ​ទៅ ដ្បិត​សេចក្ដី​ក្រេវ‌ក្រោធ​ដ៏​សហ័ស​ផង​ព្រះ‌យេហូវ៉ា បាន​គ្រប​លើ​អ្នក​រាល់​គ្នា​ហើយ

12. ដូច្នេះ ពួក​មេ​ខ្លះ​ក្នុង​ពួក​អេប្រា‌អិម គឺ​អ័សារា ជា​កូន​យ៉ូហា‌ណាន បេរេគា ជា​កូន​មស៊ី‌លេម៉ូត យេហ៊ី‌សេគា​ជា​កូន​សាលូម និង​អ័ម៉ាសា ជា​កូន​ហាឌ‌ឡាយ គេ​លើក​គ្នា​ទាស់​នឹង​ពួក​អ្នក​ដែល​មក​ពី​ច្បាំង​នោះ​ថា

13. មិន​ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​នាំ​ពួក​ឈ្លើយ​ចូល​មក​ក្នុង​ស្រុក​នេះ​ទេ ដ្បិត​ឯង​រាល់​គ្នា​គិត​ធ្វើ​ការ ដែល​នឹង​នាំ​ឲ្យ​យើង​មាន​ទោស នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ទាំង​បន្ថែម​ការ​នេះ​មក​លើ​អំពើ​បាប និង​ការ​រំលង​របស់​យើង​រាល់​គ្នា​ទៀត ដ្បិត​ទោស​របស់​យើង​ធ្ងន់​ណាស់​ហើយ ក៏​មាន​សេចក្ដី​ក្រេវ‌ក្រោធ​យ៉ាង​សហ័ស​គ្រប​លើ​ពួក​អ៊ីស្រា‌អែល​ដែរ

14. ដូច្នេះ ពួក​ទាហាន​ក៏​លះ‌បង់​ឈ្លើយ​ទាំង​នោះ និង​របឹប​ចោល​នៅ​មុខ​ពួក​ចៅ‌ហ្វាយ និង​ពួក​ជំនុំ​ទាំង​អស់​គ្នា

សូមអានជំពូកពេញលេញ ២ របាក្សត្រ 28