គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ របាក្សត្រ 28:10-23 ព្រះគម្ពីរបរិសុទ្ធ (KHOV)

10. ឥឡូវ​នេះ អ្នក​រាល់​គ្នា​គិត​បង្ក្រាប​ពួក​កូន​ចៅ​យូដា និង​ពួក​ក្រុង​យេរូ‌សាឡិម ទុក​ជា​បាវ​ប្រុស​បាវ​ស្រី​របស់​អ្នក​រាល់​គ្នា​ទៀត តែ​ឯ​អ្នក​រាល់​គ្នា តើ​មិន​មាន​អំពើ​រំលង​ចំពោះ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា​ដែរ​ទេ​ឬ​អី

11. ដូច្នេះ ចូរ​ស្តាប់​ខ្ញុំ​ឥឡូវ​ចុះ ត្រូវ​បើក​ឲ្យ​ពួក​បង​ប្អូន​របស់​អ្នក​រាល់​គ្នា ដែល​បាន​នាំ​មក​ជា​ឈ្លើយ​នេះ ត្រឡប់​ទៅ​វិញ​ទៅ ដ្បិត​សេចក្ដី​ក្រេវ‌ក្រោធ​ដ៏​សហ័ស​ផង​ព្រះ‌យេហូវ៉ា បាន​គ្រប​លើ​អ្នក​រាល់​គ្នា​ហើយ

12. ដូច្នេះ ពួក​មេ​ខ្លះ​ក្នុង​ពួក​អេប្រា‌អិម គឺ​អ័សារា ជា​កូន​យ៉ូហា‌ណាន បេរេគា ជា​កូន​មស៊ី‌លេម៉ូត យេហ៊ី‌សេគា​ជា​កូន​សាលូម និង​អ័ម៉ាសា ជា​កូន​ហាឌ‌ឡាយ គេ​លើក​គ្នា​ទាស់​នឹង​ពួក​អ្នក​ដែល​មក​ពី​ច្បាំង​នោះ​ថា

13. មិន​ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​នាំ​ពួក​ឈ្លើយ​ចូល​មក​ក្នុង​ស្រុក​នេះ​ទេ ដ្បិត​ឯង​រាល់​គ្នា​គិត​ធ្វើ​ការ ដែល​នឹង​នាំ​ឲ្យ​យើង​មាន​ទោស នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ទាំង​បន្ថែម​ការ​នេះ​មក​លើ​អំពើ​បាប និង​ការ​រំលង​របស់​យើង​រាល់​គ្នា​ទៀត ដ្បិត​ទោស​របស់​យើង​ធ្ងន់​ណាស់​ហើយ ក៏​មាន​សេចក្ដី​ក្រេវ‌ក្រោធ​យ៉ាង​សហ័ស​គ្រប​លើ​ពួក​អ៊ីស្រា‌អែល​ដែរ

14. ដូច្នេះ ពួក​ទាហាន​ក៏​លះ‌បង់​ឈ្លើយ​ទាំង​នោះ និង​របឹប​ចោល​នៅ​មុខ​ពួក​ចៅ‌ហ្វាយ និង​ពួក​ជំនុំ​ទាំង​អស់​គ្នា

15. ឯ​ពួក​អ្នក​ដែល​ចេញ​ឈ្មោះ​ហើយ គេ​ក្រោក​ឡើង​នាំ​ពួក​ឈ្លើយ​មក រួច​រើ​យក​សំលៀក‌បំពាក់​ពី​ក្នុង​របឹប​នោះ ចែក​ដល់​អស់​អ្នក​ណា​ដែល​អាក្រាត ឲ្យ​គេ​ស្លៀក‌ពាក់ ព្រម​ទាំង​ឲ្យ​មាន​ស្បែក​ជើង​ពាក់​ផង រួច​ចែក​អាហារ​ដល់​គេ​ឲ្យ​បរិភោគ ក៏​ចាក់​ប្រេង​លាប​ឲ្យ​ផង ឯ​អស់​អ្នក​ណា​ដែល​មាន​កំឡាំង​តិច នោះ​គេ​បញ្ជិះ​លើ​សត្វ​លា​បញ្ជូន​ត្រឡប់​ទៅ​ឯ​ពួក​បង​ប្អូន​គេ ត្រឹម​ក្រុង​យេរីខូរ ជា​ទី​ក្រុង​ដើម​លម៉ើរ​ទៅ រួច​គេ​វិល​មក​ឯ​ក្រុង​សា‌ម៉ា‌រី​វិញ។

16. នៅ​គ្រា​នោះ ស្តេច​អ័ហាស​ទ្រង់​ចាត់​សារ​ទៅ សូម​ឲ្យ​ពួក​ស្តេច​ស្រុក​អាស‌ស៊ើរ​មក​ជួយ

17. ពី​ព្រោះ​ពួក​អេដំម​បាន​មក​វាយ​ស្រុក​យូដា​ម្តង​ទៀត ព្រម​ទាំង​នាំ​មនុស្ស​ទៅ​ជា​ឈ្លើយ​ផង

18. ឯ​ពួក​ភីលីស្ទីន​គេ​ក៏​បាន​លុក‌លុយ​ចូល​ទី​ក្រុង​ទាំង​ប៉ុន្មាន នៅ​ស្រុក​ទំនាប ហើយ​នឹង​ប៉ែក​ស្រុក​យូដា​ខាង​ត្បូង គេ​វាយ​យក​បាន​ក្រុង​បេត-សេមែស ក្រុង​អាយ៉ា‌ឡូន ក្រុង​កេដេរ៉ូត ក្រុង​សូគរ និង​តំបន់​នៅ​ជុំវិញ​ក្រុង​ធីមណា និង​តំបន់​នៅ​ជុំវិញ ព្រម​ទាំង​ក្រុង​គីមសូរ និង​តំបន់​នៅ​ជុំវិញ​ផង រួច​គេ​ក៏​អាស្រ័យ​នៅ​ទី​ក្រុង​ទាំង​នោះ

19. ដ្បិត​ព្រះ‌យេហូវ៉ា ទ្រង់​បាន​នាំ​ឲ្យ​ពួក​យូដា​បាន​ទាប​ថោក​ដោយ​ព្រោះ​អ័ហាស ស្តេច​សាសន៍​អ៊ីស្រា‌អែល ពី​ព្រោះ​ស្តេច​បាន​នាំ​ឲ្យ​ពួក​យូដា លែង​មាន​សេចក្ដី​ទប់​ចិត្ត​ខ្លាច​បាប ហើយ​បាន​ប្រព្រឹត្ត​រំលង​ល្មើស​យ៉ាង​ធំ ចំពោះ​ព្រះ‌យេហូវ៉ា

20. គ្រា​នោះ ទីកឡាត-ពីលេ‌ស៊ើរ ជា​ស្តេច​ស្រុក​អាស‌ស៊ើរ​ក៏​មក​ឯ​ទ្រង់ តែ​មិន​បាន​ជួយ​ចំរើន​កំឡាំង​ទ្រង់​ទេ គឺ​បាន​ធ្វើ​ឲ្យ​ទ្រង់​មាន​សេចក្ដី​លំបាក​វិញ

21. ដ្បិត​អ័ហាស​បាន​បែង​យក​ចំណែក ពី​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ពី​ព្រះ‌រាជ‌ដំណាក់ ហើយ​ពី​ពួក​ចៅ‌ហ្វាយ ទៅ​ថ្វាយ​ដល់​ស្តេច​អាស‌ស៊ើរ តែ​ការ​នោះ​ក៏​មិន​បាន​ជួយ​ដល់​ទ្រង់​ដែរ។

22. ហើយ​នៅ​គ្រា​ដែល​មាន​សេចក្ដី​ទុក្ខ​វេទនា នោះ​ស្តេច គឺ​អ័ហាស​នេះ​ឯង ទ្រង់​បាន​ប្រព្រឹត្ត​រំលង​នឹង​ព្រះ‌យេហូវ៉ា​ថែម​ទៀត

23. គឺ​ទ្រង់​បាន​ថ្វាយ​យញ្ញ‌បូជា ដល់​អស់​ទាំង​ព្រះ​នៃ​ពួក​ក្រុង​ដាម៉ាស ដែល​គេ​បាន​វាយ​ទ្រង់ ដោយ​នឹក​ថា ដោយ​ព្រោះ​ព្រះ​នៃ​ពួក​ស្តេច​ស៊ីរី​បាន​ជួយ​គេ នោះ​យើង​នឹង​ថ្វាយ​យញ្ញ‌បូជា ដល់​ព្រះ​ទាំង​នោះ​ដែរ ដើម្បី​ឲ្យ​បាន​ជួយ​ខាង​យើង ប៉ុន្តែ​ព្រះ​ទាំង​នោះ​ជា​ហេតុ​នាំ​ឲ្យ​ទ្រង់ និង​ពួក​អ៊ីស្រា‌អែល​ទាំង​អស់​រួញ​ថយ​វិញ

សូមអានជំពូកពេញលេញ ២ របាក្សត្រ 28