គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ របាក្សត្រ 26:14-23 ព្រះគម្ពីរបរិសុទ្ធ (KHOV)

14. អូសៀស​ទ្រង់​ក៏​ចាត់‌ចែង​ធ្វើ​ខែល លំពែង មួក​សឹក និង​អាវ​ក្រោះ ព្រម​ទាំង​ធ្នូ និង​ក្រួស​សំរាប់​បាញ់​ឲ្យ​គេ គឺ​ឲ្យ​ពួក​ពល‌ទ័ព​ទាំង​អស់​នោះ

15. ហើយ​នៅ​ក្រុង​យេរូ‌សាឡិម​ទ្រង់​ក៏​ធ្វើ​យន្ត ដែល​មនុស្ស​ប៉ិន‌ប្រសប់​បាន​បង្កើត​ឡើង​ដាក់​លើ​ប៉ម លើ​កំផែង សំរាប់​បាញ់​ព្រួញ និង​ថ្ម​ធំៗ នោះ​ព្រះ‌នាម​ទ្រង់​ក៏​លាន់​ឮ​ទួទៅ​ឆ្ងាយ ពី​ព្រោះ​ទ្រង់​មាន​សេចក្ដី​ជំនួយ​យ៉ាង​អស្ចារ្យ ដរាប​ដល់​ទ្រង់​មាន​កំឡាំង​ខ្លាំង។

16. កាល​ទ្រង់​មាន​កំឡាំង​ឡើង​ហើយ នោះ​ព្រះ‌ទ័យ​ទ្រង់​ក៏​ប៉ោង​ធំ​ឡើង ត្រឡប់​ជា​ខូច​អស់​ទៅ ទ្រង់​ក៏​ប្រព្រឹត្ត​រំលង​នឹង​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ទ្រង់ ដ្បិត​ទ្រង់​បាន​យាង​ចូល​ទៅ ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ដុត​កំញាន​នៅ​លើ​អាស‌នា​គ្រឿង​ក្រអូប

17. តែ​អ័សារា​ដ៏​ជា​សង្ឃ លោក​ចូល​ទៅ​តាម នាំ​ទាំង​ពួក​សង្ឃ​នៃ​ព្រះ‌យេហូវ៉ា ដែល​សុទ្ធ​តែ​មាន​ចិត្ត​មុត‌មាំ​៨០​នាក់​ទៅ​ជា​មួយ

18. សង្ឃ​ទាំង​នោះ​បាន​ឃាត់​ស្តេច​អូសៀស ដោយ​ពាក្យ​ថា ឱ​ព្រះ‌ករុណា​អូសៀស​អើយ ការ​ដុត​កំញាន​ថ្វាយ​ព្រះ‌យេហូវ៉ា នោះ​មិន​សំរេច​នៅ​ទ្រង់​ទេ គឺ​ជា​ការ‌ងារ​របស់​ពួក​កូន​ចៅ​អើរ៉ុន​ដ៏​ជា​សង្ឃ​ដែល​បាន​ញែក​ជា​បរិសុទ្ធ សំរាប់​នឹង​ដុត​កំញាន​វិញ​ទេ​តើ ចូរ​ចេញ​ពី​ទី​បរិសុទ្ធ​នេះ​ទៅ ពី​ព្រោះ​ទ្រង់​បាន​រំលង​ច្បាប់​ហើយ ការ​នេះ​ក៏​មិន​បាន​រាប់​ជា​កិត្តិ‌នាម​ដល់​ទ្រង់ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ​ដែរ

19. ដូច្នេះ អូសៀស​ក៏​ក្រេវ‌ក្រោធ រីឯ​ព្រះ‌ហស្ត​ទ្រង់​កាន់​ពាន ប្រុង​នឹង​ដុត​កំញាន ហើយ​កំពុង​ដែល​ទ្រង់​ក្រេវ‌ក្រោធ​នឹង​ពួក​សង្ឃ​ដូច្នេះ នោះ​រោគ​ឃ្លង់​ក៏​លេច​ឡើង​ត្រង់​ព្រះ‌នលាដ​ទ្រង់ នៅ​មុខ​ពួក​សង្ឃ​ក្បែរ​អាស‌នា​គ្រឿង​ក្រអូប នៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា

20. អ័សារា ជា​សំដេច​សង្ឃ និង​ពួក​សង្ឃ​ឯ​ទៀត លោក​បាន​ពិនិត្យ​មើល ឃើញ​ទ្រង់​កើត​ឃ្លង់​នៅ​ត្រង់​ព្រះ‌នលាដ​ដូច្នោះ​ហើយ ក៏​ច្រាន​ទ្រង់​ចេញ​ពី​ទី​នោះ​ទៅ​ជា​ប្រញាប់ ឯ​ទ្រង់​ក៏​ប្រញាប់‌ប្រញាល់​នឹង​ចេញ​ទៅ​ដែរ ដោយ​ព្រោះ​ព្រះ‌យេហូវ៉ា​បាន​ដាក់​ទោស​ដល់​ទ្រង់

21. ស្តេច​អូសៀស​ទ្រង់​មាន​រោគ​ឃ្លង់ ដរាប​ដល់​ថ្ងៃ​សុគត ក៏​គង់​នៅ​ក្នុង​រោង​ទី‌ទៃ​ពី​គេ ដោយ​ព្រោះ​កើត​ឃ្លង់ ដ្បិត​ទ្រង់​បាន​ត្រូវ​កាត់‌កាល់​ចេញ​ពី​ព្រះ‌វិហារ​ព្រះ‌យេហូវ៉ា រួច​យ៉ូថាម ជា​ព្រះ‌រាជ‌បុត្រា​ក៏​ត្រួត​លើ​ព្រះ‌រាជ‌វាំង ព្រម​ទាំង​ជំនុំ‌ជំរះ​ពួក​អ្នក​ស្រុក​ផង

22. រីឯ​ដំណើរ​ឯ​ទៀត ពី​អូសៀស​ទាំង​មុន​ទាំង​ក្រោយ នោះ​ហោរា​អេសាយ ជា​កូន​អ័ម៉ូស លោក​បាន​កត់​ទុក​ទាំង​អស់​ហើយ

23. អូសៀស​ទ្រង់​ផ្ទំ​លក់​ទៅ​ជា​មួយ​នឹង​ពួក​អយ្យកោ​ទ្រង់ ហើយ​គេ​បញ្ចុះ​សព​ទ្រង់ នៅ​ទី​បញ្ចុះ​សព​របស់​ពួក​ស្តេច ជា​មួយ​នឹង​ពួក​អយ្យកោ​ទ្រង់​ទៅ ដ្បិត​គេ​ថា ទ្រង់​មាន​រោគ​ឃ្លង់ រួច​យ៉ូថាម ជា​ព្រះ‌រាជ‌បុត្រា ក៏​ឡើង​សោយ‌រាជ្យ​ជំនួស​ព្រះ‌បិតា។

សូមអានជំពូកពេញលេញ ២ របាក្សត្រ 26