គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ របាក្សត្រ 24:15-26 ព្រះគម្ពីរបរិសុទ្ធ (KHOV)

15. តែ​យេហូ‌យ៉ាដា លោក​កាន់​តែ​ចាស់​ទៅ លោក​បាន​ស្កប់​ចិត្ត​នឹង​អាយុ​លោក ហើយ​ក៏​ស្លាប់​ទៅ កាល​លោក​ស្លាប់ នោះ​មាន​អាយុ​១៣០​ឆ្នាំ​ហើយ

16. គេ​បញ្ចុះ​សព​លោក នៅ​ជា​មួយ​នឹង​ពួក​ស្តេច នៅ​ក្នុង​ក្រុង​ដាវីឌ ពី​ព្រោះ​លោក​បាន​ធ្វើ​ល្អ​ក្នុង​សាសន៍​អ៊ីស្រា‌អែល ហើយ​ចំពោះ​ព្រះ និង​ព្រះ‌វិហារ​ទ្រង់​ផង

17. រីឯ​កាល​យេហូ‌យ៉ាដា​បាន​ស្លាប់​ទៅ​ហើយ នោះ​ពួក​ដែល​ជា​ប្រធាន​ក្នុង​ស្រុក​យូដា គេ​ចូល​មក​ក្រាប​ថ្វាយ‌បង្គំ​ដល់​ស្តេច ហើយ​ទ្រង់​ក៏​ស្តាប់​តាម​គេ

18. ដូច្នេះ គេ​បោះ‌បង់​ចោល​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​អយ្យកោ​គេ ទៅ​គោរព​ប្រតិ‌បត្តិ​តាម​រូប​ព្រះ និង​អ្នក‌តា​វិញ ហើយ​មាន​សេចក្ដី​ក្រោធ​មក​លើ​ពួក​យូដា និង​ពួក​ក្រុង​យេរូ‌សាឡិម ដោយ​ព្រោះ​ការ​កំហុស​ដែល​គេ​ប្រព្រឹត្ត​នោះ

19. ប៉ុន្តែ​ទ្រង់​ក៏​ចាត់​ពួក​ហោរា​ទៅ​ឯ​គេ​ដែរ ដើម្បី​នឹង​ទាញ​នាំ​គេ​មក​ឯ​ព្រះ‌យេហូវ៉ា​វិញ ឯ​ពួក​ហោរា​នោះ លោក​ក៏​ចាប់​ទោស​គេ តែ​គេ​មិន​ព្រម​ទទួល​ស្តាប់​ឡើយ។

20. គ្រា​នោះ ព្រះ‌វិញ្ញាណ​នៃ​ព្រះ​ទ្រង់​មក​សណ្ឋិត​លើ​សាការី ជា​កូន​យេហូ‌យ៉ាដា​ដ៏​ជា​សង្ឃ លោក​ឈរ​នៅ​មុខ​បណ្តា‌ជន​ពោល​ថា ព្រះ​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា រំលង​អស់​ទាំង​ក្រឹត្យ‌ក្រម នៃ​ព្រះ‌យេហូវ៉ា ដូច្នេះ ធ្វើ​យ៉ាង​នោះ​មិន​ចំរើន​ទេ គឺ​ដោយ​ព្រោះ​អ្នក​រាល់​គ្នា​បាន​បោះ‌បង់​ចោល​ព្រះ‌យេហូវ៉ា​ចេញ បាន​ជា​ទ្រង់​បោះ‌បង់​ចោល​អ្នក​រាល់​គ្នា​ដែរ

21. តែ​គេ​រួម​គំនិត​គ្នា​គិត​ប្រទូស្ត​នឹង​លោក​វិញ ក៏​ចោល​លោក​នឹង​ថ្ម នៅ​ក្នុង​ទីលាន​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា តាម​បង្គាប់​ស្តេច

22. គឺ​យ៉ាង​នោះ ដែល​ស្តេច​យ៉ូអាស​បាន​រមឹល‌គុណ​របស់​យេហូ‌យ៉ាដា ជា​ឪពុក​សាការី ដែល​លោក​បាន​ផ្តល់​ចំពោះ​ទ្រង់ គឺ​ទ្រង់​បាន​សំឡាប់​កូន​លោក​វិញ កាល​សាការី​ហៀប​នឹង​ស្លាប់​ទៅ​នោះ​ក៏​ពោល​ថា សូម​ឲ្យ​ព្រះ‌យេហូវ៉ា​ទ្រង់​ទត​មើល ហើយ​សំរេច​តាម​យុត្តិ‌ធម៌​ចុះ។

23. ដល់​ចុង​ឆ្នាំ​នោះ​ឯង នោះ​កង‌ទ័ព​សាសន៍​ស៊ីរី គេ​ឡើង​មក​ច្បាំង​នឹង​ទ្រង់ គេ​លុក​ចូល​មក​ក្នុង​ស្រុក​យូដា និង​ក្រុង​យេរូ‌សាឡិម ក៏​បំផ្លាញ​ពួក​ដែល​ជា​ប្រធាន ក្នុង​បណ្តា‌ជន​ទាំង​អស់​ទៅ ហើយ​អស់​ទាំង​របឹប​ដែល​គេ​ចាប់​បាន​នោះ​គេ​ផ្ញើ​ទៅ​ថ្វាយ​ដល់​ស្តេច​ក្រុង​ដាម៉ាស

24. ពួក​ពល‌ទ័ព​ស៊ីរី​បាន​មក​មាន​គ្នា​តែ​បន្តិច​ទេ តែ​ព្រះ‌យេហូវ៉ា​ទ្រង់​ប្រគល់​ពល‌ទ័ព​យ៉ាង​សន្ធឹក ទៅ​ក្នុង​កណ្តាប់​ដៃ​គេ ដោយ​ព្រោះ​ពួក​ខាង​យ៉ូអាស​បាន​បោះ‌បង់​ចោល​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​អយ្យកោ​ខ្លួន​ហើយ គឺ​យ៉ាង​នោះ​ដែល​បាន​សំរេច​ទោស​ដល់​យ៉ូអាស។

25. កាល​ពួក​ស៊ីរី​បាន​ថយ​ចេញ​ពី​ទ្រង់​ទៅ ទុក​ទ្រង់​ឲ្យ​នៅ​ទាំង​ឈឺ​ខ្លាំង នោះ​ពួក​មហា‌តលិក​ទ្រង់​មាន​គំនិត​គិត​ក្បត់​ចំពោះ​ទ្រង់ ដោយ​ព្រោះ​ឈាម​នៃ​កូន​យេហូ‌យ៉ាដា​ដ៏​ជា​សង្ឃ ក៏​ធ្វើ​គត់​ទ្រង់​ដែល​កំពុង​ផ្ទំ​លើ​បន្ទំ​ទី គេ​បញ្ចុះ​សព​ទ្រង់​នៅ​ក្នុង​ក្រុង​ដាវីឌ តែ​មិន​មែន​ក្នុង​ផ្នូរ​របស់​ពួក​ស្តេច​ទេ

26. ឯ​ពួក​អ្នក​ដែល​គិត​ក្បត់​ចំពោះ​ទ្រង់​នោះ គឺ​សាបាឌ ជា​កូន​នាង​ស៊ីមាត សាសន៍​អាំម៉ូន​១ និង​យ៉ូសា‌បាឌ ជា​កូន​នាង​ស៊ីមរីត សាសន៍​ម៉ូអាប់​១

សូមអានជំពូកពេញលេញ ២ របាក្សត្រ 24