គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ របាក្សត្រ 24:1-9 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. កាល​យ៉ូអាស​ទ្រង់​ចាប់​តាំង​សោយ‌រាជ្យ​ឡើង នោះ​មាន​ព្រះ‌ជន្ម​៧​ឆ្នាំ​ហើយ ក៏​សោយ‌រាជ្យ​នៅ​ក្រុង​យេរូ‌សាឡិម​បាន​៤០​ឆ្នាំ ព្រះ‌មាតា​ទ្រង់​ព្រះ‌នាម ជា​ស៊ីបយ៉ា​ជា​អ្នក​ក្រុង​បៀរ-សេបា

2. យ៉ូអាស​ទ្រង់​ប្រព្រឹត្ត​សេចក្ដី​ដ៏​ត្រឹម‌ត្រូវ​នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា គ្រប់​១​ជីវិត​យេហូ‌យ៉ាដា​ដ៏​ជា​សង្ឃ

3. យេហូ‌យ៉ាដា​ក៏​រក​បាន​នាង​២​នាក់​ថ្វាយ​ទ្រង់​ជា​ភរិយា ហើយ​ទ្រង់​បង្កើត​បាន​បុត្រា​បុត្រី។

4. ក្រោយ​នោះ​មក យ៉ូអាស​ទ្រង់​មាន​ព្រះ‌ទ័យ​នឹក​ចង់​ជួស‌ជុល​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា​ឡើង​ដូច​ដើម

5. ទ្រង់​ក៏​ប្រមូល​ពួក​សង្ឃ និង​ពួក​លេវី​មក​បង្គាប់​ថា ចូរ​ចេញ​ទៅ​ឯ​អស់​ទាំង​ទី​ក្រុង​ស្រុក​យូដា រៃ​ប្រាក់​ពី​ពួក​អ៊ីស្រា‌អែល​ទាំង​អស់​រាល់​តែ​ឆ្នាំ ដើម្បី​នឹង​ជួស‌ជុល​ព្រះ‌វិហារ​របស់​ព្រះ​នៃ​អ្នក​រាល់​គ្នា ហើយ​ប្រឹង‌ប្រែង​ឡើង​ផង ប៉ុន្តែ​ពួក​លេវី​មិន​បាន​ប្រឹង‌ប្រែង​ឡើយ

6. ដូច្នេះ ស្តេច​ទ្រង់​ហៅ​យេហូ‌យ៉ាដា​ដ៏​ជា​សំដេច​សង្ឃ​មក​សួរ​ថា ហេតុ​ដូច​ម្តេច​បាន​ជា​លោក​មិន​បង្ខំ ឲ្យ​ពួក​លេវី​ទៅ​ហូត​ពន្ធ​ពី​ពួក​យូដា និង​ពួក​ក្រុង​យេរូ‌សាឡិម​ដូច​ជា​លោក​ម៉ូសេ ជា​អ្នក​បំរើ​របស់​ព្រះ‌យេហូវ៉ា និង​ពួក​ជំនុំ​នៃ​សាសន៍​អ៊ីស្រា‌អែល​បាន​បង្គាប់ ទុក​សំរាប់​ត្រសាល​នៃ​សេចក្ដី​បន្ទាល់​ដូច្នេះ

7. ដ្បិត​ពួក​បុត្រ​របស់​នាង​អ័ថា‌លា ជា​ស្រី​ដ៏​អាក្រក់​នោះ បាន​បំបាក់​បំបែក​ព្រះ‌វិហារ​នៃ​ព្រះ​ហើយ ព្រម​ទាំង​យក​គ្រឿង​ប្រដាប់​បរិសុទ្ធ​ទាំង​ប៉ុន្មាន ដែល​នៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ទៅ​ថ្វាយ​ដល់​ព្រះ‌បាល​វិញ។

8. ដូច្នេះ ស្តេច​ទ្រង់​ចេញ​បង្គាប់ ហើយ​គេ​ក៏​ធ្វើ​ហឹប​១​ដាក់​នៅ​មាត់​ទ្វារ​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា

9. រួច​ប្រកាស​ប្រាប់​នៅ​គ្រប់​ក្នុង​ស្រុក​យូដា និង​នៅ​ក្រុង​យេរូ‌សាឡិម ឲ្យ​គេ​យក​ពន្ធ​មក​ថ្វាយ​ព្រះ‌យេហូវ៉ា ដូច​ជា​លោក​ម៉ូសេ ជា​អ្នក​បំរើ​របស់​ព្រះ បាន​បង្គាប់​ដល់​ពួក​អ៊ីស្រា‌អែល នៅ​ទី​រហោ‌ស្ថាន​ដែរ

សូមអានជំពូកពេញលេញ ២ របាក្សត្រ 24