7. ប៉ុន្តែព្រះយេហូវ៉ាទ្រង់មិនសព្វព្រះហឫទ័យ នឹងបំផ្លាញពួកវង្សរបស់ដាវីឌទេ ដោយព្រោះសេចក្ដីសញ្ញា ដែលទ្រង់បានតាំងនឹងដាវីឌ ហើយដោយព្រោះបានសន្យានឹងទ្រង់ថា នឹងប្រោសប្រទានចង្កៀង១ដល់ទ្រង់ និងពួកកូនចៅទ្រង់ជាដរាបទៅ។
8. នៅក្នុងរាជ្យយ៉ូរ៉ាម នោះសាសន៍អេដំមបានបះបោរដកខ្លួនពីអំណាចសាសន៍យូដាចេញ ហើយគេក៏តាំងឲ្យមានស្តេចគ្រប់គ្រងលើខ្លួនវិញ
9. នោះទ្រង់យាងឆ្លងទៅឯគេ មានទាំងពួកមេទ័ព និងរទេះចំបាំងទាំងប៉ុន្មានរបស់ទ្រង់ផង ទ្រង់ក្រោកឡើងទាំងយប់ទៅវាយពលទ័ព និងពួកមេរទេះចំបាំងរបស់សាសន៍អេដំម ដែលបានមកឡោមព័ទ្ធទ្រង់នោះ
10. ប៉ុន្តែសាសន៍អេដំមបានបះបោរ ដកខ្លួនពីអំណាចសាសន៍យូដា ដរាបដល់សព្វថ្ងៃនេះ គ្រានោះ ពួកក្រុងលិបណា ក៏បះបោរដកខ្លួន ពីក្រោមអំណាចទ្រង់ដែរ ពីព្រោះទ្រង់បានបោះបង់ចោលព្រះយេហូវ៉ា ជាព្រះនៃពួកអយ្យកោទ្រង់
11. មួយទៀតទ្រង់ក៏ធ្វើទីខ្ពស់ នៅភ្នំស្រុកយូដាទាំងប៉ុន្មាន ក៏បានបណ្តាលឲ្យពួកក្រុងយេរូសាឡិមផិតព្រះ ព្រមទាំងប្រទាញនាំពួកយូដាឲ្យវង្វេងដែរ។
12. នោះមានសំបុត្រមកពីហោរាអេលីយ៉ាដល់ទ្រង់ថា ព្រះយេហូវ៉ា ជាព្រះនៃដាវីឌ ព្រះបិតាទ្រង់ បានមានព្រះបន្ទូលថា ដោយព្រោះទ្រង់មិនបានដើរតាមផ្លូវរបស់យ៉ូសាផាត ជាព្រះបិតាទ្រង់ និងផ្លូវរបស់អេសា ជាស្តេចយូដា
13. គឺបានដើរតាមផ្លូវរបស់ពួកស្តេចអ៊ីស្រាអែលវិញ ព្រមទាំងបណ្តាលឲ្យពួកយូដា និងពួកអ្នកនៅក្រុងយេរូសាឡិមផិតព្រះ ដូចជាពួកវង្សរបស់អ័ហាប់ដែរ ហើយដោយព្រោះទ្រង់បានសំឡាប់កនិដ្ឋាទាំងប៉ុន្មាន ជាព្រះវង្សរបស់ព្រះបិតាទ្រង់ ដែលសុទ្ធតែល្អជាងទ្រង់ផង
14. នោះមើល ព្រះយេហូវ៉ាទ្រង់នឹងវាយរាស្ត្រទ្រង់ ដោយសេចក្ដីវេទនាជាខ្លាំងព្រមទាំងពួកបុត្រ និងភរិយាទ្រង់ទាំងប៉ុន្មាន ហើយរបស់ទ្រព្យនៃទ្រង់ផង
15. ឯទ្រង់ នឹងកើតមានជំងឺក្នុងពោះវៀនជាទំងន់ ឈឺរាល់តែថ្ងៃ ដរាបដល់ពោះវៀនធ្លាក់ចេញមកដោយសារជំងឺនោះ។
16. ព្រះយេហូវ៉ាទ្រង់ក៏បណ្តាលចិត្តពួកភីលីស្ទីន និងពួកអារ៉ាប់ ដែលនៅជិតសាសន៍អេធីអូពី ឲ្យគេកំរើកឡើងទាស់នឹងយ៉ូរ៉ាមដែរ
17. គេឡើងសង្ខុញចូលមកក្នុងស្រុកយូដា ប្លន់យកអស់ទាំងរបស់ទ្រព្យដែលឃើញមានក្នុងព្រះរាជដំណាក់ទៅ ព្រមទាំងនាំយកពួកបុត្រ និងភរិយារបស់ទ្រង់ទាំងប៉ុន្មានផង បានជាគ្មានបុត្រណា នៅសល់ដល់ទ្រង់ មានតែអ័ហាស៊ីយ៉ា ជាបុត្រពៅរបស់ទ្រង់ប៉ុណ្ណោះ។
18. ក្រោយការទាំងនោះមក ព្រះយេហូវ៉ាទ្រង់ប្រហារស្តេចឲ្យមានជំងឺក្នុងពោះវៀន ដែលមើលមិនចេះជាឡើយ
19. លុះវេលាកន្លងមកបាន២ឆ្នាំ នោះពោះវៀនទ្រង់ក៏ធ្លាក់ចេញមក ដោយជំងឺនោះ ហើយទ្រង់សុគតទៅ ដោយរោគយ៉ាងអាក្រក់ណាស់ ឯពួករាស្ត្រទ្រង់មិនបានថ្វាយព្រះភ្លើងដល់ទ្រង់ ដូចបានថ្វាយដល់ពួកអយ្យកោទ្រង់ទេ