គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ របាក្សត្រ 18:3-15 ព្រះគម្ពីរបរិសុទ្ធ (KHOV)

3. អ័ហាប់​ជា​ស្តេច​អ៊ីស្រា‌អែល ទ្រង់​ទូល​នឹង​យ៉ូសា‌ផាត ជា​ស្តេច​យូដា​ថា តើ​ទ្រង់​ចង់​ទៅ​ឯ​ក្រុង​រ៉ាម៉ូត-កាឡាត ជា​មួយ​នឹង​ទូល‌បង្គំ​ឬ​ទេ នោះ​ទ្រង់​ទូល​ឆ្លើយ​ថា ទូល‌បង្គំ​ក៏​ដូច​ជា​ទ្រង់ ហើយ​រាស្ត្រ​របស់​ទូល‌បង្គំ ក៏​ដូច​ជា​រាស្ត្រ​របស់​ទ្រង់​ដែរ យើង​រាល់​គ្នា​នឹង​នៅ​ជា​មួយ​នឹង​ទ្រង់ ក្នុង​ចំបាំង​នេះ។

4. តែ​យ៉ូសា‌ផាត​ទូល​ដល់​ស្តេច​អ៊ីស្រា‌អែល​ថា សូម​ទ្រង់​ទូល​សួរ​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ជា​មុន​សិន

5. ដូច្នេះ ស្តេច​អ៊ីស្រា‌អែល​ក៏​ប្រមូល​ពួក​ហោរា បាន​៤០០​នាក់ មក​សួរ​គេ​ថា តើ​ត្រូវ​ឲ្យ​យើង​ចេញ​ទៅ​ច្បាំង នឹង​ក្រុង​រ៉ាម៉ូត-កាឡាត​ឬ​ឈប់​ខាន គេ​ទូល​ឆ្លើយ​ថា សូម​យាង​ឡើង​ទៅ​ចុះ ដ្បិត​ព្រះ​ទ្រង់​នឹង​ប្រគល់​គេ​មក ក្នុង​កណ្តាប់​ព្រះ‌ហស្ត​នៃ​ព្រះ‌ករុណា​ហើយ

6. តែ​យ៉ូសា‌ផាត​សួរ​ថា នៅ​ទី​នេះ​តើ​គ្មាន​ហោរា​ណា​ម្នាក់​របស់​ព្រះ‌យេហូវ៉ា ល្មម​ឲ្យ​យើង​សួរ​ពី​គាត់​ដែរ​ទេ​ឬ​អី

7. ស្តេច​អ៊ីស្រា‌អែល​ទូល​ឆ្លើយ​ថា មាន​ម្នាក់​ទៀត ដែល​ល្មម​ឲ្យ​យើង​ទូល​សួរ​ដល់​ព្រះ‌យេហូវ៉ា​បាន​ដែរ គឺ​មីកាយ៉ា ជា​កូន​យីមឡា តែ​ទូល‌បង្គំ​ស្អប់​វា ដ្បិត​វា​មិន​ដែល​ទាយ​ល្អ​ពី​ទូល‌បង្គំ​សោះ គឺ​ចេះ​តែ​ទាយ​អាក្រក់​ជា​ដរាប​វិញ យ៉ូសា‌ផាត​ទូល​ថា សូម​ទ្រង់​កុំ​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ឡើយ

8. នោះ​ស្តេច​អ៊ីស្រា‌អែល​ទ្រង់​ហៅ​មហា‌តលិក​ម្នាក់​មក​បង្គាប់​ថា ចូរ​ទៅ​នាំ​មីកាយ៉ា ជា​កូន​យីមឡា មក​ជា​ឆាប់ៗ

9. ឯ​ស្តេច​អ៊ីស្រា‌អែល និង​យ៉ូសា‌ផាត ជា​ស្តេច​យូដា ទ្រង់​ព្រះ‌ពស្ត្រ‌រាជ្យ‌គង់​លើ​បល្ល័ង្ក​រៀង​អង្គ ត្រង់​ទី‌ធ្លា​នៅ​ទ្វារ​ក្រុង​សាម៉ារី ហើយ​ពួក​ហោរា​ក៏​ឈរ​ទាយ នៅ​ចំពោះ​ទ្រង់

10. ឯ​សេដេគា ជា​កូន​ក្នាណា គាត់​បាន​ធ្វើ​ស្នែង​ដែក ហើយ​ក៏​ទូល​ថា ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ ព្រះ‌ករុណា​នឹង​ជល់​ពួក​ស៊ីរី ដោយ​ស្នែង​នេះ ដរាប​ដល់​គេ​វិនាស​សូន្យ​ទៅ

11. ហើយ​ពួក​ហោរា​ទាំង​អស់​ក៏​ទាយ​ដូច្នោះ​ដែរ​ថា សូម​យាង​ឡើង​ទៅ​ឯ​រ៉ាម៉ូត-កាឡា ហើយ​មាន​ជ័យ‌ជំនះ​ចុះ ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​ប្រគល់​ក្រុង​នោះ​មក​ក្នុង​កណ្តាប់​ព្រះ‌ហស្ត​នៃ​ព្រះ‌ករុណា​ហើយ។

12. រីឯ​អ្នក​ដែល​ទៅ​ហៅ​មីកាយ៉ា​មក ក៏​ប្រាប់​គាត់​ថា មើល ពួក​ហោរា​ទាំង​អស់​សុទ្ធ​តែ​ទាយ​ល្អ ដល់​ស្តេច​ព្រម​គ្នា ដូច្នេះ សូម​ឲ្យ​ពាក្យ​លោក​បាន​ដូច​ជា​ពាក្យ​របស់​ហោរា​ទាំង​នោះ ដោយ​ពោល​តែ​សេចក្ដី​ល្អ​ដែរ

13. តែ​មីកាយ៉ា​ឆ្លើយ​ថា ខ្ញុំ​ស្បថ​ដោយ​នូវ​ព្រះ‌យេហូវ៉ា ដ៏​មាន​ព្រះ‌ជន្ម​រស់​ថា សេចក្ដី​ណា​ដែល​ព្រះ​នៃ​ខ្ញុំ​ទ្រង់​មាន​ព្រះ‌បន្ទូល​មក នោះ​ខ្ញុំ​នឹង​បញ្ចេញ​តាម​សេចក្ដី​នោះ​ឯង

14. រួច​កាល​បាន​ចូល​ទៅ​គាល់​ស្តេច​ហើយ នោះ​ទ្រង់​មាន​ព្រះ‌បន្ទូល​សួរ​ថា មីកាយ៉ា​អើយ តើ​ត្រូវ​ឲ្យ​យើង​ទៅ​ច្បាំង​នឹង​រ៉ាម៉ូត-កាឡាត ឬ​ឈប់​ខាន គាត់​ទូល​ឡក​ថា សូម​យាង​ទៅ ហើយ​មាន​ជ័យ‌ជំនះ​ចុះ ដ្បិត​ព្រះ​នឹង​ប្រគល់​គេ​មក ក្នុង​កណ្តាប់​ព្រះ‌ហស្ត​នៃ​ព្រះ‌ករុណា​ហើយ

15. រួច​ស្តេច​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា អញ​បាន​ស្តី​ឯង​ប៉ុន្មាន​ដង​ហើយ ឲ្យ​បាន​និយាយ​តែ​សេចក្ដី​ពិត​ប៉ុណ្ណោះ ដោយ​នូវ​ព្រះ‌នាម​ព្រះ‌យេហូវ៉ា

សូមអានជំពូកពេញលេញ ២ របាក្សត្រ 18